
កម្ពុជាកំពុងតែប្រយុទ្ធនឹងការឆ្លងរីករាលដាលនៃវីរុសកូរ៉ូណាចាប់តាំងពីរដ្ឋាភិបាលបានប្រកាសវិធានការបន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍លើកទី៣នៅថ្ងៃទី២០ ខែកុម្ភៈ។ ការផ្ទុះឡើងនៃការឆ្លងក្នុងសហគមន៍លើកទី៣នេះ បានកើតឡើង បន្ទាប់ពីការរកឃើញជនជាតិចិនមួយក្រុមធំដែលរស់នៅតំបន់ពាណិជ្ជកម្មកោះពេជ្រ បានឆ្លងវីរុសកូរ៉ូណា។
កម្ពុជារកឃើញមនុស្សដល់ទៅ ៧៦៦នាក់ បានឆ្លងវីរុសកូរ៉ូណា ក្នុងនោះ ២៥៩នាក់ បានឆ្លងវីរុសនេះជាប់ពាក់ព័ន្ធនឹងការឆ្លងក្នុងសហគមន៍លើកទី៣ ហើយភាគច្រើនជាជនជាតិចិន នេះតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ ខែកុម្ភៈ។ ជាលទ្ធផល ការអះអាង និងពាក្យមិនត្រឹមត្រូវជាច្រើនជាប់ពាក់ព័ន្ធនឹងជនជាតិចិន ត្រូវបានចែករំលែកនៅលើហ្វេសប៊ុក តេឡេក្រាម និងបណ្ដាញសង្គមដទៃទៀតនៅកម្ពុជា។
ករណីមួយបែបនេះ ការត្រួតពិនិត្យរបស់ FC Cambodia បានបញ្ជាក់ថា ការបង្ហោះសារដែលនិយាយថា បុរសជនជាតិបានរត់គេចពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ មិនត្រឹមត្រូវនោះទេ។
ការអះអាងលើបណ្ដាញសង្គម (Social Media Claims)
នៅថ្ងៃទី២៦ ខែកុម្ភៈ រូបថតនៃបុរសជនជាតិនចិនរួមជាមួយលិខិតឆ្លងដែនផងដែរ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ចែករំលែក ដោយអះអាងថា បុរសជនជាតិចិននោះ កំពុងរត់គេចពីការដាក់ឱ្យធ្វើចត្តាឡីស័ក បន្ទាប់ពីធ្វើតេស្តឆ្លងជំងឺកូវីដ១៩។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានជំរុញទៅពលរដ្ឋកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះបុរសជនជាតិចិន ហើយរាយការណ៍ប្រាប់ទៅអាជ្ញាធរមូលដ្ឋាន ប្រសិនបើប្រទះឃើញបុរសចិនរូបនេះនៅទីណា។
សាររបស់អ្នកប្រើប្រាស់ហ្វេសប៊ុកដែលបង្ហោះនៅថ្ងៃទី២៦ ខែកុម្ភៈ បានរៀបរាប់ថា «សូមប្រុងប្រយ័ត្នចំពោះបុគ្គលរូបនេះ គាត់វិជ្ជមានកូវីដ ហើយបានគេចចេញពីមណ្ឌលចត្តាឡីស័កភ្នំពេញ»។
អ្នកប្រើប្រាស់ហ្វេសប៊ុករាប់ពាន់នាក់ បានបញ្ចេញប្រតិកម្មលាយឡំជាមួយមតិយោបល់ផ្សេងៗឆ្លើយតបនឹងសារបង្ហោះនេះ។ ការអះអាងនេះ ក៏ត្រូវបានចែករំលែកទៅក្រុមផ្សេងៗទៀត ដែលមានសមាជិករាប់រយនពាន់នាក់។
ការត្រួតពិនិត្យការពិត (Fact Check )
យើងចាប់ផ្ដើមផ្ទៀងផ្ទាត់លើការអះអាងនេះតាមរយៈការជជែកជាមួយប្រភពដ៏គួរឱ្យទុកចិត្តនៅក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តកែប។
លោក សោម ចិន្ដា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បានប្រាប់ FC Cambodia នៅថ្ងៃទី២៧កុម្ភៈថា មន្ត្រីម្នាក់របស់លោកដែលកាន់ទំព័រហ្វេសប៊ុករបស់អង្គភាព បានបង្ហោះសារនេះដោយមិនមានការផ្ទៀងផ្ទាត់នោះឡើយ បន្ទាប់ពីស្ដាប់សារជាសំឡេងដែលត្រូវបានចែករំលែកនៅក្នុងក្រុមតេឡេក្រាម។ លោកបន្ថែមថា បន្ទាប់ពីបានដឹងពីបញ្ហានេះ មន្ទីរទេសចរណ៍ខេត្តកែប បានដកចេញនូវសារដែលបង្ហោះនោះ ហើយជំនួសមកវិញនូវសារកែតម្រូវ។
អ្នកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមគ្រុបតេឡេក្រាមនៅថ្ងៃទី២៦កុម្ភៈថា ការបង្ហោះសារនោះ «ជាដំណឹងក្លែងក្លាយ» ដោយអ្នកស្រីបញ្ជាក់ថា បុរសជនជាតិចិននោះ ស្ថិតនៅក្នុងមណ្ឌលចត្តាឡីស័កនៅភ្នំពេញនៅពេលដែលមានការបង្ហោះសារបែបនោះ។
វីដេអូឃ្លីបដែលបង្ហោះដោយការីនិពន្ធសារព័ត៌មាន Cambodia China Times បង្ហាញបុរសជនជាតិចិនឈ្មោះ Zhou Daoqing កាន់លិខិតឆ្លងដែនរបស់គាត់ស្ថិតនៅក្រោយខ្សែពណ៌លឿងនៅក្នុងមណ្ឌលចត្តាឡីស័កមួយ។
សារព័ត៌មាន Khmer Times បានចេញផ្សាយថា «ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានប្រកាសច្រានចោលភ្លាមៗនូវព័ត៌មានដែលចែករំលែកនៅលើបណ្ដាញសង្គមថា បុរសជនជាតិម្នាក់បានរត់គេចពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញ»។
Khmer Times’ Facebook Post | Archived Link
សន្និដ្ឋាន (Conclusion)
FC Cambodia រកឃើញថា សារដែលបង្ហោះខាងលើ មិនត្រឹមត្រូវទេ។ បុរសជនជាតិចិនរូបនោះ មិនបានរត់គេចពីមណ្ឌលចត្តាឡីស័កនោះឡើយ ក្រោយពីរកឃើញឆ្លងវីរុសកូរ៉ណា។

Title:បុរសជនជាតិចិនមិនបានរត់គេចពីមណ្ឌលចត្តាឡីស័កនៅភ្នំពេញទេ
Fact Check By: Jay UdomResult: False