ក្រោយពីមានគ្រោះរញ្ជួយដីបានកើតឡើងនៅមីយ៉ាន់ម៉ា និងថៃកាលពីចុងខែមីនាកន្លងមក វីដេអូឃ្លីបជាច្រើន ត្រូវបានបង្ហោះព្រោងព្រាតនៅលើបណ្ដាញសង្គម។ ក្នុងនោះ វីដេអូឃ្លីបមួយដែលបង្ហាញមនុស្សជាច្រើននាក់បានរត់គេចចេញពីការរលំបាក់អគារ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមភ្ជាប់ជាមួយការអះអាងថា វាជាហេតុការណ៍រញ្ជួយដីនៅឈៀងម៉ៃកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។ វីដេអូជាមួយការអះអាងបែបនេះ ត្រូវបានចែកចាយ និងប្រតិកម្មជាច្រើនដងនៅលើបណ្ដាញសង្គមកម្ពុជា។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា ការអះអាងនេះ មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
វីដេអូឃ្លីបមួយដែលបង្ហាញការបាក់រលំអគារ និងមនុស្សជាច្រើនបានរត់គេចខ្លួន ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយការអះអាងថា នេះគឺជាទិដ្ឋភាពរញ្ជួយដីនៅខេត្តឈៀងម៉ៃ ប្រទេសថៃកាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ។
វីដេអូជាមួយសំណេរបែបនេះ ត្រូវបានចែកចាយយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកនិយាយភាសាខ្មែរជាច្រើន។
ខាងក្រោម គឺជាវីដេអូឃ្លីប ផ្ដាមចេញពីការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ជាមួយសំណេររៀបរាប់ថា «រញ្ជួយដីនៅថៃ ខាងឈៀងម៉ៃ»។
វីដេអូឃ្លីបនេះ ក៏ត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយអ្នកប្រើប្រាស់ដទៃទៀតផងដែរ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
ខាងក្រោមនេះ គឺជាវីដេអូដូចគ្នាដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥។
ខាងក្រោម គឺជាវីដេអូឃ្លីបមួយផ្សេងទៀត ផ្ដាមចេញពីការបង្ហោះវីដេអូនេះ នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗ ជាមួយសំណេររៀបរាប់ថា “ប្រទេសថៃរញ្ជួយដីទៀតហើយ ២១ មេសា ២០២៥”។
វីដេអូឃ្លីបភ្ជាប់ទៅនឹងការអះអាងដូចគ្នា ក៏ត្រូវបានរកឃើញ និងផ្សព្វផ្សាយផងដែរ នៅលើគេហទំព័រវីដេអូ YouTube កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅ។
ការត្រួតពិនិត្យការពិត
Fact Crescendo បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើ តាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោម។
Google Reverse Image Search បាននាំទៅរកឃើញវីដេអូដើម និងព័ត៌មានលម្អិតអំពីវីដេអូនេះ។ វីដេអូឃ្លីបដែលបង្ហាញមនុស្សជាច្រើននាក់រត់គេចពីការរលំអគារ ត្រូវបានរកឃើញ និងបង្ហោះនៅលើបណ្ដាញសង្គម TikTok កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
អ្នកប្រើប្រាស់ខាងលើ បានបញ្ជាក់ថា វាគឺជាហេតុការណ៍បាក់រលំអគារនៅម្ដុំ Chatuchak មានទីតាំងស្ថិតនៅក្នុងក្រុងបាងកក ប្រទេសថៃ ដែលនេះមិនមែនជាហេតុការណ៍ថ្មីៗនៅខេត្តឈៀងម៉ៃនោះឡើយ។
វីដេអូឃ្លីប បង្ហាញទិដ្ឋភាពស្រដៀងគ្នា ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម TikTok មួយផ្សេងទៀតផងដែរ កាលពីចុងខែមីនា កន្លងទៅ ដែលបានបញ្ជាក់សំណេរជាភាសាថៃថា «ถ่ายเองกับมือ เห็นกับตา ระทึกสุด แผนดินไหว กทม ตึกถล่ม จตุจักร #แผ่นดินไหวกรุงเทพ» ឬប្រែសម្រួលជាភាសាខ្មែរថា «ថតដោយផ្ទាល់ដៃ រន្ធត់ណាស់ រញ្ជួយដីនៅក្រុងបាងកក បាក់រលំអគារក្បែរ Chatuchak #BangkokEarthquake»។
សំណង់អគារកម្ពស់ ៣០ជាន់មួយកន្លែងសម្រាប់ការិយាល័យសវនកម្មនៅក្នុងទីក្រុងបាងកក បានបាក់ដួលរលំទាំងស្រុង ហើយបានធ្វើឱ្យកម្មករជាច្រើននាក់ បានបាត់បង់ជីវិត និងជាប់នៅក្នុងគំនរបាក់បែក ក្រោយពីមានការរញ្ជួយដីមួយ ដែលរាលដាលមកពីការរញ្ជួយដីនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ខាងក្រោម គឺជារូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន The Straits Times បង្ហាញទិដ្ឋភាពគំនរអគារ ដែលបានដួលរលំ ក្រោយពីមានការរញ្ជួយ។
The Straits Times | Archived Link
ក្រុមការងារ Fact Crescendo រកឃើញដែរថា មិនមានរបាយការណ៍ណាមួយអំពីការដួលរលំអគារនៅក្នុងខេត្តឈៀងម៉ៃ ក្នុងអំឡុងពេលការរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា ឬពេលថ្មីៗនោះឡើយ។
បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Nation បណ្ដាខេត្តភាគខាងជើងប្រទេសថៃ ដែលមានព្រំប្រទល់នឹងប្រទេសមីយ៉ាន់ម៉ា មានការរងការប៉ះពាល់ និងរំញ័ររញ្ជួយដីកម្រិតស្រាលប៉ុណ្ណោះចំនួន ១៥លើកផងដែរ ដែលត្រូវបានចេញផ្សាយកាលពីថ្មីៗនេះ។
The Nation News Report | Archived Link
ការអះអាងមិនត្រឹមត្រូវទាក់ទងទៅនឹងគ្រោះរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃនេះ ក្រុមការងារ Fact Crescendo បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការទប់ស្កាត់ការចែកចាយព័ត៌មានមិនត្រឹមត្រូវ ឬការបោកបញ្ឆោតជាច្រើននៅលើបណ្ដាញសង្គម។ ខាងក្រោមនេះ គឺជាអត្ថបទដែលចេញផ្សាយដោយស្ថាប័ន Fact Crescendo៖
- ការអះអាងមិនត្រឹមត្រូវថា ជនជាតិថៃរត់ចែកជើងគ្នាដោយសាររញ្ជួយដីថ្មីកើតចំថ្ងៃចូលឆ្នាំថ្មី
- ឃ្លីប AI ត្រូវបានគេចែកចាយព្រោងព្រាតថា ជាមហន្តរាយក្រោយរញ្ជួយដីនៅភូមា
- រូបថត និងវីដេអូករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានអះអាងថាជាជនរងគ្រោះរញ្ជួយដីនៅថៃ
- ព័ត៌មានមិនត្រឹមត្រូវថា រូបភាពផែនដីប្រេះបែកជាពីរជាគ្រោះរញ្ជួយដីនៅភូមា
- ការអះអាងមិនត្រឹមត្រូវថា ព្រះសង្ឃ និងពុទ្ធបរិស័ទភូមាធ្វើសមាធិជាជនរងគ្រោះរញ្ជួយដីថ្មីៗ
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook | Twitter | Telegram | Google News | TikTok | WhatsApp
សន្និដ្ឋានFact Crescendo រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើ មិនត្រឹមត្រូវនោះទេ។ វីដេអូឃ្លីបនេះ គឺជាហេតុការណ៍បាក់រលំនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ជាន់ក្នុងទីក្រុងបាងកក បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងនៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅ មិនមែនជាហេតុការណ៍ថ្មីៗនៅខេត្តឈៀងម៉ៃនោះឡើយ។

Title:វីដេអូអគារបាក់រលំនៅបាងកក ត្រូវបានភ្ជាប់មិនត្រឹមត្រូវថាកើតឡើងនៅខេត្តឈៀងម៉ៃ
Written By: Kakada SimResult: Misleading