ព្រែកជីក​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ

Misleading Social

ថ្មីៗ​នេះ មាន​ការ​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ថា កម្ពុជា​នឹង​កសាង​ព្រែក​ជីក​ថ្មី​មួយ​ទៀត​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​កាន់​ទន្លេសាប។ ព័ត៌មាន​នេះ ទទួល​បាន​ការ​សាទរ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ចាប់​តាំង​ពី​ចុង​សប្ដាហ៍​មុន​មក មហាជន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​សម្ដែង​មតិ​សាទរ បន្ទាប់​ពី​មាន​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​កសាង​ព្រែកជីក​មួយ​ទៀត​ភ្ជាប់​ពី​ទន្លេ​មេគង្គ​​នៅ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​​ទៅ​កាន់​ទន្លេសាប។

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​រាប់​សិប​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ដោយ​បង្ហាញ​ការ​សាទរ​ និង​ជឿ​ថា ​ដំណឹង​នេះ​ជា​ការពិត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​លកាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រៀបរាប់​ថា “ដំណឹង​រីករាយ!!! ខេត្ត​កំពង់ចាម​នឹង​ស្ថាបនា​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប”។

Facebook Post | Archived Link

បន្ទាប់​មក ទំព័រ​ហ្វេសប៊ុក​ដទៃ​ទៀត​បាន​បង្ហោះ​នូវ​ព័ត៌មាន​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ហើយ​ក៏​ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​រាប់​រយ​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​កម្ពុជា ដែល​ជឿ​ទៅ​តាម​ព័ត៌មាន​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ព័ត៌មាន​ដូច​គ្នា​នេះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ រៀបរាប់​ថា “ដំណឹង​រីករាយ!!! ខេត្ត​កំពង់ចាម​នឹង​ស្ថាបនា​ព្រែកជីក​ត​ភ្ជាប់​ពី​ទន្លេ​មេគង្គទៅ​ទន្លេ​សាប”។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដែល​មាន​ខ្លឹមសារ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​ការ​អះអាង​ខាង​លើ ហើយ​វា​ត្រូវ​បាន​ចែក​ចាយ​ជាច្រើន​ដង​បន្ថែម​ទៀត។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​​ការ​ស្វែង​រក​ការ​បញ្ជាក់​ពី​ប្រភព​ពាក់​ព័ន្ធ​នានា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ផន រឹម បាន​ប្រាប់​ថា ក្រសួង​មិន​មាន​គម្រោង​កសាង​ព្រែក​ជីក​ថ្មីនោះ​ឡើយ ហើយ​លោក​គ្មាន​ព័ត៌មាន​អំពី​គម្រោង​នេះ​ដែរ។

ក្រោយ​ការ​បញ្ជាក់​បែប​នេះ​ពី​ភាគី​ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ Fact Crescendo បាន​ស្វែង​រក​ការ​បញ្ជាក់​ពី​ប្រភព និង​​ស្ថាប័ន​ដទៃ​ទៀត​ដែរ។

ព័ត៌មាន​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដំបូង​គេ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​ឈ្មោះ Chou Rathnavong ដែល​គណនី​របស់​លោក​បង្ហាញ​ថា​ លោក​ជា​មន្ត្រីមួយ​រូប​នៅ​ក្រោម​រដ្ឋបាល​ខេត្ត​កំពង់ចាម។

ឆ្លើយ​តប​មក​កាន់ Fact Crescendo តាម​តេឡេក្រាម លោក ជួន រតនាវង្ស បាន​ឱ្យ​ដឹង​ថា ព័ត៌មាន​និយាយ​ពី​គម្រោង​ព្រែកជីក​ថ្មី​នេះ ត្រូវ​បាន​លោក​ដក​ស្រង់​សម្ដី​របស់​អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា ដែល​បាន​ថ្លែង​ ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា​នៅ​ក្នុង​វត្ត​ទួល​ប្រាសាទ ស្ថិត​ក្នុង​ស្រុក​បាធាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៥។

អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា ក៏​បាន​បញ្ជាក់​ប្រាប់ Fact Crescendo តាម​តេឡេក្រាម​ផង​ដែរ​ថា គម្រោង​ស្ថាបនា​ព្រែកជីក​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​នឹង​ទន្លេ​សាប​នេះ កំពុង​ស្ថិត​នៅ​ក្រោម​ការ​សិក្សា​នៅ​ឡើយ។

អភិបាល​ខេត្ត​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ព្រែក​ជីក​ថ្មី​នេះ​នឹង​ជួយ​បញ្ចៀស​ទឹក​ជំនន់ ជួយគាំ​ទ្រ​ដល់​វិស័យ​កសិកម្ម ផ្ដល់​នូវ​គមនាគមន៍​ផ្លូវ​មួយ​ទៀត និង​ជួយ​ដល់​វិស័យ​ទេសចរណ៍។

លោក អ៊ុន ចាន់ដា បញ្ជាក់​ថា គម្រោង​ព្រែកជីក​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​បើក​ការដ្ឋាន​នៅ​ចុង​ឆ្នាំ​២០២៦ ឬ​ដើម​ឆ្នាំ​២០២៧​ខាង​មុខ ដោយ​សង្ឃឹម​ថា វា​នឹង​ត​ភ្ជាប់​ផ្លូវ​ទឹក​ពី​ទន្លេ​មេគង្គ​នៅ​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពង់ចាម​ទៅ​ភ្ជាប់​នឹង​ទន្លេសាប​ស្ថិត​ក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​កំពង់ឆ្នាំង​នោះ។

អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ស៊ុន សុវណ្ណរិទ្ធិ បញ្ជាក់​ប្រាប់ Fact Crescendo តាម​តេឡេក្រាម​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា ពិត​ជា​មាន​គម្រោង​ស្ថាបនា​ព្រែកជីក​នេះ​មែន ប៉ុន្តែ លោក​ថា វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ដោយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​ឡើយ។

Fact Crescendo បាន​ស្វែង​រក​ព័ត៌មាន​លម្អិត​បន្ថែម​ពី​លោក អ៊ុំ រីណា អ្នក​នាំ​ពាក្យ​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ ប៉ុន្តែ ពុំ​ទាន់​ទទួល​បាន​ការ​បញ្ជាក់​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា បាន​បញ្ជាក់​ថា គ្មាន​គម្រោង​ព្រែក​ជីក​ថ្មី​នេះ ត្រូវ​បាន​ស្នើ​ឡើងទៅ​ ឬ​យក​ទៅ​ពិភាក្សានៅ​​គណៈរដ្ឋ​មន្ត្រី​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ពេល​នេះ។

កម្ពុជាបាន​បើក​ការដ្ឋាន​ស្ថាបនា​​ព្រែក​ជីក​ហ្វូណន​តេជោ​កាល​ពី​ខែ​សីហា ឆ្នាំ​២០២៤​កន្លង។ ព្រែកជីក​មាន​តម្លៃ ១,៧០០​លាន​ដុល្លារ​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ត​ភ្ជាប់​វិស័យ​ដឹក​ជញ្ជូន​កម្ពុជា​ពី​ទន្លេ​មេគង្គ​ទៅ​កាន់​ផ្លូវ​សមុទ្រ​នៅ​ក្នុង​ចម្ងាយ​ ១៨០​គីឡូម៉ែត្រ។

សន្និដ្ឋាន

Fact Crescendo បាន​រក​ឃើញ​ថា ព័ត៌មាន​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ព្រែក​ជីក​ត​ភ្ជាប់​ពី​ទន្លេ​មេគង្គ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ចាម​ទៅ​កាន់​ទន្លេ​សាប ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​នៅ​ឡើយ នៅ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ជា​ផ្លូវការ​ណា​មួយ​ពី​រាជ​រដ្ឋាភិបាល​នៅ​ឡើយ​ទេ។

Avatar

Title:ព្រែកជីក​ត​ភ្ជាប់​ទន្លេ​មេគង្គ​ទៅ​ទន្លេ​សាប​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​នៅ​ឡើយ

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published. Required fields are marked *