Fact-Check: តើ​កំណាត់​ផ្លូវ​ហាយវ៉េ​នេះ​ត្រូវ​បាន​សាង​សង់​វាង​ដើម​ឈើ​មួយ​ដើម​មែន​ឬទេ?

Altered International

រូបថត និង​វីដេអូ​អន្តរជាតិជាច្រើន ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម ជាពិសេស​ហ្វេសប៊ុក ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​និយាយ​ភាសា​ខ្មែរ ដោយ​ពុំ​បាន​ដឹង​ច្បាស់​ពី​ការ​ពិត​នៃ​រូបថត ឬ​វីដេអូ​ទាំង​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កំណាត់​ផ្លូវ​មួយ​ត្រូវ​បាន​សង់​វាង​ដើម្បី​ការពារ​ដើម​ឈើ​មួយ​ដើម​នោះ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​មួយ​ចំនួន​នៅ​កម្ពុជា ហើយ​ចែក​រំលែក​បន្ត​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៀត​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត មុ​ន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១១ ខែ​តុលា ឆ្នាំ​២០១៦​កន្លងមក​ ទំព័រ​ហ្វេសប៊ុក​មួយ បាន​ចែក​រំលែក​នូវ​អត្ថបទ​មួយ​របស់​ខ្លួន ដោយ​ភ្ជាប់​មក​​ជាមួយ​រូបថត​មួយ​សន្លឹក​ ដែល​បង្ហាញ​​ឱ្យ​ឃើញ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ ត្រូវ​បាន​សាង​សង់​ពង្វាង​ដើម​ឈើ​មួយ​ដើម ក៏​ព្រោះ​តែ​ចង់​ការពារ​ដើមឈើ​មួយ​ដើម​ដែល​ដុះ​​តែ​ឯង​។

អត្ថបទ​សារព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចែក​រំលែក​ដល់​ទៅ​ ១៦៩​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ហើយ​មាន​អ្នក​ចុច​ «ចូលចិត្ត» ឬ Like ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រហូត​ដល់​ជិត ៦០០​នាក់។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ រៀបរាប់​ថា «រូបភាព​មិន​គួរ​ឱ្យ​ជឿ​ទាំង​នេះ​ស​បញ្ជាក់​ថា ពេល​ខ្សត់​ឈើ​ទើប​មនុស្ស​ឱ្យ​តម្លៃ​ដើម​ឈរ​មួយ​ដើម​ដែល​នៅ​សល់»។

Facebook Post | Archived Link

ខ្ទង់ ២​ឆ្នាំ​ក្រោយ​មក រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ឡើង​វិញ​ដោយ​គេហ​ទំព័រ​ព័ត៌មាន​​អាណាចក្រ ដែល​​បាន​ចែក​រំលែក​អត្ថបទ​មួយ​នេះ​​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​​របស់​ខ្លួន​ផង​ដែរ ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ទៀត។

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​អាណាចក្រ​ដែល​បាន​ចែក​រំលែក​អត្ថបទ​របស់​ខ្លួន​​ដែល​សរសេរ​ថា «មិន​សរសើរ​មិន​បាន! នៅ​ស្រុក​គេ​សុខ​ចិត្ត​ធ្វើ​ផ្លូវ និង​សំណង់​វាង​ដើម​ឈើ ក៏​មិន​សុខ​ចិត្ត​កាប់​ចោល​ដែរ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ ហើយ​ក៏​បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​​ទៅ​លើ​វា​ផង​ដែរ។ សំណាង​ល្អ ក្រុម​ត្រួតពិនិត្យ​ការពិត​របស់ Fact Crescendo នៅ​ឯ​ប្រទេស​ឥណ្ឌា បាន​រក​ឃើញ​នា​ពេល​ថ្មីៗ​នេះ​នូវ​ចម្លើយ​សម្រាប់​បក​ស្រាយ​លើ​រូបថត​មួយ​សន្លឹក​នេះ។

មន្ទិល​សង្ស័យ​ជា​ដំបូង បាន​ចោទ​សួរ​ថា ​សម្រាប់​ការ​បើក​បរ​ល្បឿន​លឿន ​តើ​ផ្លូវ​ហាយវ៉េ​មួយ​នេះ អាច​សាង​សង់​កោង​បែប​នេះ​បានឬទេ ដោយ​មិន​មាន​ស្លាក​សញ្ញា​ព្រមាន ឬ​ចង្អុល​បង្ហាញ​ពី​ស្ថានភាព​ផ្លូវ​បែប​នេះ។ ចំណុច​នេះ​ហើយ​ដែល​នាំ​ឱ្យ​មាន​ការ​យល់​ឃើញ​ថា ផ្លូវ​វាង​បែប​នេះ មិន​អាច​ទៅ​រួច​នោះ​ទេ។

យើង​ក៏​បាន​ផ្ទៀង​ផ្ទាត់​រូបថត​នេះ​តាម​រយៈ​ក​ម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ Google ហើយ​បាន​រក​ឃើញ​ថា រូបថត​នេះ​ត្រូវ​បាន​ចែក​រំលែក​យ៉ាង​ច្រើន​លើ​ប្រព័ន្ធ​អ៊ិនធឹណិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។ ក្រុម​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ិនធឹណិត សុទ្ធ​តែ​លើក​ឡើង​ពី​សារ​សំខាន់​នៃ​ដើម​ឈើ​មួយ​ដើម ហើយ​ចាត់​ទុក​ថា វា​ជា​ការពិត។ ប៉ុន្តែ គ្មាន​នរណា​ផ្ដល់​ចម្លើយ​ពិត​ប្រាកដ​នោះ​ឡើយ។

ទោះជាយ៉ាងណា ការ​ស្រាវ​ជ្រាវ​យ៉ាង​យូរ​របស់​ក្រុម Fact Crescendo បាន​រក​ឃើញ​ថា​ វេបសាយ skeptics.stackexchange.com បាន​ស្រាវ​ជ្រាវ​ និង​បាន​បក​ស្រាយ​លើ​រូបថត​នេះ។ នៅ​ក្នុង​វេបសាយ​នេះ ពួកគេ​បាន​បញ្ជាក់​ថា រូបថត​នេះ ត្រូវ​បាន​កាត់​ត​ចេញ​ពី​រូបថត​នៃ​ផ្លូវ​ហាយវ៉េ​មួយ​របស់​អាមេរិក ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ក្រុមហ៊ុន​សោត​ទស្សន៍ Getty Image។

ជា​បណ្ដាញ​សង្គម​​សម្រាប់​ផ្លាស់​ប្ដូរ​សំណួរ និង​ចម្លើយ​នោះ វេបសាយ​មួយ​នេះ បានផ្ដល់​នូវ​ការ​វិភាគ​លើ​ចំណុច​ដូច​គ្នា​ជាច្រើន​នៅ​លើ​រូបថត​នេះ ដូចជា​​ផ្ទៃដី​ ស្មៅ​នៅ​លើ​ចិញ្ចើម​ផ្លូវ រថយន្ត និង​ចំណោល​នៃ​ស្រមោល​ដើម​ឈើ​ធៀប​នឹង​ចំណោល​នៃ​ស្រមោល​ពី​រថយន្ត។

ពួកគេ​រក​ឃើញ​ថា៖

១. ការ៉េ​ផ្ទៃ​​ពណ៌​បៃតង បង្ហាញ​នូវ​ផ្ទៃ​ដី​ដូច​គ្នា ដែល​ត្រូវ​បាន​កាត់ត និង​ចម្លង

២. ការ៉េ​ក្រហម បង្ហាញ​នូវ​ស្មៅ​នៅ​ចិញ្ចើម​​ផ្លូវ​មាន​លក្ខណៈ​ដូច​គ្នា ដែល​ត្រូវ​បាន​កាត់​ត និង​ចម្លង

៣. ការ៉េ​ពណ៌​ស្វាយ បង្ហាញ​នូវ​ផ្ទៃ​ដី​ដូច​គ្នា ដែល​ត្រូវ​បាន​កាត់​ត និង​ចម្លង

៤. ការ៉េ​ពណ៌​លឿង បង្ហាញ​នូវ​ភាព​មិន​ស៊ី​សង្វាក់​គ្នា​នៃ​ស្រមោល​ចេញ​ពី​រថយន្ត​បើក​បរ​លើ​ផ្លូវ ស្រមោល​ចេញ​ពី​សត្វ​លា (ឬ​សត្វ​សេះ) និង​ដើម​ឈើ​គ្មាន​ស្រមោល

skeptics.stackexchange.com | Archived Link

បណ្ដាញ​សង្គម​​មួយ​នេះ បាន​រក​ឃើញ​ថា កំណាត់​ផ្លូវ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផ្លូវ​ហាយវ៉េមួយ​របស់​អាមេរិក ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ Getty Image។

Getty Image | Archived Link

រូបថតនៅ​ក្នុង​វេបសាយ Getty Image បង្ហាញ​ឱ្យ​ឃើញ​ថា កំណាត់​ផ្លូវ​ហាយវ៉េ​មួយ​នេះ ត្រង់​ធម្មតា មិន​មែន​កោង​នោះ​ឡើយ ហើយ​វេបសាយ​មួយ​នេះ ក៏​បាន​បង្ហាញ​រូបថត​ជាច្រើន​ទៀត ដែល​បង្ហាញ​ឱ្យ​ឃើញ​កំណាត់​ផ្លូវ​ដូច​គ្នា​នេះ។

រូបថត​នេះ គឺ​ជា​ទិដ្ឋភាព​នៃ​កំណត់​ផ្លូវ​ជន​បទ​ស្ថិត​ក្នុង​រដ្ឋ​អារីហ្សូណា សហរដ្ឋ​អាមេរិក ហើយ​វា​គឺ​ជា​ផ្លូវ​លេខ​១៦០។ ទិដ្ឋភាព​ផ្លូវ​ហាយវ៉េ​មួយ​នេះ ក៏​ត្រូវ​បាន​បង្ហាញ​នៅ​លើ​ Google Map ផង​ដែរ។

Google Maps | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដែល​បង្ហាញ​ផ្លូវ​ត្រូវ​បាន​សាង​សង់​វាង​ដើម្បី​ការពារ​ឈើ​មួយ​ដើម​នៅ​ឯ​វាល​ខ្សាច់​មួយ​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​នេះ ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​ដើម​ឈើ និង​ផ្លូវ​កោង​វា​ដើម​ឈើ​នោះ។ រូបថត​ដើម​ដែល​បង្ហាញ​ពី​កំណាត់​ផ្លូវ​មួយ​នេះ មាន​នៅ​លើ​វេបសាយ​សោត​ទស្សន៍ Getty Image។

Avatar

Title:តើ​កំណាត់​ផ្លូវ​ហាយវ៉េ​នេះ​ត្រូវ​បាន​សាង​សង់​វាង​ដើម​ឈើ​មួយ​ដើម​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.