
ការចោទជាសំណួរ និងការអះអាងថា កម្ពុជាបានអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានកងទ័ពនៅលើទឹកដីកម្ពុជានោះ បានក្លាយជាប្រធានបទជជែកដេញដោល និងមានការបញ្ចេញមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមនានាជាច្រើន ជាពិសេសក្រោយពីមានដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសអាមេរិកមកកាន់ប្រទេសកម្ពុជាកាលពីសប្តាហ៍មុន។
ទន្ទឹមគ្នានេះ មានរូបថតពីរសន្លឹកដែលបានបង្ហាញអំពីទិដ្ឋភាពរថគ្រោះជាច្រើនគ្រឿង រួមជាមួយឧទ្ធម្ភាគចក្រយោធាដោតទង់ជាតិកម្ពុជា និងចិន នៅទីតាំងមួយកន្លែង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងការអះអាងថា វាជាទិដ្ឋភាពមូលដ្ឋានកងទ័ពចិននៅក្នុងតំបន់មូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។ ទោះយ៉ាងណា ការផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១កន្លងទៅថ្មីៗនេះ មានអ្នកប្រើហ្វេសប៊ុកម្នាក់ បង្ហោះរូបថតចំនួនពីរសន្លឹក បង្ហាញអំពីទិដ្ឋភាពកងទ័ព យានយន្តយោធា ដោយភា្ជប់ជាមួយនឹងទង់ជាតិប្រទេសកម្ពុជា និងប្រទេសចិន។ អ្នកប្រើហ្វេសប៊ុកដដែលនេះ ក៏បានបញ្ជាក់អះអាង និងអបអរសាទរនៅក្នុងសារបង្ហោះរបស់ខ្លួនផងដែរថា ប្រទេសកម្ពុជាយើងមានវត្តមានមូលដ្ឋានកងទ័ពចិនហើយនៅកំពង់ផែរាម ។
រូបថតជាមួយសំណេរនេះត្រូវបានចែករំលែកបន្តៗគ្នាជាច្រើនដង រួមជាមួយនឹងការចុចគាំទ្រពីសំណាក់អ្នកប្រើ ហ្វេសប៊ុកនិយាយភាសាខ្មែរផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ដែលបានរៀបរាប់ជាភាសាខ្មែរ ដោយអមជាមួយនឹងរូបថតថា «សូមចូលរួមអបអរសាទរផង/! មូលដ្ធានទ័ពចិនមាននៅស្រុករំដួលយេីងហេីយ ស្ថិតនៅ/! កំពុងផែ (រាម) ខេត្តកោះកុង/!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពលំហាត់សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានទម្រង់ដូចគ្នាទាំងស្រុងនេះ។
រូបថតដែលមានទម្រង់ និងសណ្ឋានដូចគ្នានេះ ត្រូវបានរកឃើញនៅក្នុងគេហទំព័រសារព័ត៌មាន Phnom Penh Post បានចុះផ្សព្វផ្សាយតាំងពីថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០មកម្ល៉េះ។ គេហទំព័រដដែលនេះ ក៏បានបញ្ជាក់ផងដែរនៅក្នុងសេចក្តីរាយការណ៍ព័ត៌មានរបស់ខ្លួនថា រូបថតនេះ បង្ហាញទិដ្ឋភាពលំហាត់សមយុទ្ធយោធាលើកទី៤ រវាងប្រទេសកម្ពុជា និងចិន ដែលបានធ្វើឡើងនៅក្នុងខេត្តកំពត។
រូបភាពផ្ដាមចេញពីគេហទំព័រសារព័ត៌មាន Phnom Penh Post បានសរសេររៀបរាប់ចំណងជើងជាភាសាអង់គ្លេសថា «Banh: Military drill leaves strong mark on cooperation» ឬបកប្រែជាភាសាខ្មែរថា «លោក ទៀ បាញ់៖ សមយុទ្ធយោធាបន្សល់ទុកនូវចំណុចខ្លាំងលើកិច្ចសហប្រតិបត្តិការ»។
Phnom Penh Post Report | Archived Link
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ទៀ បាញ់ បង្ហោះកាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០នេះ ក៏បានបង្ហាញអំពីទិដ្ឋភាពដូចគ្នាទៅនឹងរូបថតដែលអ្នកប្រើប្រាស់បានអះអាងខាងលើផងដែរ។ លោកបានចូលរួមក្នុងការបិទសមយុទ្ធនាគមាសឆ្នាំ២០២០ កម្ពុជា និងចិន ដែលធ្វើឡើងនៅក្នុងស្រុកជុំគីរី ខេត្តកំពត។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់ទំព័រហ្វេសប៊ុកលោករដ្ឋមន្រ្តីក្រសួងការពារជាតិនោះ បានរៀបរាប់ថា «ទិដ្ឋភាពនៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ខ្ញុំបានចូលរួមជាអធិបតីក្នុងពិធីបិទសមយុទ្ធនាគមាស២០២០ កម្ពុជា-ចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនធាន (Wang Wen Tian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅស្រុកជុំគីរី ខេត្តកំពត នាពេលកន្លងមក»។
តាមរយៈសេចក្តីរាយការណ៍នៅក្នុងគេហទំព័រសារព័ត៌មានអន្តរជាតិមួយ New Straits Times Report បានចុះផ្សាយផងដែរទាក់ទងទៅនឹងការច្រានចោលរបស់លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន អំពីព័ត៌មានដែលបានចោទថាកម្ពុជាមានវត្តមានមូលដ្ឋានកងទ័ពចិននៅក្នុងដែនសមុទ្ររាម ខេត្តព្រះសីហនុ កាលពីខែឧសភា ឆ្នាំ២០២០កន្លងមកនេះ។
នៅក្នុងសេចក្តីរាយការណ៍មួយនេះ ក៏បានលើកឡើងជាភាសាអង់គ្លេសដែរថា «Prime Minister Hun Sen said the government would not allow any foreign military base on its territory, but welcomed any country to conduct joint land or sea military drills with Cambodia» ឬប្រែជាភាសាខ្មែរមានន័យថា «លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសណាមួយ មាននៅលើទឹកដីរបស់ខ្លួននោះទេ ប៉ុន្តែស្វាគមន៍ប្រទេសណាមួយ ដើម្បីធ្វើសមយុទ្ធយោធារួមគ្នាតាមសមុទ្រជាមួយនឹងកម្ពុជា»។
New Straits Times Report | Archived Link
ដោយឡែកថ្មីៗនេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានលើកឡើងផងដែរទាក់ទងទៅនឹង រឿងចោទប្រកាន់មានមូលដ្ឋានកងទ័ពចិននៅដែនសមុទ្ររាម ខេត្តព្រះសីហនុ ដែលបានចុះផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុកសារព័ត៌មាន Fresh News កាលពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីយកដំណក់ប្រេងទៅតម្កល់នៅវិមានឈ្នះ-ឈ្នះ។ លោកបាននិយាយយ៉ាងដូច្នេះថា «ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល ព្រោះមិនបានតាមបំណងអាមេរិក»។ លោកក៏បានបញ្ជាក់ផងដែរថា ការចុះទស្សនកិច្ចរបស់មន្ត្រីអនុព័ន្ធយោធាអាមេរិកទៅកាន់សមុទ្ររាមនោះ ក៏មិនអាចបិទបញ្ចប់ការចោទប្រកាន់របស់អាមេរិកមកលើកម្ពុជាបាននោះឡើយ។
រូបភាពផ្ដាមចេញពីទំព័រសារព័ត៌មាន Fresh News ដែលបានសរសេររៀបរាប់ចំណងជើងជាភាសាខ្មែរថា «សម្តេច ទៀ បាញ់៖ ការចោទមូលដ្ឋានទ័ពចិននៅរាម ទោះបំភ្លឺប៉ុន្មានក៏នៅតែដដែល ព្រោះមិនបានតាមបំណងអាមេរិក»។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតទាំងពីរសន្លឹកនេះ មិនមែនជាទិដ្ឋភាពមូលដ្ឋានទ័ពចិននៅក្នុងប្រទេសកម្ពុជានោះទេ។ ការពិតរូបថតពីរសន្លឹកនេះ គឺត្រូវបានគេរកឃើញនៅក្នុងលំហាត់សមយុទ្ឋនាគមាសលើកទី៤ ដែលធ្វើឡើងនៅក្នុងខេត្តកំពត តាំងពីឆ្នាំ២០២០មកម្ល៉េះ។

Title:តើរូបថតនេះជាទិដ្ឋភាពមូលដ្ឋានកងទ័ពចិននៅកម្ពុជាមែនឬ?
Fact Check By: Kakada SimResult: False
