
ខណៈដែលពលរដ្ឋកម្ពុជា និងពលរដ្ឋថៃមួយចំនួន ខ្វែងគំនិតគ្នាជុំវិញរឿងរ៉ាវវប្បធម៌ និងប្រវត្តិសាស្ត្រនោះ អ្នកបង្កើតមាតិកាម្នាក់បានអះអាងក្នុងវីដេអូរបស់ខ្លួនថា ចម្លាក់ព្រះគោត្រូវបានថៃចាក់សោររក្សាទុកក្នុងប្រាសាទ ឬព្រះវិហារមួយនៅក្នុងរាជវាំងថៃ ដោយមិនអនុញ្ញាតឱ្យមហាជនចូលទស្សនាខាងក្នុងឡើយ។ ការអះអាងនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងផុសផុលនៅលើបណ្ដាញសង្គម។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងនេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
អ្នកបង្កើតមាតិកានៅលើបណ្ដាញសង្គមម្នាក់ បានអះអាងនៅក្នុងវីដេអូរបស់ខ្លួនកាលពីសប្ដាហ៍មុនថា ចម្លាក់ព្រះគោដែលត្រូវបានថៃ(សៀមកាលពីអតីតកាល)យកពីប្រទេសកម្ពុជាកាលពីរាប់រយឆ្នាំមុន ត្រូវបានគេយកទៅរក្សាទុកនៅក្នុងប្រាសាទមួយនៅក្នុងបរិវេណព្រះបរមរាជវាំងថៃ។
វីដេអូនៃការអះអាងនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាចែករំលែកបន្តដល់ទៅរាប់សែនដង និងទទួលបានមតិយោបល់ចម្រុះផងដែរ បន្ទាប់ពីវាត្រូវបានបង្ហោះលើបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន។
ខាងក្រោមនេះ គឺជាវីដេអូមានរយៈពេលជិត ៦នាទី ដែលអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមម្នាក់ បានបង្ហោះនៅលើទំព័រហ្វេសប៊ុក Rick Kh កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
បើតាមរូបថតក្នុងវីដេអូ យើងបានរកឃើញថា ប្រាសាទមួយដែលអ្នកបង្កើតមាតិកាលើបណ្ដាញសង្គមបានលើកឡើងនោះ ត្រូវបានរាជវាំងថៃដាក់ឈ្មោះថា ប្រាសាទព្រះថេបប៊ីដុន (Prasat Phra Them Bidon) ឬ Royal Pantheon ដែលស្ថិតនៅក្នុងបរិវេណវត្តព្រះកែវមរកត នៃព្រះបរមរាជវាំងថៃ។

អត្ថបទមួយចុះផ្សាយនៅក្នុងគេហទំព័រ SILPA កាលពីចុងខែមករាកន្លងមកនេះ បានឱ្យដឹងថា ប្រាសាទព្រះថេបប៊ីដុន (ភាសាខ្មែរ ប្រាសាទព្រះទេពបិតរ ហៅអាចហៅបានថា វិហារដូនងតា) គឺជាទីតម្កល់រូបសំណាក់ព្រះមហាក្សត្រថៃនៃសន្តតិវង្សចក្រីតាំងពីបឋមក្សត្ររហូតដល់ព្រះមហាក្សត្រ ភូមិបុល អាដុលយ៉ាដេត ដែលបានយាងសោយទិវង្គតកាលពីឆ្នាំ២០១៦កន្លងមក។
ខាងក្រោមនេះ គឺជារូបថតមួយសន្លឹកដែលបង្ហាញរូបសំណាក់ព្រះមហាក្សត្រថៃនៃសន្តិវង្សចក្រី ដែលត្រូវបានតម្កល់ទុកនៅក្នុងប្រាសាទព្រះថេបប៊ីដុន។

អត្ថបទរបស់គេហទំព័រ SILPA បានឱ្យដឹងថា ព្រះវិហារមួយនេះ ត្រូវបានចាប់ផ្ដើមកសាងដំបូងនៅឆ្នាំ១៨៥៥ នៅក្នុងរជ្ជកាលស្ដេចមង្ឃុត ឬរាមាទី៤ និងត្រូវបានគេប្រសិទ្ធនាមថា «ព្រះពុទ្ធប្រាង្គប្រាសាទ» សម្រាប់តម្កល់ព្រះពុទ្ធរូបព្រះកែវមរកត ប៉ុន្តែ ព្រះរាជាបានសោយទិវង្គតមុនការសាងសម្រេចរួចរាល់។
ព្រះវិហារមួយនេះ ត្រូវបានសាងសង់រួចរាល់នៅក្នុងឆ្នាំ១៨៨២ ក្នុងរាជកាលជូឡាឡុងកន ឬរាមាទី៥ ប៉ុន្តែ ព្រះរាជាអង្គនេះ មើលឃើញថា ព្រះវិហារមួយនេះមានទំហំតូចមិនស័ក្តិសមរសម្រាប់ការរៀបចំពិធីផ្សេងៗនោះឡើយ។
ព្រះមហាក្សត្រជូឡាឡុងកន បានបញ្ជាឱ្យកែប្រែព្រះវិហារមួយនេះទៅជាទីតម្កល់រូបសំណាកព្រះមហាក្សត្រមុនៗនៃសន្តតិវង្សចក្រី ហើយរូបសំណាកព្រះរាជាជំនាន់ក្រោយមកទៀត ត្រូវបានតម្កល់ទុកនៅក្នុងព្រះវិហារនេះផងដែរ។
គេហទំព័រសំណាក់ព្រះរាជវាំងថៃចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២២កន្លងមកនេះ តែងតែបង្ហាញព្រះមហាក្សត្រថៃ មហាវិជីរ៉ាឡុងកន និងព្រះមហេសី ព្រមទាំងព្រះញាតិវង្ស ចូលទៅក្រាបបង្គំព្រះបរមរូបសំណាក់ព្រះរាជាជំនាន់មុនៗ។
ខាងក្រោមនេះ គឺជារូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពខាងក្នុងព្រះវិហារព្រះទេពបិតរ ឬវិហារដូនតា នៅពេលព្រះមហាក្សត្រ មហាវិជីរ៉ាឡុងកន និងព្រះមហេសី យាងទៅក្រាបថ្វាយបង្គំព្រះបរមរូបសំណាក់បុព្វបុរសនៃសន្តតិវង្សចក្រី នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ចំទិវារំលឹកព្រះរាជាជូឡាឡុងកន។

ដូច្នេះ ជារួមមក គ្មានឯកសារផ្លូវការណាមួយបញ្ជាក់ថា ព្រះវិហារព្រះទេពបិតរ ឬវិហារដូនតានេះ ត្រូវបានតម្កល់រូបសំណាក់ព្រះគោ ដែលត្រូវបានគេនិទានតៗគ្នាថា ត្រូវបានសៀមនាំយកពីប្រទេសកម្ពុជាកាលពីរាប់រយឆ្នាំមុននោះឡើយ។
តើព្រះវិហារព្រះទេពបិតរបើកទ្វារឱ្យសាធារណជនចូលទស្សនាថ្ងៃណាខ្លះ?
សេចក្ដីរាយការណ៍មួយរបស់សារព័ត៌មាន Pattaya Mail កាលពីឆ្នាំ២០១៥កន្លងមក បានឱ្យដឹងថា ព្រះវិហារព្រះទេពបិតរនេះ មិនត្រូវបានឱ្យសាធារណជនចូលទស្សនាជារៀងរាល់ថ្ងៃនោះឡើយ ប៉ុន្តែ សំណាក់ព្រះរាជវាំងថៃ បានកំណត់ថ្ងៃបើកឱ្យសាធារណជនចូលទស្សនា និងក្រាប់បង្គំគាល់រូបសំណាក់ព្រះមហាក្សត្រថៃជំនាន់មុនៗរយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះក្នុងមួយឆ្នាំ។
សារព័ត៌មាននេះ បានឱ្យដឹងទៀតថា ព្រះវិហារមួយនេះ ត្រូវបានបើកឱ្យសាធារណជនចូលទស្សនានៅពិសេសៗដូចជា ទិវាសោយរាជសម្បត្តិ ទិវាសន្តតិវង្សចក្រី ពិធីបុណ្យសង្ក្រាន្ត និងទិវារំលឹកស្ដេចជូឡាឡុងកន ជាដើម។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
ជារៀងរាល់ឆ្នាំ សំណាក់ព្រះរាជវាំងថៃបានចេញសេចក្ដីប្រកាសព័ត៌មានបញ្ជាក់ពីពេលវេលា និងថ្ងៃដែលអនុញ្ញាតឱ្យមហាជនចូលទស្សនា និងក្រាបបង្គំព្រះបរមរូបសំណាក់ព្រះរាជាថៃជំនាន់មុនៗ។
ខាងក្រោមនេះ គឺជាកាលបរិច្ឆេទដែលសំណាក់ព្រះរាជវាំងថៃអនុញ្ញាតឱ្យមហាជនចូលទស្សនា និងក្រាបបង្គំព្រះបរមរូបសំណាក់ព្រះរាជាថៃជំនាន់មុនៗ កាលពីឆ្នាំ២០២១កន្លងមកនេះ។

ខាងក្រោមនេះ គឺជាសេចក្ដីរាយការណ៍មួយរបស់ទូរទស្សន៍ថៃ Thai PBS News ដែលរៀបរាប់ពីការអនុញ្ញាតឱ្យប្រជាជនថៃចូលទស្សនាខាងក្នុងព្រះវិហារដូនតា និងថ្វាយបង្គំព្រះបរមរូបសំណាក់ស្ដេចថៃជំនាន់មុនៗ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ គ្មានឯកសារផ្លូវការណាមួយបញ្ជាក់ថា រូបចម្លាក់ព្រះគោត្រូវបានរក្សាទុកនៅក្នុងព្រះវិហារព្រះទេពបិតរ ឬវិហារដូនតា នៅក្នុងរាជវាំងថៃនោះឡើយ។ ឯកសារនានាបញ្ជាក់ថា ប្រាសាទព្រះទេពបិតរ គឺជាតម្កល់ព្រះបរមរូបសំណាក់ព្រះមហាក្សត្រជំនាន់មុនៗនៃសន្តតិវង្សចក្រី។

Title:អ្នកបង្កើតមាតិកាម្នាក់អះអាងមិនត្រឹមត្រូវថា ចម្លាក់ព្រះគោត្រូវបានថៃចាក់សោរទុកនៅវិហារព្រះទេពបិតរ
Fact Check By: Jay UdomResult: False
