គ្រូ​បង្រៀន​ម្នាក់​វ័យ​២១​ឆ្នាំ​​មិន​មែន​ស្លាប់់​ដោយសារ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទេ

False Medical

កម្ពុជា​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ​​បន្ទាប់​ពី​វ៉ាក់សាំង​​ស៊ីណូហ្វាម (Sinopharm)​លើក​ដំបូង ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ។ ការ​មក​ដល់​នៃ​វ៉ាក់សាំង​ដែល​ជា​ជំនួយ​ផ្ដល់​ឱ្យ​ដោយ​ប្រទេស​ចិន​នេះ បាន​ជំរុញ​ឱ្យ​មាន​ការ​ជជែក និង​ពាក្យ​ចចាម​អារ៉ាម​ជាច្រើន​នៅ​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ។

ការ​ចាប់​ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ចិន​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អះ​អាង​ថា បាន​បណ្ដាល​ឱ្យ​គ្រូ​បង្រៀន​ម្នាក់​នៅ​ឯ​ខេត្ត​ក្រចេះ ស្លាប់​បាត់​បង់​ជីវិត។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​ការ​ពិត បាន​រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ មរណភាព​របស់​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ក្រចេះ ត្រូវ​បាន​គេ​ចែក​រំលែក​តៗ​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយសារ​និយាយ​ថា គ្រូ​បង្រៀន​រូប​នោះ បាន​ស្លាប់​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​លើក​ដំបូង។

រូបភាព​ចម្លង​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ និយាយ​ថា «សូម​ប្រជាជន​ខ្មែរ​ធ្វើការ​ពិចារណា​មុន​នឹង​ចាក់​វ៉ាក់សាំង​ចិន។ អ្នកគ្រូ​ទទួល​មរណភាព​ហើយ ១៧ កុម្ភៈ ២០២១។ អ្នក​គ្រូ​ស្លូត សុភាព ជា​គំរូ បង្រៀន​សិស្ស​យ៉ាង​ល្អ បែរ​ជា​ទទួល​មរណភាព​ដោយសារ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ Sinopharm របស់​ចិន​បាន ២​ថ្ងៃ។ ជា​ការ​បាត់​បង់​ធនធាន​មនុស្ស​ដ៏​សំខាន់​ផ្នែក​បណ្ដុះ​បណ្ដាល»។

«អ្នកគ្រូ ឆន ណារី អាយុ ២១​ឆ្នាំ នៅ​ខេត្ត​ក្រចេះ។ គួរ​ឱ្យ​សោក​ស្ដាយ​ពន់​ពេក​ហើយ»។

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ​ជាច្រើន​នាក់ បាន​បញ្ចេញ​ប្រតិកម្ម និង​ចែក​រំលែក​ការ​បង្ហោះ​សារ​នេះ ហើយ​សារ​នេះ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​ទៅ​កាន់​ក្រុម​នានា​ដែល​មាន​សមាជិក​រាប់​រយ​ពាន់​នាក់។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

យើង​ចាប់​ផ្ដើម​ស្វែង​រក​ការ​ពិត​នៅ​ក្នុង​រឿង​នេះ​តាម​រយៈ​ការ​ពិនិត្យ​មើល​ប្រតិកម្ម​នានា​ដែល​ឆ្លើយ​តប​នឹង​សារ​នោះ​នៅ​លើ​ហ្វេសប៊ុក និង​ក្រុម​នានា។ យើង​បាន​រក​ឃើញ​សមាជិក​សាច់​ញាតិ​របស់​អ្នកគ្រូ​បង្រៀន​រូប​នោះ​ បាន​បញ្ចេញ​មតិ​យោបល់។ យើង​បាន​ទំនាក់​ទំនង​ជាមួយ​លោក ធីម វាសនា ដែល​អះ​អាង​ថា លោក​ជា​បង​ថ្លៃ​របស់អ្នកគ្រូ ឆន ណារី។ លោក វាសនា បាន​យល់​ព្រម​ផ្ដល់​ការ​ពន្យល់ និង​ព័ត៌មាន​បន្ថែម​អំពី​មរណភាព​របស់​អ្នកគ្រូ។

លោក វាសនា និយាយ​ក្នុង​កិច្ច​សម្ភាស​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​១៨​​ខែ​កុម្ភៈ​ថា អ្នកគ្រូ ណារី បាន​ភ្ជាប់​ពាក្យ​ជាមួយ​ប្អូន​ប្រុស​របស់​លោក​ឈ្មោះ ធឹម វីរៈ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន ហើយ​ពួកគេ​ទាំង​ពីរ​គ្រោង​រៀប​មង្គលការ​នៅ​ខែ​មិថុនា​ខាង​មុន​េនេះ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​សម្រេចដក​ចេញ​វិធានការ​រឹត​បន្តឹង​លើ​ការ​ប្រមូល​ផ្ដុំ​មនុស្ស​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នស​ជំងឺ​កូវីដ​១៩។ ប៉ុន្តែ លោក វីរៈ បដិសេធ​ផ្ដល់​សម្ភាស​អំពី​មរណភាព​គូ​ដណ្ដឹង​របស់​លោក ដោយសារ​តែ​លោក​មិន​ទាន់​អាច​ទទួល​យក​បាន​ភ្លាមៗ​នោះ​ឡើយ​ចំពោះ​អ្វីដែល​បាន​កើត​ឡើង។ លោកបាន​រុញ​ឱ្យ​សាក​សួរ​ទៅ​បង​ប្រុស​របស់​លោក​វិញ។

លោក វាសនា ប្រាប់​ថា អ្នកគ្រូ ណារី ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់ចាម​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ភ្លាមៗ​ក្រោយ​ពី​នាង​បាន​ដួល​សន្លប់ ហើយ​បាន​បញ្ជូន​បន្ត​នៅ​ថ្ងៃ​ដដែល​ទៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ ដែល​ជា​មន្ទីរ​ពេទ្យ​ធំ​របស់​កម្ពុជា​ស្ថិត​នៅ​រាជ​ធានី​ភ្នំពេញ។ អ្នកគ្រូ ណារី ត្រូវ​បាន​ត្រួត​ពិនិត្យ​រក​ឃើញ​ថា មាន​ជំងឺរលាក​ស្រោម​ខួរ ហើយ​ត្រូវ​បាន​ដាក់​ឱ្យ​ព្យាបាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ។

បើ​តាម​លោក វាសនា ស្ថានភាព​សុខភាពរបស់​អ្នកគ្រូ ណារី មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ បន្ទាប់​ពី​ការ​ព្យាបាល​អស់​រយៈ​ពេល ១៥​ថ្ងៃ។ សព​អ្នក​គ្រូ ណារី ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ឯ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ហើយ​បាន​បញ្ចុះ​នៅ​ថ្ងៃ​បន្ទាប់។

លទ្ធផល​វិនិច្ឆ័យ​របស់​អ្នកគ្រូ ណារី រក​ឃើញ​ថា គាត់​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល នេះ​បើ​តាម​រោគ​វិនិច្ឆ័យ​ធ្វើ​ឡើង​ដោយ​​វេជ្ជ​បណ្ឌិត ថាំង ស៊ីនវ៉េង គ្រូ​ពេទ្យ​បម្រើការ​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត្រ។ FC Cambodia បាន​ឃើញ​រោគ​វិនិច្ឆ័យ​នោះ ដែល​លោក វាសនា ផ្ញើ​មក ជាការ​ឆ្លើយ​តប​សម្រាប់​ការ​បញ្ជាក់​ពី​ការ​ពិត​នេះ។

«អ្នកគ្រូ ណារី មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ចិន​នោះ​ឡើយ» នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក វាសនា នៅ​ពេល​ត្រូវ​បាន​សាក​សួរ​ថា តើ​អ្នកគ្រូ ណារី បាន​ចាក់​វ៉ាក់សាំង​ចិន​ឬយ៉ាងណា។

អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​បដិសេធ​ទៅ​នឹង​ការ​អះអាង​ខាង​លើ ដោយនិយាយ​ថា «ព័ត៌មាន​មិន​ពិត»។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សារ​បង្ហោះ​ខាង​លើ​នេះ មិន​ពិត​នោះ​ឡើយ។ មរណភាព​របស់​អ្នកគ្រូ ណារី មិន​ពាក់​ព័ន្ធ​នឹង​វ៉ាក់សាំង​ជា​ជំនួយ​របស់​ចិន​ឡើយ។ អ្នកគ្រូ​បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​រលាក​ស្រោម​ខួរ​ក្បាល​ បន្ទាប់​ពី​តស៊ូ​នឹង​ជំងឺ​នេះ​អស់រយៈ​ពេល ១៥​ថ្ងៃ។

Avatar

Title:គ្រូ​បង្រៀន​ម្នាក់​វ័យ​២១​ឆ្នាំ​​មិន​មែន​ស្លាប់់​ដោយសារ​វ៉ាក់សាំង​ចិន​ស៊ីណូហ្វាម​ទេ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.