Fact-Check: លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​សុជីវធម៌​ទាំង​ស្រុង​ទៅ​កាន់​មន្ត្រី​ការទូត​អង់គ្លេស​មែន​ឬទេ?

Misleading Political

ជំនួយ​​ជា​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ប្រភេទ​ AstraZeneca​ចំនួន ៤១៥,០០០​ដូស ដែល​ផ្ដល់​ដោយ​ចក្រ​ភព​អង់គ្លេស​មក​កម្ពុជា ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​នេះ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូល​រួម​ទទួល​វ៉ាក់សាំង​នោះ។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ ត្រូវបាន​បង្ហោះ​លើ​បណ្ដាញ​សង្គម ដែល​បង្ហាញ​មន្ត្រី​ទូត​អង់គ្លេស​លើក​ដៃ​សំពះ​ជម្រាប​សួរ​លោក ហ៊ុន សែន ប៉ុន្តែ មេដឹកនាំ​កម្ពុជា​រូបនេះ មិន​បាន​លើក​ដៃ​សំពះ​វិញ​ទេ។

រូបថត​មួយ​សន្លឹក​នេះ នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ​ថា លោក ហ៊ុន សែន គ្មាន​សុជីវធម៌​នោះ​ឡើយ ខណៈ​មន្ត្រី​ទូត​បរទេស​បាន​លើក​ដៃ​ជម្រាប​សួរតាម​របៀប​ខ្មែរ។ រូបថត​នេះ ត្រូវ​បាន​ចែក​រំលែក​តៗ​គ្នា​ជាច្រើន​ដង​ផង​ដែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់ការ​ពិត រក​ឃើញ​ថា ការ​អះ​អាង​នេះ​មិន​ត្រឹម​ត្រូវ​នោះឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​សីហា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​ក្នុង​បណ្ដាញ​សង្គម ដែល​បង្ហាញ​បុរស​បរទេស​ម្នាក់​សំពះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អះអាង​ថា លោក​ ហ៊ុន សែន បង្ហាញ​ឥរិយាបថ​មិន​សម​រម្យ​ចំពោះ​បុរស​បរទេស​រូប​នោះ ដោយ​មិន​បាន​លើក​ដៃ​សំពះ​បុរស​បរទេស​រូប​នោះ​វិញ​ឡើយ។

រូបថត​រួម​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ ដែល​រៀបរាប់​ថា «អង់គ្លេស​អើយ កុំ​ជោរ​ជាមួយ​សម្ដេច! ជំនួយ​របស់​ចិន​កុម្មុយនីស្ត ក្រាប​លូន​ ជំនួយ​របស់​ប៉ែក​អឺរ៉ុប​ពើង​ទ្រូង ហាស​ហា! ចប់!»។

Facebook Post | Archived Link

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ជាច្រើន​ ជឿ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ខ្វះ​សុជីវធម៌ ដោយ​មិន​បាន​លើក​ដៃ​សំពះ​តប​នឹង​បុរស​បរទេស​នោះ​ឡើយ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ​ Google ដែល​នាំ​ឱ្យ​​យើង​បាន​ជួប​រូបថត និង​វីដេអូ​ទាំង​ស្រុង។

រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​បាន​ផ្សាយ​ផ្ទាល់​នូវ​កម្មវិធី​ប្រគល់ និង​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ​ជា​ជំនួយ​របស់​ប្រទេស​អង់គ្លេស​​ផ្ដល់​មក​​កម្ពុជា ដែល​ត្រូវ​បាន​ដឹក​ជញ្ជូន​មក​ដល់​រាជ​ធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​សីហា​កន្លង​មក​នេះ។

រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ភារ​ធានី​ស្ដី​ទី​នៃ​ស្ថានទូត​ចក្រ​ភព​អង់គ្លេស​ប្រចាំ​នៅកម្ពុជា លោក ម៉ាក ហ៊ែរ (Marc Thayre) លើក​ដៃ​សំពះ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពិធី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។

ប៉ុន្តែ វីដេអូ​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ បង្ហាញ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក ម៉ាក ហ៊ែរ បាន​យក​​កែង​ដៃ​ប៉ះ​គ្នា ដែល​ជា​​របៀប​ថ្មី​នៃ​ការ​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មកនៅ​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩។

ក្រោយ​បញ្ចប់​ការ​សន្ទនា​គ្នា​ លោក ហ៊ុន សែន និង​មន្ត្រី​ស្ថានទូត​អង់គ្លេស បាន​លើក​ដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បន្ទាប់​មក​ ពួកគាត់​ទាំង​ពីរ​នាក់ ដើរ​ចាក​ចេញ​ពី​កម្មវិធី​នោះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វីដេអូ​​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​អាច​រក​មើល​បាន​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

Full video from Facebook page lived on August 05, 2021 when the shipment of the UK donated Covid-19 vaccines arrived in the Phnom Penh International Airport.

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​សម្ដែង​ឥរិយាបថ​ខ្វះ​សុជីវធម៌​ដាក់​មន្ត្រី​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា​នា​ពេល​នោះ​ឡើយ។ ថ្វី​បើ​លោក​ខក​ខាន​មិន​បាន​សំពះ​តប​ទៅ​មន្ត្រី​ស្ថានទូត​អង់គ្លេស​នៅ​ពេល​ស្វាគមន៍​ក្ដី ប៉ុន្តែ លោក ហ៊ុន សែន និង​មន្ត្រី​ស្ថានទូត​អង់គ្លេស បាន​លើក​ដៃ​សំពះ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ពេល​បិទ​បញ្ចប់​កម្មវិធី​ប្រគល់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩។

Avatar

Title:លោក​ ហ៊ុន សែន មិន​បាន​បង្ហាញ​សុជីវធម៌​ទាំង​ស្រុង​ទៅ​កាន់​មន្ត្រី​ការទូត​អង់គ្លេស​មែន​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.