វីដេអូ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​​ជូន​ទាហាន

Altered International

កាល​ពី​ដើម​ខែ​មេសា​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy បាន​ប្រគល់​គ្រឿង​ឥស្សរិយ​យស​ដល់​ទាហាន និង​គ្រួសារ​ទាហាន​ដែល​បាន​ពលី​នៅ​លើ​សមរភូមិ។ ជាង​មួយ​សប្ដាហ៍​ក្រោយ​មក វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ទាហាន​កាន់​ឈើ​ច្រត់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​នោះ ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម បាន​កោត​សរសើរ​ទង្វើ​របស់​លោក Zelenskyy ក្រោ​យពី​បាន​ឃើញ​វីដេអូ​ឃ្លីប​នេះ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា វីដេអូ​នេះ ត្រូវ​បាន​កាត់​ត។

ការអះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​ទាហាន​ពិការ​មួយ​រូប​លុត​ជង្គង់​នៅ​ចំពោះ​មុខ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​មុខ​ទាហាន​ដែល​បាន​ពលី​ជីវិត និង​បាត់​បង់​កាយ​សម្បទា ដើម្បី​ការពារ​ទឹក​ដី។

វីដេអូ​ឃ្លីប​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជាង ១,៥០០​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ដែល​ជឿ​ថា វីដេអូ​នេះ​គឺ​ជា​ការពិត។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​រៀបរាប់​ថា “រំជួល​ចិត្ត​ណាស់៖ មេដឹកនាំ​ល្អ ​មាន​គុណធម៌ គួរ​ឱ្យ​គោរព លុត​ជង្គង់​ចំពោះ​មុខ​មហាជន ជាតិ​សាសន៍​ខ្លួន​ឯង គោរព​ទាហ៊ាន​ពលី​ជីវិត បាត់បង់​កាយ​សម្បទា ដើម្បី​ជាតិ​ទឹកដី!”។

Facebook Post | Archived Link

វីដេអូ​ឃ្លីប​នេះ ក៏​ត្រូវ​បាន​បង្ហោះ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដូច​គ្នា​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជិត ១០០​ដង។

Facebook Post | Archived Link

ក្រៅ​ពី​ការ​អះអាង​ជា​ភាសា​ខ្មែរ​ហើយ​នោះ វីដេអូ​ដូច​គ្នា​នេះ​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជា​ភាសា​អង់គ្លេស​ផង​ដែរ​កាល​ពីជាង​មួយ​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បង្ហាញ​ថា វីដេអូ​នេះគឺ​ជា​ការ​បំពាក់​គ្រឿង​ឥស្សរិយ​យស​កង​ទ័ព​ទៅ​ដល់​វីរជន។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ជា​ភាសា​អង់គ្លេស​ថា “President Zelenskyi gives military award to the hero” ហើយ​ត្រូវ​បាន​ចែក​ចាយ​បន្ត​រហូត​ដល់​ជាង ៥,០០​០​ដង។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​បញ្ចេញ​មតិ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា ពួកគេ​ជឿ​ថា វីដេអូ​នេះ​គឺ​ជា​ការពិត។

វីដេអូ​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដទៃ​ទៀត​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ ដូចជា បណ្ដាញ​សង្គម X (អតីត Twitter)។

ខាង​ក្រោម​នេះ គឺ​វីដេអូ​ឃ្លីប​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម X ​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ឆ្នាំ​២០២៥ ជាមួយ​សំណេរ​ជា​ភាសារុស្ស៊ី​ដែល​មាន​ន័យ​ថា មេដឹកនាំ​អ៊ុយក្រែន​ប្រគល់​រង្វាន់​ដល់​វីរជន​កង​ទ័ព។

X Clip | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ការ​អះអាង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​ជួយ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

Google Reverse Image Search បាន​នាំ​ទៅ​រក​ឃើញ​វីដេអូ​ដើម និង​ព័ត៌មាន​លម្អិត​អំពី​វីដេអូ​នេះ ដែល​ត្រូវ​បាន​បញ្ជាក់​ដោយ​ប្រភព​មួយ​ចំនួន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ផង​ដែរ។

នៅ​លើ​គណនី​បណ្ដាញ​សង្គម​ X របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា អ្នកសារព័ត៌មាន​អ៊ុយក្រែន លោក Anatolij Sharij បាន​បញ្ជាក់​​ថា វីដេអូ​នេះ​ដែល​ត្រូវ​បាន​ចែក​ចាយ​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​នោះ មិនមែន​ជា​ហេតុការណ៍​ពិត​ប្រាកដ​នោះ​ឡើយ។

​ជា​អ្នក​នយោបាយ​ជំទាស់​មួយ​រូប លោក Anatolij Sharij បាន​បញ្ជាក់​បន្ថែម​ថា វីដេអូ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត​តែ​ប៉ុណ្ណោះ ប៉ុន្តែ លោក​ថា វា​បាន​ធ្វើ​ឱ្យ​មហាជន​ភាន់​ច្រឡំ​យ៉ាង​ច្រើន ដែល​នាំ​ឱ្យ​ពួកគេ​ចែក​ចាយ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​គណនី​បណ្ដាញ​សង្គម X របស់​លោក Anatolij Sharij កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា ដែល​សរសេរ​រៀបរាប់​ថា វីដេអូ​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត ឬ AI នេះ បង្ហាញ​លោក Zelenskyy លុត​ជង្គង់​ចុះ។

X Tweet | Archived Link

ដោយ​ពិនិត្យ​លម្អិត​ទៅ​លើ​វីដេអូ​ឃ្លីប​មាន​រយៈ​ពេល ៦​វិនាទី​នេះ គេ​អាច​កត់​សម្គាល់ និង​មើល​ឃើញ​ចំណុច​មិន​ប្រក្រតី​មួយ​ចំនួន​កើត​ឡើង​ ដូចជា រូបភាព​មនុស្ស​ព្រាលៗ​ដែល​មិន​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​នូវ​ភ្នែក មាត់ និង​ត្រចៀក​ជាដើម។

ចំណុច​មិន​ប្រក្រតី​មួយ​ទៀត​នោះ គឺ​ទាហាន​កាន់​ឈើ​ច្រត់ដែល​បាន​ទម្លាក់​ខ្លួន​ចុះ​ដើម្បី​លុត​ជង្គង់ ប៉ុន្តែ មិន​បាន​ដោះ​ដៃ​ចេញ​ពី​ឈើ​ច្រត់​នោះ​ឡើយ។

អ្វី​ដែល​រឹត​តែ​ច្បាស់​នោះ គឺ​សញ្ញា​សម្គាល់​នៅ​លើ​វីដអូ​នោះ​សរសេរ “MINIMAX Hailuo AI”។ Hailuo AI ជា​កម្មវិធី​បញ្ញា​សិប្បនិម្មិត​របស់​ក្រុមហ៊ុន MINIMAX ដែល​ផ្ដោត​ទៅ​លើ​ការផលិត​វីដេអូ​តាម​រយៈ​សំណើរ​ជា​អក្សរ។

បើ​តាម​គេហទំព័រ​ផ្លូវការ​របស់​ប្រធានាធិបតី​អ៊ុយក្រែន មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​ប្រគល់​គ្រឿង​ឥស្សរិយ​យស​ “វីរបុរស” ដល់​កង​ទ័ព​​ចំនួន ២៨​រូបក្នុង​នោះមាន​ទាំង​ទាហាន​ពលី​ផង​ដែរ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥។ (Source)

វីដេអូ​នៃ​ពិធិ​ប្រគល់​គ្រឿង​ឥស្សរិយ​យស​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈនៅ​លើ​គេហទំព័រ​ប្រធានាធិបតី​អ៊ុយក្រែន​ផង​ដែរ ហើយ​គេ​អាច​មើល​នៅ​លើ​បណ្ដាញ YouTube បាន​ដែរ។

ដោយ​ប្រៀប​ធៀប​ទៅ​នឹង​វីដេអូ​ផ្លូវការ វា​បង្ហាញ​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក Zelenskyy មិន​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​មុខ​ទាហាន​កាន់​ឈើ​ច្រត់​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ច្បាប់​ដើម​នៃ​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​ដោយ​លោក Zelenskyy ទៅ​ដល់​ទាហានអ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២៥។

Source Link | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​រវាង​រូបភាព​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្បនិម្មិត (AI) និង​រូបថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​គេហទំព័រ​ប្រធានាធិបតី​អ៊ុយក្រែន។

Follow Us and Stay Up to Date with Our Latest Fact-Checks

Facebook | Twitter | Telegram | TikTok | WhatsApp | Instagram

សន្និដ្ឋាន

Fact Crescendo រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ដែល​បង្ហាញ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy លុត​ជង្គង់​នៅ​មុខ​ទាហាន​កាន់​ឈើ​ច្រត់​អំឡុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​នោះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កម្មវិធី​បញ្ញា​សិប្ប​និម្មិត (AI)តែ​ប៉ុណ្ណោះ។ វីដេអូ​ច្បាប់​ដើម​ដែល​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​ផ្លូវការ​របស់​ប្រធានាធិបតី​អ៊ុយក្រែន មិន​បាន​បង្ហាញ​លោក Zelenskyy លុត​ជង្គង់​នៅ​ចំពោះ​មុខ​ទាហាន​កាន់​ឈើ​ច្រត់​នោះ​ឡើយ។

Avatar

Title:វីដេអូ AI បង្ហាញ​លោក Zelenskyy លុត​ជង្គង់​ក្នុង​ពិធី​ប្រគល់​គ្រឿង​ឥស្សរិយ​យស​​ជូន​ទាហាន

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *