ថ្មីៗ​នេះ ជម្លោះ​ពាក្យ​សម្ដី​រវាង​តារា​ចម្រៀង​ជើង​ចាស់ អ្នកនាង ម៉េង កែវពេជ្ជតា និង​អ្នក​សិល្បៈ​ដទៃ​ទៀត បាន​ផ្ទុះ​ឡើង​នៅ​លើ​បណ្ដាញ​សង្គម។ ទន្ទឹម​គ្នា​នេះ វីដេអូ​មួយ​របស់​តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​មាន​សំណេរ​ក្នុង​ន័យ​ថា អ្នក​នាង ម៉េង កែវពេជ្ជតា បាន​និយាយ​រិះគន់​ថ្នាក់​ដឹកនាំ​ប្រទេស​នា​ពេល​សព្វថ្ងៃ​នេះ។ វីដេអូ​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​យ៉ាង​ច្រើន ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន ជឿ​ថា តារា​ចម្រៀង​រូប​នេះ​ពិត​ជា​បាន​រិះគន់​បែប​នេះ​មែន។ ទោះជាយ៉ាងណា ក្រោយ​ពិនិត្យ​មើល​វីដេអូ​ទាំង​ស្រុង​របស់​គាត់ យើង​បាន​រក​​ឃើញ​ថា ការ​អះអាង​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

វីដេអូ​ឃ្លីប​មួយ​ដែល​បង្ហាញ​តារា​ចម្រៀង​កម្ពុជា អ្នកស្រី ម៉េង កែវពេជ្ជតា និយាយ​រិះគន់​នរណា​ម្នាក់​នោះ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ក្នុង​ន័យ​ថា តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ​រិះគន់​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស។

វីដេអូ​ឃ្លីប​មាន​រយៈ​ពេល​ ១៤​វិនាទី​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​រយ​ដង ហើយ​មាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន បាន​បញ្ចេញមតិ​យោបល់ និង​ប្រតិកម្ម​ទៅ​នឹង​វីដេអូ​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ជាមួយ​សំណេរ​រៀបរាប់​ថា “ផ្ញើ​ជូន​សម្ដេចៗ​ស្ដាប់​ដោយ​ប្រើ​ខួរ​ពិចារណា និយាយ​ត្រូវ​ម្ដង”។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​ការ​ពិនិត្យ​មើល និង​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នូវ​សម្ដី​ដើម​ទាំង​ស្រុង​របស់​អ្នក​ចម្រៀង ម៉េង កែវពេជ្ជតា ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​នាង យើង​បាន​រក​ឃើញ​វីដេអូ​មាន​រយៈ​ពេល​ដល់​ទៅ​ជាង​៤​ម៉ោង ​ដែល​អ្នកស្រី ម៉េង កែវពេជ្ជតា បាន​ផ្សាយ​ផ្ទាល់​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

នៅ​ត្រង់​នាទី ១២ នៃ​វីដេអូ​​ផ្សាយ​ផ្ទាល់​នោះ យើង​រក​ឃើញ​ថា តារា​ចម្រៀង​ស្រី​ជើង​ចាស់​រូប​នេះ បាន​និយាយ​រិះគន់​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​នៃ​សមាគម​អ្នក​សិល្បៈ ពោល​មិន​មែន​ជាការ​រិះគន់​ទៅ​ដល់​ការ​ដឹកនាំ​ប្រទេស​របស់​ថ្នាក់​ដឹកនាំ​បច្ចុប្បន្ន​នោះ​ឡើយ។

សូម​ស្ដាប់​វីដេអូ​ទាំង​ស្រុង​របស់អ្នកស្រី ម៉េង កែវពេជ្ជតា ដែល​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​អ្នកស្រី​កាល​ពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

Facebook Post | Archived Link

ឆ្លើយ​តប​នឹង Fact Crescendo Cambodia ​តាម​រយៈ​ប្រព័ន្ធ​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម ​អ្នកស្រី ម៉េង កែវពេជ្ជតា បញ្ជាក់​ថា ការ​រិះគន់​របស់​អ្នកស្រី​នៅ​ក្នុង​វីដេអូ​នោះ មិន​បាន​សំដៅ​ទៅ​លើ​ថ្នាក់​ដឹកនាំ​ប្រទេស​នោះ​ឡើយ។ អ្នកស្រី​បញ្ជាក់​បន្ថែម​ថា អ្នកស្រី​និយាយ​រិះគន់​ការ​ដឹកនាំ​របស់​ថ្នាក់​ដឹកនាំ​សមាគម​អ្នក​សិល្បៈ​កម្ពុជា។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តារា​ចម្រៀង​ជើង​ចាស់ អ្នកស្រី ម៉េង កែវពេជ្ជតា បាន​និយាយ​រិះគន់​ដល់​ថ្នាក់​ដឹកនាំ​សមាគម​សិល្បករ​កម្ពុជា មិន​មែន​រិះគន់​ថ្នាក់​ដឹកនាំ​ប្រទេស​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ។

Avatar

Title:តារា​ចម្រៀង ម៉េង កែវពេជ្ជតា និយាយ​រិះគន់​ថ្នាក់​ដឹកនាំ​ប្រទេស តើ​ជា​ការ​ពិត​ឬ​ទេ?

Written By: Jay Udom

Result: Misleading