
បន្ទាប់ពីតារាចម្រៀងល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត បានទទួលងារជាឧកញ៉ាកាលពីខែឧសភាកន្លងមក រឿងរ៉ាវពាក់ព័ន្ធនឹងតារាចម្រៀងរូបនេះ ត្រូវបាននាំមកជជែក និងចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម។ ក្នុងនោះ រូបភាពមួយសន្លឹកដែលបង្ហាញបុរសពីរនាក់ចងផ្ទាំងបដាមានសម្រង់សម្ដីលោក ខេមរៈ សិរីមន្ត ត្រូវបានគេបង្ហោះនៅលើបណ្ដាញសង្គម ដែលនាំឱ្យមានការចែករំលែកបន្ត និងការបញ្ចេញមតិ ឬប្រតិកម្មចម្រុះបែប។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia រកឃើញថា រូបភាពផ្ទាំងបដាមួយផ្ទាំងនេះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
រូបភាពមួយសន្លឹកដែលបង្ហាញបុរសពីរនាក់ចងផ្ទាំងផ្សព្វផ្សាយមួយមានសំណេរថា «យុវជនសម័យថ្មី បើគ្មានដី មិនស្ទាវទេ» ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពី ២ថ្ងៃមុន។ អ្នកប្រើប្រាស់បណ្ដាញសង្គមដែលបានបង្ហោះរូបថតនេះ បានសរសេររៀបរាប់ក្នុងថា ផ្ទាំងផ្សព្វផ្សាយនេះ គឺជាសម្រង់សម្ដីរបស់តារាចម្រៀងដ៏ល្បីឈ្មោះ លោក ខេមរៈ សិរីមន្ត។
រូបភាពមួយផ្ទាំងនេះ ទទួលបានការចែករំលែកបន្ត ការបញ្ចេញមតិចម្រុះ និងប្រតិកម្មជាច្រើនផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានសំណេររៀបរាប់ថា «ពាក្យស្លោកខេមរៈ សិរីមន្ត រំឮកឡើងវិញបន្តិចអំពីពាក្យស្លោកក្រុមឧកញ៉ាចំរៀង ចុះបើអ្នកមានដីហើយត្រូវគេប្លន់យក ទទួលងារអីដែរហ្នុង…»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបភាពមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញបុរសពីរនាក់ចងផ្ទាំងផ្សព្វផ្សាយពណ៌ខៀវមួយ ត្រូវបានរកឃើញនៅក្នុងព័ត៌មានមួយផ្សព្វផ្សាយដោយគេហទំព័ររបស់ក្រសួងបរិស្ថានកាលពីឆ្នាំ២០១៨កន្លងមក។
រូបថតដែលផ្សព្វផ្សាយដោយគេហទំព័ររបស់ក្រសួងបរិស្ថាន បង្ហាញឱ្យឃើញបុរសពីរនាក់ព្យាយាមចងផ្ទាំងបដាមួយដែលសរសេរថា «អនាម័យល្អ បរិស្ថានស្អាត នាំមកនូវសុខភាព បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា»។

Environment Ministry’s Report | Archived Link
ដូច្នេះ រូបថតផ្ទាំងបដាមួយនេះ មិនមែនបង្ហាញពីសម្រង់សម្ដីរបស់តារាងចម្រៀងកម្ពុជា លោក ខេមរៈ សិរីមន្ត ដូចទៅនឹងការផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនោះឡើយ។

រូបថតផ្ទាំងបដាផ្សព្វផ្សាយមួយនេះ ក៏ត្រូវបានក្រុមការងារ Fact Crescendo Cambodia ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ផងដែរនាពេលកន្លងមក ក្រោយពីមានការផ្សព្វផ្សាយថា ផ្ទាំងបដានេះមានសំណេរពាក់ព័ន្ធនឹងលោក ខឹម វាសនា មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP)។ សូមអានអត្ថបទចាស់ទាំងស្រុងនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា រូបភាពនៃផ្ទាំងបដាមួយនេះ ត្រូវបានកាត់ត។ រូបថតច្បាប់ដើម បង្ហាញបុរសពីរនាក់ព្យាយាមចងផ្ទាំងបដាផ្សព្វផ្សាយសារអប់រំអំពីការថែរក្សាអនាម័យ និងបរិស្ថាន ដែលជំរុញដោយក្រសួងបរិស្ថាន។

Title:ផ្ទាំងបដាផ្សព្វផ្សាយបរិស្ថានទីក្រុងត្រូវបានកាត់តដាក់សម្ដីតារាចម្រៀង ខេមរៈ សិរីមន្ត
Fact Check By: Jay UdomResult: Altered
