យុទ្ធនាការចាក់វ៉ាក់សាំង​បង្ការ​​មេរោគ​កូវីត១៩នៅក្នុងប្រទេសកម្ពុជា បាន​កើត​មាន​អស់​រយៈ​ពេល​ជាង ២​ខែ​មក​ហើយ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ព្យាយាម​ទប់​ស្កាត់​កំណើន​នៃ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ​១៩​ ដែល​ភាគ​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​ក្នុង​​​សហគមន៍ ២០​កុម្ភៈ។

ខណៈ​ដែល​​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ត្រូវ​បាន​រដ្ឋាភិបាល​ជំរុញ​ឲ្យ​បង្កើន​ល្បឿ​ន​នោះ ព័ត៌មាន​មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​ ផានអ៊ីម៉ិច ត្រូវ​បាន​គេ​អះ​អាង​ថា បណ្ដាល​មក​ពី​ការ​ចាក់​វ៉ាក់សាំង​ស៊ីណូហ្វាម ដែល​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រទេស​ចិន និង​ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​ជា​ជំនួយ​មក​ដល់​រដ្ឋាភិបាល​កម្ពុជា។

ទោះយ៉ាងណា ការផ្ទៀង​ផ្ទាត់​របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាង និង​ផ្សព្វផ្សាយនោះ គឺ​មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ អ្នកប្រើបណ្តាញហេ្វសប៊ុក​ម្នាក់ បានអះអាងថា អ្នកស្រី ស៊ុយ សុផាន ស្លាប់​ដោយសារ​តែ​ការ​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម ដើម្បី​បង្ការ​ជំងឺកូវីត១៩។​ អ្នក​ប្រើ​ហ្វេសប៊ុក​រូប​នេះ បាន​អះ​អាង​បែប​នេះ​ដោយ​មិន​បាន​បញ្ជាក់​ប្រភព​ច្បាស់​លាស់​នោះ​ឡើយ។

ការ​អះ​អាង​ដោយ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រូប​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​មតិ​យោបល់​ចម្រុះ​គ្នា​ពី​សំណាក់​អ្នក​ប្រើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

រូបភាព​ផ្ដាម​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​​ហ្វេសបុក បានរៀបរាប់​ថា «មិន​យល់​ទេ ក្រោយ​ពី​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​១៩​ស៊ីណូហ្វាម (Sinopharm) របស់​ចិន​ហើយ នៅ​តែ​ស្លាប់​ជា​បន្ត​បន្ទាប់​ទៀត»។

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងរក​ការ​បញ្ជាក់​ពី​មូលហេតុនៃការស្លាប់របស់​អ្នកស្រី ស៊ុយ សុផាន ដែលបាននាំឲ្យយើងទៅដល់ប្រភព និងស្ថាប័នមួយចំនួនដែលមានការជាប់ពាក់ព័ន្ធ និង​បក​ស្រាយ​ទាក់​ទង​ទៅ​នឹង​​ការ​អះ​អាង​ខាងលើនេះ។

មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន ត្រូវ​បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ដោយ​អ្នក​ស្រី ហ៊ុន ស៊ីណាត ប្អូន​ស្រី​បង្កើត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន តាម​រយៈ​សារ​បង្ហោះ​នៅ​លើ​គណនី​ហ្វេសបុ៊ុក​របស់​គាត់។

អ្នកស្រី ស៊ីណាត បាន​រៀបរាប់​ថា អ្នកស្រី ស៊ុយ សុផាន បាន​ទទួល​មរណភាព​នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២១ នៅ​អាយុ ៦២​ឆ្នាំ ដោយសារ​រោគា​ពាធ។

សំណេរ​ឆ្លើយ​តប​នឹង​អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​ដែល​ចោទ​សួរ​ពី​មូល​ហេតុ​នៃ​មរណភាពរបស់​អ្នក​ស្រី ស៊ុយ សុផាន នោះ អ្នកស្រី ហ៊ុន ស៊ីណាត បញ្ជាក់​ថា អ្នកស្រី សុផាន បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហា​រីក​ថ្លើម។

(រូបភាព​ផ្ដាម​ចេញពី​ប៉ុស្តិ៍​របស់​អ្នកស្រី ហ៊ុន ស៊ីណាត)

Facebook Link | Archived Link

បើ​តាម​ការ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ទូរទស្សន៍​​ជាតិ​នៃ​កម្ពុជា (ទទក) អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​កម្ពុជា អ្នកស្រី ឱ វណ្ណឌីន បាន​ច្រាន​ចោល​ការ​អះ​អាង​ខាង​លើ ដោយ​និយាយ​ថា រូបថត​របស់​ស្ត្រី​ម្នាក់​ចាក់​វ៉ាក់សាំង​​ដែល​ត្រូវ​បង្ហោះ​ភ្ជាប់​នឹង​មរណភាព​របស់​អ្នកស្រី ស៊ុយ សុផាន នោះ មិន​មែន​ជា​អ្នកស្រី ស៊ុយ សុផាន នោះ​ឡើយ។

អ្នកស្រី ឱ វណ្ណឌីន បាន​សរសេរ​ថា «ក្រសួងសុខាភិបាល​សូមច្រានចោលទាំងស្រុងនូវ​ការផ្សាយប្រឌិតបែបនេះ។ រូបភាព​អ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបរបស់អ្នកស្រី ស៊ុយ សុផាន នោះទេ»។​

Facebook Link | Archived Link

រូបថត​ស្ត្រី​ម្នាក់​អង្គុយ​ទទួល​ការ​ចាក់​វ៉ាក់សាំង​​ ដែល​ត្រូវ​បាន​អះ​អាង​ថា​ជា​អ្នកស្រី ស៊ុយ សុផាន នោះ គឺ​ជា​អ្នកស្រី អាន្នី សុខ អាន ជា​ភរិយា​របស់​លោក សុខ អាន អតីត​ឧប​នាយករដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី ដែល​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​២០១៧​កន្លង​មក។ អ្នកស្រី អាន្នី មាន​តួនាទី​ជា​អនុ​ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បានរកឃើញថា ការអះអាងថាអ្នកស្រី ស៊ុយ សុផាន បានទទួលមរណភាពដោយសារតែ ការចាក់វ៉ាក់សាំងការពារជំងឺកូវីត១៩នេះ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិតអ្នកស្រី ស៊ុយ សុផាន បានទទួល មរណភាពដោយសារតែជំងឺមហារីកថ្លេីម ដែលជំងឺមួយនេះបានកេីតឡើងទៅលេីអ្នកស្រីជា​យូរ​ខែ​ណាស់​មក​ហេីយ។

Avatar

Title:អ្នកស្រី ស៊ុយ សុផាន ទទួល​មរណភាព​មិន​មែន​ដោយសារ​ការ​ចាក់​វ៉ាក់សាំង​ទេ

Fact Check By: Kakada Sim

Result: False