Fact-Check: តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

Misleading Political

លោក ដូណាល់ ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ជិត ១​ឆ្នាំ​ក្រោយ​ពី​លោក​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ទន្ទឹម​គ្នា​នេះ​ដែរ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា មេដឹកនាំ​អាមេរិក​រូប​នេះ​បាន​ជួប​ជុំ​ជាមួយ​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​នា​ពេល​នោះ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ការ​ចុច​ចូល​ចិត្ត​​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត​រក​ឃើញ​ថា ការអះអាង​ជាមួយ​នឹង​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​កន្លង​មក​ ទំព័រ​ហ្វេសប៊ុក​មួយ​ បាន​អះ​អាង​ថា លោក ដូណាល់ ត្រាំ កាល​នៅ​កាន់​អំណាច​ជា​ប្រធានាធិបតី​អាមេរិក បាន​ធ្វើ​ដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​បាន​ជួប​ជាមួយ​បវរ​កញ្ញា​វៀតណាម​ទៀត​ផង។ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​បង្ហាញ​រូបថត​លោក ដូណាល់ ត្រាំ ឈរ​ជាប់នឹង​នារី​ម្នាក់​ដោយ​ដៃ​របស់​លោក​កាន់​ចង្កេះ​នារី​នោះ​ទៀត​ផង។

រូបថត​ជាមួយ​នឹង​ការ​អះ​អាង​ខាង​លើ​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ និង​ចុច​ចូល​ចិត្ត​ច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​នៃ​ទំព័រ​ហ្វេសប៊ុក​នោះ​ដែល​រៀប​រាប់​ «[…] ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​នឹង​បវរ​កញ្ញា​វៀតណាម​យ៉ាង​កក់​ក្ដៅ​ជា​ទីបំផុត […]»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ដែល​នាំ​ឱ្យ​យើង​បាន​ជួប​នឹង​រូបថត​ដូច​គ្នា និង​ព័ត៌មាន​លម្អិត​អំពី​រូបថត​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​នៃ​សារព័ត៌មាន SaoStar របស់​ប្រទេស​វៀតណាម​ ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

តាម​រយៈ​ការ​បក​ដោយ​ Google Translate យើង​បាន​ដឹង​ថា អត្ថបទ​សារព៏ត៌មាន​មួយ​នេះ បាន​និយាយ​អំពី​បវរ​កញ្ញា​តំណាង​ប្រទេស​វៀតណាម រំលឹក​ឡើង​វិញ​ពី​ជំនួប​របស់​ពួកគេ​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ នៅ​មុន​ពេល​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​​​នៅ​ចុង​ឆ្នាំ​២០១៦។

សារព័ត៌មាន​នេះ បាន​សម្ភាស​អតីត​បវរ​កញ្ញា​តំណាង​ប្រទេស​វៀតណាម ៣​រូប មាន​​អ្នក​នាង Võ Hoàng Yến អ្នកនាង Trương Minh Xuân Thảo និង​អ្នកស្រី Kim Hồng ដែល​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​របស់​ពួកគេ បន្ទាប់​ពី​បាន​ដឹង​ថា លោក ត្រាំ បាន​ជាប់​ឆ្នោត​​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ចុង​ឆ្នាំ​២០១៦​នោះ។

នារី​នៅ​ក្នុង​រូបថត​ជាមួយ​លោក ត្រាំ គឺ​អ្នក​នាង Trương Minh Xuân Thảo អតីត​បវរ​កញ្ញា​រូបថត (Miss PNVN) ដែល​បាន​ប្រាប់​សារព័ត៌មាន​ថា នាង​បាន​ជួប​លោក ត្រាំ ដោយ​ចៃដន្យ​កាល​ពី​ឆ្នាំ២០១២ នៅ​ពេល​នាង​បាន​​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​លើក​ទឹក​ចិត្ត​គាំ​ទ្រ​ដល់​​បេក្ខនារី​បវរ​កញ្ញា​ អ្នកនាង Diễm Hương។

អ្នក​នាង Trương Minh Xuân Thảo រំលឹក​ឡើង​វិញ​ថា នាង​បាន​ជួប​លោក ត្រាំ នៅ​ឯ​ពិធី​ជប់​លៀង​បិទ​បញ្ចប់​​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាឡ ហើយ​ថា លោក ត្រាំ បាន​ទាញ​ដៃ​នាង​ថតរូប​រួម​គ្នា​។

SaoStar | Archived Link

ចំណែក​ឯ​​អ្នក​នាង Võ Hoàng Yến បាន​បង្ហោះ​រូបថត​ដែល​នាង​ថត​ជាមួយ​លោក ត្រាំ នៅ​ឆ្នាំ២០០៩​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​នាង។ នៅ​ឆ្នាំ​នោះ អ្នក​នាង Võ Hoàng Yến គឺ​ជា​បេក្ខនារី​តំណាង​ប្រទេស​វៀតណាម​សម្រាប់​ចូលរួម​ប្រកួត​ប្រជែង​បវរ​កញ្ញា​ចក្រ​វាឡ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​លើ​កោះ​ Atlantis Paradise ប្រទេស​បាហាម៉ាស ជា​ប្រទេស​ដែន​ដី​កោះ​ស្ថិត​នៅ​តំបន់​សមុទ្រ​ការ៉ាប៊ីន។

សម្រាប់​អ្នក​ស្រី Kim Hồng វិញ អ្នកស្រី​បាន​រៀបរាប់​ថា អ្នកស្រី​បាន​ជួប​ និង​ធ្វើការ​ជាមួយ​លោក ត្រាំ កាល​ពី​ឆ្នាំ​២០០៦ នៅ​ពេល​អ្នកស្រី​ត្រូវ​បាន​អញ្ចើញ​ឱ្យ​ទៅ​ជួប​មហា​សេដ្ឋី​រូប​នេះ​នៅ​ឯ​ការិយាល័យ​របស់​គាត់​នៅ​ឯ​ទីក្រុង​ញូវយ៉ក ដើម្បី​ជជែក​ការងារ​អស់​រយៈ​ពេល ៣​ម៉ោង។

អ្នកស្រី Kim Hồng និយាយ​ថា អ្នកស្រី​បាន​ជជែក​ជាមួយ​លោក ត្រាំ អំពី​បំណង​របស់​វៀតណាម​ក្នុង​ការ​នាំ​យក​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​វាឡ ទៅ​រៀបចំ​ប្រកួត​ប្រជែង​នៅ​ឯ​ប្រទេស​វៀតណាម ដែល​ជា​លទ្ធផល វៀតណាម​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កម្មវិធី​ប្រកួត​អន្តរជាតិ​នេះ​នៅ​ឆ្នាំ​២០០៨។

SaoStar | Archived Link

លោក ដូណាល់ ត្រាំ បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​ឆ្នាំ​២០១៦ ហើយ​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ដើម​ឆ្នាំ​២០១៧។ ឡើង​កាន់​អំណាច​បាន​ជិត ១​ឆ្នាំ លោក ត្រាំ បាន​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។

តារាង​កម្មវិធី​នៃ​ដំណើរ​ទស្សនកិច្ចរបស់​លោក ត្រាំ នា​ពេល​នោះ ដែល​ផ្សព្វផ្សាយ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ហាណូយ បង្ហាញ​ថា ប្រធានាធិបតី​អាមេរិក​រូប​នេះ មិន​មាន​កម្មវិធី​ជួប​ជុំ​ជាមួយ​នឹង​អតីត​បវរ​កញ្ញា​វៀតណាម​ទាំង​នេះ​នោះ​ឡើយ។

U.S. Embassy in Vietnam | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​បង្ហាញ​លោក ដូណាល់ ត្រាំ ជួប​ជាមួយ​នារី​វៀតណាម​អំឡុង​ពេល​លោក​ទស្សនកិច្ច​នៅ​វៀតណាម​នៅ​ចុង​ឆ្នាំ​២០១៧​នោះ​ឡើយ។ រូបថត​នេះ បង្ហាញ​លោក ដូណាល់ ត្រាំ បាន​ថត​រូប​ជាមួយ​អតីត​បេក្ខនារី​បវរ​កញ្ញា​តំណាង​វៀតណាម អ្នក​នាង Võ Hoàng Yến ក្នុង​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រវាឡ​ឆ្នាំ​២០១២។

Avatar

Title:តើ​លោក ដូណាល់ ត្រាំ ជួប​អតីត​បវរ​កញ្ញា​វៀតណាម​អំឡុង​ដំណើរ​ទស្សន​កិច្ច​នៅ​វៀតណាម​មែន​ទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.