
កាលពីខែតុលាកន្លងមកនេះ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាអ្នកជំនួញដ៏ល្បីឈ្មោះ និងជាសមាជិកព្រឹទ្ធសភាកម្ពុជា បានធ្វើដំណើរទៅទស្សនកិច្ចនៅសហរដ្ឋអាមេរិក ហើយបានបង្ហោះរូបថតមួយចំនួននៅលើបណ្ដាញសង្គម។ ទន្ទឹមគ្នានោះ រូបថតលំនៅឋានមួយ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយការអះអាងថា ជាផ្ទះរបស់ឧកញ៉ារូបនេះ។ ការអះអាងនេះ ទទួលបានការចែករំលែកបន្តដល់ទៅរាប់រយដង។ ទោះជាយ៉ាងណា ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា លោកគ្មានផ្ទះនៅឯក្រៅប្រទេសទេ។
ការអះអាងលើបណ្ដាញសង្គម
ទំព័រហ្វេសប៊ុកមួយ បានបង្ហោះរូបថតលំនៅឋានដ៏ធំមួយនៅលើបណ្ដាញសង្គម ហើយអះអាងថា គេហដ្ឋានមួយនេះ គឺជាផ្ទះឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ លោក ម៉ុង ឫទ្ធី គឺជាអ្នកជំនួញល្បីឈ្មោះនៅកម្ពុជា និងជាសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជាផងដែរ។
ការអះអាងនេះ ទទួលបានការចែករំលែកបន្តជាច្រើនដងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងមានការបញ្ចេញមតិជាច្រើន និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២២ ខែតុលាកន្លងមកនេះ ដែលរៀបរាប់ថា «អរគុណសន្តិភាព ផ្ទះឧកញ៉ាសន្តិភាព ម៉ុង រិទ្ធី នៅរដ្ឋតិចសាស សហរដ្ឋអាមេរិក»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈការសម្ភាសជាមួយលោក ម៉ុង ឫទ្ធី ដោយផ្ទាល់ និងការស្វែងរកព័ត៌មានបន្ថែមអំពីគេហដ្ឋានមួយនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
២ថ្ងៃបន្ទាប់ពីមានការអះអាងបែបនេះនៅលើបណ្ដាញសង្គម លោក ម៉ុង ឫទ្ធី បានបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃទី២៤ ខែតុលា ដោយបញ្ជាក់ថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។

Fact Crescendo Cambodia បានសាកសួរបន្ថែមទៅលោក ម៉ុង ឫទ្ធី កាលពីថ្ងៃទី១៨ ខែតុលា ហើយលោកបានប្រាប់ថា លោកគ្មានគេហដ្ឋាននៅឯទឹកដីសហរដ្ឋអាមេរិកនោះឡើយ។ លោកបញ្ជាក់បន្ថែមថា លោកមិនបានដឹងថា នរណាជាម្ចាស់ផ្ទះដែលលោកថតបង្ហោះនៅលើបណ្ដាញសង្គមនោះឡើយ។
លោក ម៉ុង ឫទ្ធី បានប្រាប់ឱ្យដឹងថា លោកបានធ្វើដំណើរទៅសហរដ្ឋអាមេរិកកាលពីខែតុលាកន្លងមកនេះ ដើម្បីទៅមើលក្រុមហ៊ុនផ្គត់ផ្គង់សណ្ដែកសៀង និងពោតនៅរដ្ឋ Iowa ឯទីនោះ ប៉ុន្តែ បានទៅស្នាក់នៅលំនៅឋានមួយដែលលោកបញ្ជាក់ថាជាផ្ទះក្មួយរបស់លោក។
សូមស្ដាប់សំឡេងរបស់លោក ម៉ុង ឫទ្ធី ដែលបានផ្ដល់សម្ភាសជាមួយ Fact Crescendo Cambodia កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ តាមរយៈតំណភ្ជាប់នៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ឧកញ៉ា ម៉ុង ឫទ្ធី ដែលជាសមាជិកព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ថា លោកគ្មានផ្ទះនៅរដ្ឋតិចសាស់នោះឡើយ ហើយគេហដ្ឋាននៅក្នុងរូបថតដែលលោកបង្ហោះនៅលើបណ្ដាញសង្គមនោះ មិនមែនជាកម្មសិទ្ធិរបស់លោកឡើយ។

Title:ឧកញ៉ា ម៉ុង ឫទ្ធី បញ្ជាក់ថា លោកគ្មានផ្ទះនៅរដ្ឋតិចសាសនោះឡើយ
Fact Check By: Jay UdomResult: Misleading
