ស្រប​ពេល​ផ្នែក​មួយ​ចំនួន​នៅ​ប្រទេស​កម្ពុជា​ មាន​ភ្លៀង​ធ្លាក់​ និង​ខ្យល់​បក់​ខ្លាំង​តាម​តំបន់​នោះ​ វីដេអូ​ឃ្លីប​មួយ​​ដែល​បង្ហាញ ការ​បាក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ ត្រូវ​បាន​បង្ហោះ​​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា​ ករណី​មួយ​នេះ​​កើត​ឡើង​នៅ​ខេត្ត​ស្វាយរៀង​ ស្ថិត​នៅ​ភាគ​អាគ្នេយ៍​​នៃ​ប្រទេស​កម្ពុជា​។​ ការ​អះ​អាង​ភ្ជាប់​ដោយ​វីដេអូ​​ខាង​លើ​ ត្រូវ​បាន​ចែក​ចាយ​បន្ដ​ជា​ច្រើន​ដង​ និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ វីដេអូ​​នេះត្រូវ​បាន​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះអាង​លើ​បណ្ដាញ​សង្គម​

វីដេអូ​ឃ្លីប​មួយ​ ដែល​បង្ហាញ​ផ្ទាំង​ប៉ាណូ​បាក់​ធ្លាក់​សង្កត់​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​កន្លែង​ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាមួយ​ការ​អះអាង​ថា ហេតុការណ៍​ដ៏​គ្រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ឯ​ខេត្ត​ស្វាយរៀង ប្រទេស​កម្ពុជា។

វីដេអូ​ឃ្លីប​ដែល​មាន​សំណេរ​បែប​នេះ​ ត្រូវ​បាន​ចែក​រំលែក​បន្ដ​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​យោបល់​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ទាំង​ស្រុង​​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​​រៀប​រាប់​ថា​ «ករណី​រលំ​ផ្លាក​ប៉ាណូ​ នៅ​ខេត្ត​ស្វាយ​រៀង​ តើ​បង​ប្អូន​មាន​អារម្មណ៍​បែប​ណា​ ពេល​ឃើញ​វីដេអូ​រន្ធត់​បែប​នេះ​»។​

Facebook Post | Archived Link

ការ​អះ​អាង​ដដែល​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​ចែក​រំលែក​បន្ដ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​ផង​ដែរ​។​ សូម​មើល​ការ​អះ​អាង​នេះ​ តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ​ (archived) ឬ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived) និង​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ​ (archived)។​

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

យើង​បាន​រក​ឃើញ​វីដេអូ​ឃ្លីប​ដូច​គ្នា​ជា​ច្រើន​ បង្ហាញ​ទិដ្ឋភាព​នៃការ​ធ្លាក់​រលំ​ផ្ទាំង​ប៉ាណូ​មួយ​ខាង​លើ​នេះ​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដា​គេហទំព័រ​ និង​សារព័ត៌មាន​ជាច្រើន។​

វីដេអូ​បង្ហាញ​ទិដ្ឋភាព​ផ្ទាំង​ប៉ាណូ​ធ្លាក់​លើ​យាន​យន្ត​នៅ​តាម​ដង​ផ្លូវ​នេះ​ ត្រូវ​បាន​រក​ឃើញ​ និង​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​ La FM ដែល​ជា​គេហទំព័រ​វិទ្យុ​ក្នុង​ស្រុក​មួយ​របស់​ប្រទេស​កូឡុំ​ប៊ី​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ មិន​បាន​កើត​ឡើង​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ ដូច​ការ​អះ​អាង​នោះ​ឡើយ​។​

ខាង​ក្រោម​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ ដែលបាន​សរសេរ​ជា​ភាសា​អេស្ប៉ាញ ដែល​​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ តាម​រយៈ​កម្មវិធី​បក​ប្រែ​ Google Translate មាន​ន័យ​ថា​ «ទិដ្ឋភាព​នៃ​ការ​​រលំ​ធ្លាក់​ផ្ទាំង​ប៉ាណូ​ដ៏​រន្ធត់​ បាន​កើត​ឡើង​នៅ​ Quindio ប្រទេស​កូឡុំប៊ី​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ដោយ​ពុំ​បង្ក​ឱ្យ​​មាន​ជន​រង​គ្រោះ​ដល់​អាយុ​ជីវិត​នោះ​ឡើយ​​»។​

La FM Link | Archived Link

ដូច​គ្នា​នេះ​ ហេតុ​ការណ៍​ខាង​លើ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ​វិទ្យុ​ព័ត៌មាន​ Blu Radio ផង​ដែរ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​។​ គេហទំព័រ​ដដែល​ខាង​លើ​ បាន​បញ្ជាក់​ថា​ ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​នៅ​ Quindio ប្រទេស​កូឡុំប៊ី​ ដោយ​សារ​តែ​មាន​ខ្យល់​បក់​ខ្លាំង​។​

Blu Radio Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយ​ការណ៍ព័ត៌មាន​ពី​ទូរទស្សន៍​ជាតិ​កូឡុំ​ប៊ី​ Canal 1 កាល​ពី​ថ្ងៃ​ទី​២២​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​ថា​ ករណី​នេះ​បាន​កើត​ឡើង​នៅ​​ Quindio ប្រទេស​កូឡុំប៊ី​។

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ វីដេអូ​ឃ្លីប​នេះ​ គឺ​ជា​ទិដ្ឋភាព​នៃ​ការ​ដួល​រលំ​ផ្ទាំង​ប៉ាណូ​ នៅ​​ Quindio ប្រទេស​កូឡុំប៊ី​ កាល​ពី​ថ្ងៃ​ទី​១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៣​កន្លង​ទៅ​ ដោយ​ពុំ​បង្ក​ឱ្យ​​មាន​ជន​រង​គ្រោះ​ដល់​អាយុ​ជីវិត​នោះ​ឡើយ​​។​

Avatar

Title: ផ្ទាំង​ប៉ាណូ​ធ្លាក់​លើ​រថយន្ត​នៅ​តាម​ដង​ផ្លូវ​មួយ​​​ជា​ហេតុការណ៍​​កើត​ឡើង​នៅ​បរទេស

Written By: Kakada Sim

Result: False