Fact-Check: ក្រសួង​អប់រំ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​សាលារៀន​​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ទេ

False Social

សាលារៀន​​នៅ​ទូទាំង​ប្រទេស ទាំងសាលា​ឯកជន និង​សាលា​រដ្ឋ ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​ជាច្រើន​ខែ​មក​ហើយ ខណៈ​ដែល​កម្ពុជា​កំពុង​ប្រឈម​មុខ​កាន់​តែ​ខ្លាំង​​ទៅ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​​នៃ​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស។

ទន្ទឹម​គ្នា​នេះ ការ​អះអាង​មួយ​លើ​បណ្ដាញ​សង្គម និយាយ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​ឱ្យ​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា។ ការ​អះ​អាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន​រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ផ្សេងៗ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ការ​ថា ការ​អះ​អាង​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

ទំព័រ​ហ្វេសប៊ុក​​មួយ​ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ បាន​អះ​អាង​ថា ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​អនុញ្ញាត​ឱ្យ​សាលារៀន​នៅ​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ហើយ​សិស្សានុសិស្ស​ក៏​អាច​វិល​ត្រឡប់​ទៅ​សិក្សា​រៀន​សូត្រ​នៅ​សាលារៀន​ជាថ្មី​ផង​ដែរ។

ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​រាប់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ត្រឹម​តែ​រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ រួមជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិកម្ម​រាប់​សិប​ដង​ផង​ដែរ។

រូបភាព​ផ្ដាម​នៃ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នោះ រៀបរាប់​ថា «សេចក្ដី​ជូន​ដំណឹង ក្រសួង​អប់រំ​ យុវជន និង​កីឡា សម្រេច​បើក​សាលា​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១​នេះ​ហើយ…! ត្រៀម​ខ្លួន​សម្រាប់​ការ​ចូល​សិក្សា​នៅ​ក្នុង​សាលា​ជា​ថ្មី…»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​ការ​អះ​អាង​នេះ​តាម​រយៈពិនិត្យ​មើល​សេចក្ដី​ជូន​ដំណឹង និង​ការ​បក​ស្រាយ​​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយសារព័ត៌មាន​នានា​នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០២១។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន ក្រសួង​អប់រំ យុវជន និង​កីឡា ​ពុំ​បាន​ផ្សព្វផ្សាយ​នូវ​សេចក្ដី​ជូន​ដំណឹង​ស្ដី​ពី​ការ​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលា​រៀន​នៅ​ទូទាំង​ប្រទេស​ឡើង​វិញ​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ ទំព័រ​ហ្វេសប៊ុក​ក្រសួង​បាន​ផ្សព្វផ្សាយ​វីដេអូ​នៃ​ការ​បង្រៀន​តាម​ប្រព័ន្ធ​អនឡាញ​សម្រាប់​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ដែល​ជា​ថ្នាក់​ចុង​ក្រោយ​នៃ​កម្រិត​ចំណេះ​ដឹង​ទូទៅ និង​កិច្ច​ប្រជុំ​របស់​ថ្នាក់​ដឹកនាំ​ក្រសួង នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ។

ចំណែក​ឯ​គេហទំព័រ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា យើង​រក​មិន​ឃើញ​នូវ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​សម្រេច​ឱ្យ​បើក​សាលា​រៀន​នៅ​ទូទាំង​ប្រទេស​ឡើង​វិញ​នោះ​ឡើយ។

moeys.gov.kh | Archived Link

ជាង​នេះ​ទៀត លោក ឌី ខាំបូលី អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ច្រាន​ចោល​នូវ​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​នេះ ដោយ​ចាត់​ទុក​ជា​«ព័ត៌មាន​មិន​ពិត» នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP)។

AKP’s report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្រសួង​អប់រំ យុវជន និង​កីឡា មិន​បាន​ជូន​ដំណឹង​អំពី​ការ​សម្រេច​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​សាលារៀន​នៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១​នោះ​ឡើយ។ ក្រសួង​អប់រំ នៅ​តែ​អនុញ្ញាត​ឱ្យ​អនុវត្ត​ការ​បង្រៀន និង​ការ​សិក្សា​រៀន​សូត្រ​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អនឡាញ​ដដែល ដោយសារ​តែ​កម្ពុជា​កំពុង​បន្ត​ប្រឈម​មុខ​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​យ៉ាង​ខ្លាំង​នៅ​ឡើយ។

Avatar

Title:ក្រសួង​អប់រំ​នៅ​មិន​ទាន់​អនុញ្ញាត​ឱ្យ​សាលារៀន​​ទូទាំង​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published. Required fields are marked *