តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​មុន​យន្តហោះ​ចិន​មួយ​គ្រឿង​ធ្លាក់​បុក​ដី​មែន​ឬទេ?

International Misleading

កាល​ពី​សប្ដាហ៍​មុន យន្តហោះ​ដឹក​អ្នក​ដំណើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airline បាន​ធ្លាក់​បុក​ដី​នៅ​តំបន់​ព្រៃ​ភ្នំ​ក្នុង​ខេត្ត​ក្វាងចូវ ដោយ​បាន​សម្លាប់​មនុស្ស​ទាំង​អស់ ១៣២​នាក់​នៅ​លើ​យន្តហោះ​នោះ។ មួយ​ថ្ងៃ​ក្រោយ​ហេតុការណ៍​នេះ​កើត​ឡើង វីដេអូ​ឃ្លីប​មួយ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ជា​ហេតុការណ៍​មុន​យន្តហោះ​ចិន​ធ្លាក់។ វីដេអូ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​មើលដល់​ទៅ​ជាង ១​លាន ២​សែន​ដង រួម​ជាមួយ​ការ​បញ្ចេញ​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ផ្ទៀង​ផ្ទាត់​រួច យើង​រក​ឃើញ​ថា វីដេអូ​ឃ្លីប​នេះ មិន​មែន​ជា​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចិន​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​មុន វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​នូវ​ភាព​ច្របូក​ច្របល់​នៅ​លើ​យន្តហោះ​មួយ​គ្រឿង ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​អះ​អាង​ថា ជា​ទិដ្ឋភាព​នៅ​មុន​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាស​ចរណ៍​ចិន​បាន​ធ្លាក់​កាល​ពី​សប្ដាហ៍​មុន។

វីដេអូ​មាន​រយៈ​ពេល​ជាង ១​នាទី​កន្លះ​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​បញ្ចេញ​មតិ​រាប់​រយ​ដង និង​ចូល​ទស្សនា​ដល់​ទៅ​ជាង ១​លាន ២​សែន​ដង។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​នោះ​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០២២ ជាមួយ​ការ​រៀបរាប់​ថា «សកម្មភាព​មុន​ពេល​ធ្លាក់​យន្តហោះ»។

FACEBOOK POST | ARCHIVED LINK

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​វីដេអូ ការ​ដំណើរការ​ស្វែង​រក​វីដេអូ​ដើម​តាម​រយៈ Google Reverse Image Search និង​ពាក្យ​គន្លឹះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​នេះ ត្រូវ​បាន​ផ្គុំ​ចូល​គ្នា​ដោយ​វីដេអូ​​ចំនួន ៣ នៃ​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ ឬ​បញ្ហា​អាសន្ន​កើត​ឡើ​នៅ​ក្នុង​យន្តហោះ​នា​ពេល​កន្លង​មក។

តាម​រយៈ​ការ​ពិនិត្យ​យ៉ាង​ល្អិត​ល្អន់​ទៅ​លើ​វីដេអូ​ឃ្លីប​នេះ យើង​បាន​រក​ឃើញអក្សរ Jetstar A320-200 ស្ថិត​នៅ​ខាង​ក្រោយ​កៅអី​អ្នក​ដំណើរ​នៅ​លើ​យន្តហោះ​មួយ​នេះ ដែល​អាច​ឱ្យ​យើង​ដឹង​បាន​ថា យន្តហោះ​មួយ​គ្រឿង​នេះ គឺ​ជា​យន្តហោះ​ប្រភេទ Airbus 320-200 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន Jetstar ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​មាន​តម្លៃ​ធូរ​ថ្លៃ​របស់​ប្រទេស​អូស្ត្រាលី។

ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​​អូស្ត្រាលី The Sydney Morning Herald កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក បាន​ឱ្យ​ដឹង​ថា ជើង​ហោះ​ហើរ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Jetstar ដែល​ហោះ​ហើរ​ពី​ទីក្រុង​ស៊ីដនី​ទៅ​ទីក្រុង​ Cairns បាន​បង្ខំ​ចិត្ត​បង្វែរ​ទិស​ដៅ​ទៅ​ចុះ​ចត​នៅ​ទីក្រុង Brisbane វិញ ក្រោយ​ហោះ​ហើរ​បាន ៤០​នាទី ស្រាប់​តែ​មាន​ផ្សែង​ហុយ​ឡើង​នៅ​ក្នុង​តួយន្តហោះ​នោះ។

THE SYDNEY MORNING HERALD | ARCHIVED LINK

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អង់គ្លេស BBC បាន​ឱ្យ​ដឹង​ថា ​យន្តហោះ​​ដែល​បាន​ធ្លាក់​នៅ​ក្នុង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​នោះ គឺ​ជា​ជើង​ហោះ​ហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ China Eastern Airline របស់​ប្រទេស​ចិន។ យន្តហោះ​ដែល​ធ្លាក់​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ គឺ​ជា​យន្តហោះ Boeing 737-800។

ជើង​ហោះ​ហើរ​ MU5735 ដែល​ហោះ​ហើរ​ពី​ទីក្រុង​គួនមីង (Kunming) នៃ​ខេត្ត​យ៉ុនណាន ទៅ​កាន់​​ខេត្ត​ក្វាងចូវ (Guangzhou) បាន​ធ្លាក់​នៅ​តំបន់​ព្រៃ​ភ្នំក្នុង​ខេត្ត​ក្វាងស៊ី ដោយ​សម្លាប់​មនុស្ស​ទាំង​អស់​ ១៣២​នាក់​នៅ​លើ​យន្តហោះ​នោះ រួម​ទាំង​បុគ្គលិក​បម្រើការ​លើ​យន្តហោះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​យន្តហោះ Boeing 737-800 ដែល​ប្រតិបត្តិការ​សេវា​ដឹក​ជញ្ជូន​ស៊ីវិល​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airline ដែល​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា​កន្លង​មក​នេះ។

BBC | ARCHIVED LINK

នៅ​ក្នុង​វីដេអូ​ឃ្លីប​ដដែល​នេះ​ចាប​់ពី​​វិនាទី​១៥ រហូត​​ដល់​វិនាទី​៤៤ យើង​បាន​រក​ឃើញ​ថា វីដេអូ​មួយ​ផ្នែក​នេះ គឺ​ជា​វីដេអូ​ឃ្លីប​បង្ហាញ​ពី​ការ​ធ្លាក់​នៃ​យន្តហោះ​យោធា​រុស្ស៊ី​មួយ​គ្រឿង។

វីដេអូ​បង្ហាញ​ការ​ធ្លាក់​យន្តហោះ​យោធា​រុស្ស៊ី​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​អង់គ្លេស Express និង​ទីភ្នាកង់ារ​ព័ត៌មាន​តួកគី ANADOLU AGENCY​ (AA)។

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន Express បាន​ឱ្យ​ដឹង​ថា យន្តហោះ​យោធា​របស់​ប្រទេស​រុស្ស៊ី​ប្រភេទIlyushin Il-112V ជា​ប្រភេទ​យន្តហោះ​គំរូថ្មី​ដែល​ត្រូវ​បាន​រចនា​ឡើង​សម្រាប់​កង​ទ័ព​អាកាស​រុស្ស៊ី​នោះ បាន​ធ្លាក់​ចូល​តំបន់​ព្រៃ​ភ្នំ​មួយ​កន្លែង​ស្ថិត​នៅ​ជាប់​ទីក្រុង​មូស្គូ កាល​ពីខែ​សីហា ឆ្នាំ​២០២១​កន្លង​មក។

ទាំង​សារព័ត៌មាន​ Express និង​ទីភ្នាក់ងារ​ព័ត៌មាន​ទួរគី AA សុទ្ធ​តែ​បាន​ចុះ​ផ្សាយ​មក​ជាមួយ​នូវ​វីដេអូ​ដែល​ត្រូវ​គេ​ផ្ដិត​យក​បាន​នៅ​ពេល​យន្តហោះ​នោះ​ហោះ​ហើរ ហើយ​ត្រូវ​ភ្លើង​ឆាប​ឆេះ​ មុន​នឹង​ធ្លាក់​ចូល​ក្នុង​ព្រៃ​មួយ​កន្លែង ដែល​បណ្ដាល​ឱ្យ​ផ្ទុះ​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ឡើង។

ANADOLU AGENCY | ARCHIVED LINK

រីឯ​វីដេអូ​មួយ​ផ្នែក​ទៀត​ចាប់​ពី​វិនាទី៤៥​រហូត​ដល់​ចុង​បញ្ចប់ គឺ​ជា​វីដេអូ​ដែល​បង្ហាញ​នូវ​ទិដ្ឋភាព​កំសួល​ភ្លើង​ឆាប​ឆេះ ក្រោយ​ពី​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន China Eastern Airline បាន​ធ្លាក់​បុក​ដី​នៅ​តំបន់​ព្រៃ​ភ្នំ​មួយ​កន្លែង​ស្ថិត​ក្នុង​ខេត្ត​ក្វាងស៊ី។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា វីដេអូ​ឃ្លីប​មួយ​ដែល​ត្រូវ​បាន​អះ​អាង​ថា​ជា​​ហេតុការណ៍​នៃ​ការ​ធ្លាក់​យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ចិន China Eastern Airline នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ វីដេអូ​ឃ្លីប​រយៈ​ពេល​ជាង ១​នាទី​កន្លះ​នេះ មិន​មែន​ជា​ទិដ្ឋភាព​ទាំង​ស្រុង​នៃ​ហេតុការណ៍​ធ្លាក់​យន្តហោះ​ចិន China Eastern Airline នោះ​ឡើយ។ ផ្នែក​ដំបូង​នៃ​វីដេអូ​នេះ គឺ​ជា​ឧបទ្ទវហេតុ​ហុយ​ផ្សែង​នៅ​ក្នុង​យន្តហោះ​មួយ​គ្រឿង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​អូស្ត្រាលី Jetstar កាល​ពី​ឆ្នាំ​២០១៦​កន្លង ខណៈ​ផ្នែក​កណ្ដាល​នៃ​វីដេអូ​នេះ គឺ​ជា​វីដេអូ​ឃ្លីប​ដែល​បង្ហាញ​ពី​ការ​ធ្លាក់​នៃ​យន្តហោះ​យោធា​រុស្ស៊ី​កាល​ពី​ឆ្នាំ​២០២១​កន្លង​មក ហើយ​មួយ​ផ្នែក​ចុង​ក្រោយ គឺ​ជា​ទិដ្ឋភាព​នៃ​កំសួល​ភ្លើង​ឆាប​ឆេះ​ឡើង ក្រោយ​ការ​ធ្លាក់​យន្តហោះ​ចិន China Eastern Airline។

Avatar

Title:តើ​វីដេអូ​នេះ​ជា​ទិដ្ឋភាព​មុន​យន្តហោះ​ចិន​មួយ​គ្រឿង​ធ្លាក់​បុក​ដី​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.