ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្រ្ដី​ ហ៊ុន​ សែន​ បាន​ចេញ​បទ​បញ្ជា​ឱ្យ​បាញ់​ទម្លាក់​យន្ត​ហោះដ្រូន​​​គ្មាន​មនុស្ស​បើក​ ដែល​​ហោះ​ចូល​ទឹក​ដី​កម្ពុជា​នៅ​តំបន់​ភាគ​ឦសាន​​ដែល​មាន​ព្រំ​ប្រទល់​ជាប់​នឹង​ប្រទេស​វៀត​ណាម​នោះ​ រូប​ថត​យន្ត​ហោះ​ដ្រូន​ជា​ច្រើន​សន្លឹក​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះអាង​ថា វា​ជា​យន្តហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ខេត្ត​រតនគិរី។ ការ​អះ​អាង​នេះ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ព្រោង​ព្រាត​ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើន​។​ ទោះ​ជា​យ៉ាង​ណា​ ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា​ ការ​អះ​អាង​នេះ​ គឺ​ធ្វើ​ឱ្យ​មាន​ការ​យល់​ច្រឡំ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

ការ​អះអាង​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ទទួល​បាន​បទ​បញ្ជា​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ចេញ​ទៅ​បាញ់​កម្ទេច​យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើកដែល​ត្រូវ​បាន​បង្ហោះ​ចូល​ដែន​អាកាស​កម្ពុជានៅ​ខេត្ត​ភាគ​ឦសាន​ជាប់​ព្រំដែន​ប្រទេស​វៀតណាម។

ការ​អះអាង​នេះ ក៏​បាន​បង្ហោះ​មក​ជាមួយ​ផង​ដែរ​នូវ​រូបថត​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​រក​ឃើញ​ធ្លាក់​នៅ​លើ​ដី​នៅ​ក្នុង​តំបន់​ព្រៃ​ដាច់​ស្រយាល​មួយ​កន្លែង។

ការ​អះអាង​ខាង​លើ​​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ផ្ដាម​ពី​បណ្ដាញ​សង្គម​ដែល​បាន​រៀប​រាប់​​ថា​ «កម្លាំង​ប្រតិបត្តិការ​​ពិសេស​បាន​ទៅ​ដល់​គោល​ដៅ​ព្រំដែន​​ខេត្ត​រតនគិរី​ហើយ​ បញ្ជា​​ឱ្យ​បាញ់​ដ្រូន​ហោះ​ចូល​មក​កម្ពុជា​»។​

Facebook Post | Archived Link

រូបថត​ភ្ជាប់​ដោយ​ការ​អះ​អាង​រាយការណ៍​បែប​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជា​ច្រើ​នទៀត​ផង​ដែរ​។​

សូម​មើល​ខ្លឹម​សារ​អះអាង​ទាំង​ស្រុង​ តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​ (archived link), ឬ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ​ (archived link) និង​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ​ (archived link)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​។

យើង​បាន​រក​ឃើញ​រូប​ថត​ជា​ច្រើន​ ​បង្ហាញ​ទិដ្ឋភាព​យន្តហោះ​ដ្រូន​ដែល​បាន​ធ្លាក់​មួយ​នេះ​ ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដា​គេហទំព័រ​ និង​សារព័ត៌មាន​នា​នា​កាល​ពី​ ៣​ឆ្នាំ​មុន​។​

រូប​ថត​បង្ហាញ​ទិដ្ឋភាព​យន្ត​ហោះ​ដ្រូន​​គ្មាន​មនុស្ស​បើក​នេះ​ ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន​​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក ដោយ​មាន​ការ​បញ្ជាក់​ថា យន្ត​ហោះ​ដ្រូន​​ពណ៌​ទឹក​ប្រាក់​ ដែល​មាន​បណ្ដោយ​ប្រវែង​ប្រមាណ​ ៥​ម៉ែត្រ​ និង​ទទឹង​ស្លាប​សង​ខាង​ប្រវែង​ ៩​ម៉ែត្រ​ ត្រូវ​បាន​ធ្លាក់​កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ ក្នុង​ស្រុក​គិរីសាគរ​ ខេត្ត​កោះ​កុង​។​

ខាង​ក្រោម​នេះ​ គឺ​ជា​ទិដ្ឋភាព​យន្ត​ហោះ​ដ្រូន​ ដែល​បាន​ធ្លាក់​នៅ​ក្នុង​ភូមិសាស្ដ្រ​ខេត្ត​កោះ​កុង​ មិនបាន​ពាក់​ព័ន្ធ​ទៅ​នឹង​​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​នោះ​ឡើយ​។​

The Phnom Penh Post Link | Archived Link

ករណី​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រសារព័ត៌មាន​ Cambodia Express News (CEN) ផង​ដែរ​កាល​ខែ​មករា​ ឆ្នាំ​២០២០​កកន្លង​ទៅ​​។​

គេហទំព័រ​ដដែល​ខាង​លើ​​ បាន​បញ្ជាក់​ថា​ យន្ត​ហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​នេះ​​ បាន​ធ្លាក់​នៅ​ក្នុង​ភូមិសាស្ដ្រ​ស្រុក​គិរីសាគរ​ ខេត្ត​កោះ​កុង​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​​។​

Cambodia Express News Link | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​​រាយការណ៍​ពី​សារព័ត៌មាន​ Fresh News កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ឆ្នាំ​២០២០​កន្លង​ទៅ​ ដែល​បាន​បញ្ជាក់​ថា​ យន្ត​ហោះ​ដ្រូន​ ដែល​ធ្លាក់​នៅ​ខេត្ត​កោះ​កុង​នោះ​ ត្រូវ​បាន​កាត់​ជា​កំណាត់​ និង​បាន​បញ្ជូន​មក​ក្រសួង​ការពារ​ជាតិ​ ដើម្បី​ពិនិត្យ​ និង​ស្រាវ​ជ្រាវ​បន្ត​។​

YouTube Link | Archived Link

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News TikTok

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ យន្តហោះ​ដ្រូន​គ្មាន​មនុស្ស​បើក​ដូច​ក្នុង​រូបថត​នោះ គឺ​ជា​យន្តហោះ​ដ្រូន​ដែល​បាន​ធ្លាក់​ចូល​ទឹក​ដី​កម្ពុជា​ក្នុង​ខេត្ត​កោះកុង​កាល​ពី​ដើម​ឆ្នាំ​២០២០​កន្លង​មក។ យន្តហោះ​ដ្រូន​មួយ​គ្រឿង​នេះ គ្មាន​ពាក់​ព័ន្ធ​អ្វី​ទៅ​នឹង​យន្ត​ហោះ​ដ្រូន​ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ទឹក​ដី​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី​នា​ពេល​ថ្មីៗ​នេះ​ឡើយ។

Avatar

Title:យន្ត​ហោះ​ដ្រូន​ដែល​ធ្លាក់​កាល​ពី​៣​ឆ្នាំ​មុន​ ត្រូវ​បាន​ភ្ជាប់​មិន​ត្រឹម​ត្រូវ​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ​នៅ​ខេត្ត​រតន​គិរី​

Written By: Kakada Sim

Result: Misleading