Fact-Check: តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

Altered Political

កាល​ពី​ចុង​ឆ្នាំ​២០១៩​កន្លង​មក លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ពី​គម្រោង​មាតុ​ភូមិ​និវត្តន៍​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ដែល​ចំ​នឹង​ថ្ងៃ​ប្រទេស​កម្ពុជា​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិប៉ុន្តែ គម្រោង​មាតុ​ភូមិ​និវត្តន៍​នេះ មិន​បាន​កើត​ឡើង​នោះ​ឡើយ។

ប៉ុន្មាន​ខែ​មុន​ថ្ងៃ​ទី​០៩ វិច្ឆិកា សារ​ជាច្រើន​ត្រូវ​បាន​ចែក​រំលែក និង​អំពាវ​នាវ​តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ទៅ​កាន់​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង​រូប​នេះ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​យុវតី​ម្នាក់​​ឈរ​កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក ដែល​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​នាង​ទៅ​ចូល​រួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​មេបក្ស​ប្រឆាំង។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត​រក​ឃើញ​ថា រូបថត​របស់​យុវតី​រូប​នោះ ត្រូវ​បាន​កែ​ប្រែ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក​ គណនី​ហ្វេសប៊ុក​មួយ​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​ការ​សរសេរ​រៀបរាប់​ថា «ខ្ញុំ​!​ត្រៀម​ទទួល​លោក សម រង្ស៊ី ចុះ​អ្នក​វិញ?» ដែល​ជា​សារ​កៀរគរ​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ទៅ​ទទួល​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី០៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​កន្លង​មក។

គណនី​ហ្វេសប៊ុក​មួយ​នេះ បាន​ចែក​រំលែក​នូវ​រូបថត​មួយ​សន្លឹក​ជាមួយ​សំណេរ​បែប​នោះ​ទៅ​ក្នុង​គ្រុប​​ហ្វេសប៊ុក​មួយ​ដែល​មាន​សមាជិក​រហូត​ដល់​ទៅ​ជិត ៦​សែន​គណនី​ហ្វេសប៊ុក។

រូបភាព​ផ្ដាម​ចេញ​ពី​គណនី​ហ្វេសប៊ុក​នោះ សរសេរ​រៀប​រាប់​ថា​ «ខ្ញុំ​ត្រៀម​ទទួល​លោក សម រង្ស៊ី។ ចុះ​អ្នក​វិញ?»។

Facebook Post | Archived Link

នៅ​​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២១ រូបថត​យុវតី​រូប​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ចូល​នៅ​លើ​បណ្ដាញ​សង្គម​ជា​ថ្មី​ម្ដង​ទៀត​ដោយ​គណនី​ហ្វេសប៊ុក​មួយ​ផ្សេង​ទៀត​ ដែល​រូបថតនោះ​បង្ហាះ​យុវតី​ដដែល​នេះ កាន់​ក្រដាស​ស​មួយ​សន្លឹក​ជាមួយ​សំណេរ​ថា «តើ​យើង​នឹង​ឈប់​ភ្លើង​នៅ​ពេល​ណា?»។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​គណនី​ហ្វេសប៊ុកមួយ​នេះ ដែល​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​យុវតី​ម្នាក់​ឈរ​កាន់​ផ្ទាំង​បដារ​សរសេរ​ថា «តើ​យើង​នឹង​ឈប់​ភ្លើ​នៅ​ពេល​ណា?»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែលនាំ​ឱ្យ​យើង​បាន​ឃើញ​រូបថត​ដើម និងព័ត៌មាន​លម្អិត​នៃ​រូបថត​នេះ។

រូបថត​នៃ​យុវតី​មួយ​នេះ​ដែល​ដូច​គ្នា​ទាំង​ស្រុង​នោះ ត្រូវ​បាន​រក​ឃើញ​លើ​នៅ​លើ​ប៉ុស្តិ៍​មួយ​របស់​ទំព័រ​ហ្វេសប៊ុក​​ការិយាល័យ​កិច្ចការ​និស្សិត​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​កាល​ពី​​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០១៩​កន្លង​មក។

ការិយាល័យ​កិច្ចការ​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយ​នេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​យុវតី​រូប​នេះ កាន់​ផ្ទាំង​ក្រដាស​មួយ​សន្លឹក​ដែល​មាន​រៀបរាប់​ថា «ចោល​សំរាម​ក្រៅ​ធុង​សំរាម​ស្មើ​នឹង​ជាន់​ឈ្លី​មុខ​មាត់​ប្រទេស​ជាតិ» ដែល​ជា​សារ​អំពាវ​នាវ​ឱ្យ​​ប្រជាពលរដ្ឋ​កម្ពុជា​កុំ​ចោល​សំរាម ឬ​ទុក​ដាក់​សំរាម​ឱ្យ​បាន​ត្រឹម​ត្រូវ។

ទំព័រ​ហ្វេសប៊ុក​ការិយាល័យ​កិច្ចការ​និស្សិត​ ថែម​ទាំង​បាន​បញ្ជាក់​​លើ​រូបថត​ដែល​បង្ហាញ​យុវតីជា​និស្សិត​រូប​​នោះ​ថា «Original Photo» ឬ​មាន​ន័យ​ថា «រូបថត​ដើម»។

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​​ប៉ុស្តិ៍​របស់​ការិយាល័យ​កិច្ចការ​និស្សិត​សាកល​វិទ្យាល័យ​បញ្ញាសាស្ត្រ​ជិត ៣​ឆ្នាំ​មុន។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញថា រូបថត​យុវតី​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ ត្រូវ​បាន​កែ​ប្រែ​ពី​រូបថត​ដើម។ យុវតី​រូប​នេះ មិន​បាន​ឈរ​កាន់​ផ្ទាំង​សារ​អំពាវ​នាវ​ឱ្យ​ទៅ​ចូលរួម​ទទួល​ដំណើរ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី នោះ​ឡើយ។ យុវតី​រូប​នេះ​បាន​ឈរ​កាន់​ផ្ទាំង​សារ​ដែល​អំពាវ​នាវ​ឱ្យ​ចូលរួម​ទុក​ដាក់​សំរាម​ក្នុង​ធុង​សំរាម​ឱ្យ​បាន​ត្រឹម​ត្រឹម ដើម្បី​លើក​កម្ពស់​មុខ​មាត់​ប្រទេស​ជាតិ។

Avatar

Title:តើ​យុវតី​ម្នាក់​កាន់​ក្រដាស​អំពាវ​នាវ​ឱ្យ​ចូលរួម​ទទួល​ដំណើរ​មាតុ​ភូមិ​និវត្តន៍​លោក សម រង្ស៊ី មែន​ទេ?

Fact Check By: Jay Udom  

Result: Altered

Leave a Reply

Your email address will not be published.