គន្លឹះ​មួយ​ចំនួន​សម្រាប់​កត់​សម្គាល់​​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​

Insight Social

​​

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ ដែល​បាន​ដក​ស្រង់​សម្ដី​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ឱ្យ​ដឹង​ថា ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ ១,៧០១​ករណី​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៤​នេះ ដោយ​បាន​កើន​ឡើង ១២​ភាគរយ​បើ​ធៀប​ទៅ​នឹង​តួលេខ​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣។ សម្រាប់​ឆ្នាំ​២០២៣​ទាំង​មូល ក្រសួង​បាន​កត់ត្រា​ព័ត៌មាន​ក្លែង​ក្លាយ​ជាង ៣,០០០​ករណី។

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​ទៀត​របស់​សារព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ សង្គម​ស៊ីវិល​ដែល​ធ្វើការ​ខាង​តស៊ូ​មតិ​ក្នុង​វិស័យ​ព័ត៌មាន បានចោទ​សួរ​អំពី​សុក្រឹត្យ​ភាព និង​របៀប​ដែល​ក្រសួង​ព័ត៌មាន​ចាត់​ថ្នាក់ និង​វាយ​តម្លៃ​ព័ត៌មាន​ក្លែងក្លាយ បន្ទាប់​ពី​ឃើញ​កំណើន​នៃ​តួលេខ​ព័ត៌មាន​ក្លែង​ក្លាយ​ចេញ​ដោយ​ក្រសួង។

កាល​ពី​ចុង​ខែ​កញ្ញា​កន្លង​មក​នេះ អ្នកសារព័ត៌មាន​ឯករាជ្យ លោក ម៉ិច ដារ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ក្រោម​បទ​ចោទ​ “ញុះញង់”​ បន្ទាប់​ពី​លោក​បាន​បង្ហោះ​រូបថត​ចំនួន ២​សន្លឹក ដែល​ត្រូវ​បាន​ស្ថាប័ន​រដ្ឋាភិបាល​ចាត់​ទុក​ជា​​ព័ត៌មាន ​“ក្លែង​ក្លាយ”។

ដោយ​ហេតុ​​នេះ Fact Crescendo សូម​ផ្ដល់​ជូន​នូវ​ខ្លឹមសារ​សង្ខេប​នៃ​ព័ត៌មាន​ក្លែង​ក្លាយ និង​គន្លឹះ​កត់​សម្គាល់​ព័ត៌មាន​ក្លែង​ក្លាយ​សម្រាប់​មហាជន​ទូទៅ​ដូច​ខាង​ក្រោម៖

អ្វី​ទៅ​គឺ​ជា​ព័ត៌មាន​ក្លែងកាយ​

ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ គឺជា​ព័ត៌មាន​ រឿងរ៉ាវ​ ឬ​ការ​បោកបញ្ឆោត​ ដែល​បង្កើត​ឡើង​ក្នុង​ចេតនា​ផ្តល់​ព័ត៌មាន​ខុស​ ឬ​បោក​បញ្ឆោតអ្នកអាន​។ រឿង​ទាំង​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​មាន​ឥទ្ធិពល​លើ​ទស្សនៈ​របស់​អ្នក​ប្រើ​ប្រាស់​នៅ​តាម​បណ្ដាញ​សង្គម​ ឬ​បង្ក​ឱ្យ​មាន​ការ​ភ័ន្តច្រឡំ​ ហើយ​ជា​រឿយៗ​អាចជា​អាជីវកម្ម​រក​ប្រាក់​ចំណេញ​សម្រាប់​អ្នក​ផ្សព្វ​ផ្សាយនៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។

ព័ត៌មាន​ក្លែងក្លាយ អាច​បញ្ឆោត​មនុស្ស​ដោយ​មើល​ទៅ​ដូចជា​គេហទំព័រ​ដែល​គួរឱ្យទុកចិត្ត​ ឬ​ប្រើ​ឈ្មោះ​ស្រដៀង​គ្នា​ និង​អាសយដ្ឋាន​គេហទំព័រ​ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​ល្បី​ឈ្មោះ​។

វិធី​សាស្ត្រ​មួយ​ចំនួន​ដើម្បី​កំណត់​ និង​ទប់ស្កាត់​ការ​ចែក​ចាយ​ព័ត៌មាន​ក្លែងកាយ​

  • ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ទៅ​លើ​ប្រភព​៖ រឿង​ដំបូង​ដែល​អាច​ជួយ​ឱ្យ​យើង​កំណត់​ថា​ ព័ត៌មាន​នោះ​ពិត​ ឬ​ក្លែងក្លាយ ​គឺ​ត្រូវ​មើល​ទៅលើ​ប្រភព​ដើម​។
    • តើ​គេហទំព័រ​ ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​នោះ​មក​ពី​ស្ថាប័ន​ណា​? អ្នក​ណា​អ្នក​សរសេរ​?
    • តើអ​ត្ថបទ​នេះ​សរសេរ​បាន​ល្អ​ដែរ​ឬ​ទេ​? តើ​វា​ទំនង​ជា​ការ​ពិត​ដែរ​ឬ​ទេ​?
    • តើ​ស្ថាប័ន​ព័ត៌មាន​ផ្សេង​ៗផ្សព្វ​ផ្សាយ​អំពី​រឿង​នេះដែរ​ឬ​ទេ​?
  • សង្កេត​ទៅ​លើ​រូប​ភាព​ ឬ​ឈុត​វីដេអូ​​៖ ព័ត៌មាន​ក្លែង​ក្លាយ​ភាគ​ច្រើន​ ប្រើ​រូបភាព​ និង​វីដេអូ​កាត់ត​ ឬ​យក​ចេញ​ពី​គេហទំព័រ​ផ្សេង​ៗ។ ដូច្នេះ​ យើង​​ត្រូវ​ពិនិត្យ​មើល​ឱ្យ​បាន​ល្អិតល្អន់​ទៅ​លើ​រូបភាព​ និង​វីដេអូ​ទាំង​នោះ​ ដើម្បី​ដឹង​ថា​ ​ជា​រូបភាព និង​វីដេអូ​ពិត​ ឬ​ក្លែងក្លាយ​។

ប្រសិន​បើ​យើង​​មិន​ច្បាស់​ថា​ រូប​នោះ​ពិត​ឬ​អត់​ អ្ន​ក​អាច​ប្រើ​កម្មវិធី​ Google Reverse Image Search ដើម្បី​ជា​ជំនួយ​ក្នុង​ការ​កំណត់​។ វា​នឹងប​ង្ហាញប្រាប់​យើង​​ថា​ រូបភាព​ដូច​គ្នា​នេះ​ ត្រូ​វបាន​គេ​ប្រើ​ក្នុង​បរិបទ​ផ្សេង​ដែរ​ឬ​ទេ​។

  • ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​​ភស្ដុតាង​៖ ព័ត៌មាន​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ ជា​ទូទៅ​រួម​បញ្ចូល​នូវ​ព្រឹត្តិការណ៍​ពិត​ជាច្រើន​ ដូចជា​ សម្រង់​ពាក្យ​សម្ដី​អ្នកជំនាញ​ ទិន្នន័យ​ស្ទង់មតិ​ ស្ថិតិ​ផ្លូវកា​រ សាក្សី​ច្បាស់លាស់​ និង​មាន​ការ​បញ្ជាក់​ពីមនុស្សនៅ​កន្លែង​កើត​ហេតុ​។

ប្រសិន​បើ​ព័ត៌មាន​មួយ​មិន​មាន​ចំណុច​ទាំង​នេះ​ យើង​​ត្រូវ​សួរ​ខ្លួន​ឯង​ថា​ ព័ត៌មាន​ដែល​យើង​​កំពុង​អាន​គួរ​ឱ្យ​ទុក​ចិត្ត​ដែរ​ឬ​ទេ​។

  • ធ្វើការ​ស្រាវជ្រាវ​ នៅ​គេហទំព័រ​ផ្សេង​ៗ៖ យើង​អាច​រក​មើល​ថា​ តើ​រឿង​ដែល​យើង​​កំពុង​អាន​នេះ​ មាន​នៅលើ​គេហទំព័រ​ព័ត៌មាន​ផ្សេងៗ​ ដែល​យើង​​អាច​ជឿ​ទុក​ចិត្ត​បាន​ដែរ​ឬ​ទេ​។

ប្រសិន​បើ​យើង​​អាច​រក​ឃើញវា​នៅលើ​គេហទំព័រ​ជា​ច្រើនទៀត​ នោះ​ប្រហែល​ជា​មិនមែន​ព័ត៌មាន​ក្លែងក្លាយឡើយ​ ព្រោះ​មុន​នឹង​ស្ថាប័ន​ធំៗ​ចុះផ្សាយ​ គេ​តែង​ត្រួតពិនិត្យ​ទៅលើ​ប្រភព​យ៉ាង​ល្អិតល្អន់​។

  • ព័ត៌មាន​នោះ​ ស្ដាប់​ទៅ​សម​ហេតុ​ផល​ឬ​អត់​?៖ ចំណុច​ចុង​ក្រោយ​ យើង​​ត្រូវ​ប្រើ​សុភវិនិច្ឆ័យ​របស់​ខ្លួន​ កំណត់​ថា​ តើ​ព័ត៌មាន​នេះ​ ស្ដាប់​ទៅសមហេតុ​សមផល​ ជា​ការ​ពិត​ដែរ​ទេ​?

ជា​ការ​ពិត​ណាស់​ ប្រជាពលរដ្ឋ​គ្រប់​រូប​ ត្រូវ​តែ​យល់ដឹង​ពី​បច្ចេកវិទ្យា​ និង​ការ​វិវត្តន៍​របស់​សង្គម​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ទាំង​អស់​។​ សូម​ចង​ចាំ​ថា​ ព័ត៌មាន​ក្លែងក្លាយ​ ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​បង្កើត​ការភ័យខ្លាច​ ភាព​លំអៀង​ និង​ក្ដី​សង្ឃឹម​ណាមួយ​។

ដូច​គ្នា​នេះ​ តាម​រយៈ​គេហទំព័រ​ UNESDOC Digital Library ក៏​បាន​បង្ហាញ​នូវ​សៀវភៅ​ ដែល​មាន​ចំណង​ជើង​ជា​ភាសា​អង់គ្លេស​ «A guide to counter fake news» ផ្សព្វផ្សាយ​ក្នុង​ឆ្នាំ​២០២៤​នេះ​ ដែល​ជា​សៀវភៅ​​​ណែនាំអំពី​របៀប​ និង​វិធី​ក្នុង​ការ​ទប់​ស្កាត់​ និង​ប្រ​ឆាំង​ព័ត៌មានក្លែងក្លាយ​ផង​ដែរ​។​

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

Avatar

Title:គន្លឹះ​មួយ​ចំនួន​សម្រាប់​កត់​សម្គាល់​​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ព័ត៌មាន​មិន​ត្រឹមត្រូវ

Fact Check By: Kakada Sim 

Result: Insight

Leave a Reply

Your email address will not be published. Required fields are marked *