វីដេ​អូ​លោក​ ​ហ៊ុន​ ​សែន ​ប្រកាស​ឈប់​សម្រាក​ ​៥​ថ្ងៃ​​កាល​ពី​ឆ្នាំ​២០២០​ ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​

Misleading Social

នៅ​សល់​តែ​ប្រមាណ​ជា​ង​១០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ នឹង​ឈានដល់​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ហើយ​ ​ដែល​ឆ្នាំ​២០២២​នេះ ​សង្ក្រាន​ចូល​ឆ្នាំ​ខ្មែរ​ ​នឹង​ធ្វើ​ឡើង​វិញ​ ​បន្ទាប់​ពី​ប៉ុន្មាន​ឆ្នាំ​នេះ​ ​ប្រទេស​កម្ពុជា​បាន​សម្រេច​ផ្អាក​ដោយ​សារ​តែ​ការ​រីក​រាយ​ដាល​នៃ​ជំងឺ​កូវីដ​១៩​។ ក្នុង​ចំណោម​នេះ​ វីដេអូ​ឃ្លីប​មួយ​ ប្រកាស​ដោយ​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ថា​នឹង​មាន​ការ​ឈប់​សម្រាក​ចំនួន​ ៥​ថ្ងៃ​ ត្រូវ​បាន​បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ និង​ចែក​ចាយ​ត​ៗ​គ្នា​យ៉ាង​ផុស​ផុល​នា​ពេល​ថ្មី​ៗ​នេះ​។ 

ទោះ​ជា​យ៉ាង​ណា​ ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ការ​ពិត​របស់​ក្រុម​ការងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ និង​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេស​ប៊ុក​​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នោះ​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​​។​

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ទៅ​ថ្មី​ៗ​ ទំព័រ​ហ្វេស​ប៊ុក​មួយ​ មាន​ឈ្មោះ​ថា Kon Khmer ​បង្ហោះ​នូវ​វីដេអូ​ឃ្លីប​មួយ​ ដែល​មាន​រយៈ​ពេល​ប្រមាណ​ជាង​៣៥​វិនាទី​ ដោយ​បាន​បង្ហាញ​នូវ​ទិដ្ឋ​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ រាជ​រដ្ឋាភិបាល​បាន​អនុម័ត​ សង​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២១​ ខែ​សីហា​ (៥​ថ្ងៃ​)។​ ទំព័រ​ហ្វេសប៊ុក​ដដែល​នេះ បាន​ភ្ជាប់​សំណេរ​ដោយ​សប្បាយ​ចិត្ត​ ដែល​ឆ្នាំ​នេះ​ បាន​ឈប់​សម្រាក​បានយូរ​ថ្ងៃ​។​

វីដេអូ​ឃ្លីប​មួយ​នេះ​ ត្រូវ​បាន​ចែក​ចាយ​ និង​ប្រតិកម្ម​ចម្រុះ​តៗ​គ្នា​ជា​ច្រើន​ពាន់​ដង​​ពី​សំណាក់​ អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ចេញ​ពី​ប៉ុស្តិ៍​របស់​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​បាន​សរសេរ​រៀប​រាប់​ថា​ «សប្បាយ​ចិត្ត​ណាស់​ឆ្នាំ​នេះ​ សម្រាក​បាន​យូរ​​​​»។​

Facebook Post | Archived Link

ដូច​គ្នា​នេះ​វី​ដេ​អូ​ឃ្លីប​ភ្ជាប់​ដោយ​ការ​សរសេរ​ខាង​លើ​ ​ក៏​ត្រូវ​បាន​រក​ឃើញ​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​នៅ​ទីនេះ​​ផង​ដែរ​។ 

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ត្រួត​ពិនិត្យ​ លើ​វីដេអូ​នេះ​តាម​រយៈ​ ការ​ដំណើរការ​កម្មវិធី​ ស្វែង​រក​របស់ក្រុមហ៊ុន​ Google និង​ព័ត៌មាន​នា​នា​ ដែល​នាំ​ឱ្យ​យើង​​ប្រទះ​នូវ​ប្រភព​មួយ​ចំនួន​ដូច​ខាង​ក្រោម​។​

តាម​រយៈ​គេហ​ទំព័រ​ Cambodia Daily ​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​​១៦ ​ខែ​កក្កដា​ ​ឆ្នាំ​២០២០​កន្លង​ទៅ ​បាន​បញ្ជាក់​ថា​ប្រមុខ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​បាន​ប្រកាស​ឯក​ភាព​ ​ជា​ផ្លូវការ​ហើយ​ក្នុង​ការ​ផ្តល់​ជូន​ថ្ងៃ​ឈប់​សម្រាក​ចំនួន​ ​៥​ ​ថ្ងៃ​ដើម្បី​សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែ​រ​​កន្លង​មក​នេះ​ ដែល​មិន​បាន​ឈប់​សម្រាក​ដោយ​បញ្ហា​វិបត្តិ​ជំងឺ​កូវីដ​១៩​។

​ខាង​ក្រោម​នេះ​ ​គឺ​ជា​រូបភាព​ផ្តើម​ចេញ​ពី​គេហទំព័រ​ខាង​លើ​ សរសេរ​រៀប​រាប់​ថា​ «រដ្ឋា​ភិបាល​សម្រេច​ផ្តល់​ការ​ឈប់​សម្រាក​៥​ថ្ងៃ​ ​ដើម្បី​សង​ជំនួស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ដែល​មិន​បាន​ឈប់​»។

Cambodia Daily News Report | Archived Link

ព័ត៌មាន​​ខាង​​លើ​ ក៏​ត្រូវ​បាន​រាយ​ការណ៍​ និង​ផ្សព្វ​ផ្សាយ​ដោយ​សារ​ព័ត៌មាន​ Cambodia Daily ​ផង​ដែរ​។​ គេហ​ទំព័រ​ដដែល​នេះ​ បាន​បញ្ជាក់​ថា​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​​ បាន​ប្រកាស​ឲ្យ​មាន​ការ​ឈប់​សម្រាក​សង​ចំនួន​ ៥ថ្ងៃ​ ជា​ការ​ប៉ះ​ប៉ូវ​សង​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ ដែល​មិន​បាន​ឈប់​សម្រាក​ដោយ​បញ្ហា​វិបត្តិ​ជំងឺ​កូវីដ​១៩​។​

Cambodia Daily News Report | Archived Link 

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​រាយ​ការណ៍​ព័ត៌មាន​ ផ្សព្វផ្សាយ​ដោយ​សារ​ព័ត៌មាន​ ​Fresh News ​កាល​ពី​ថ្ងៃ​ទី​១៤ ​ខែ​កក្កដា​ ​ឆ្នាំ​២០២០​នៅ​ក្នុង​គេហ​ទំព័រ​ ​YouTube ​កន្លង​ទៅ​។ 

Fresh News Link | Archived Link

ការ​ឈប់​សម្រាក​នេះ​ ត្រូ​វ​បា​នសាទរ​ដោយ​លោក​​នាយក​រដ្ឋ​មន្ដ្រី​ ហ៊ុន​ សែន​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​សីហា​ ផង​ដែរ​។ ខាង​ក្រោម​នេះ​ ​គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ​ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «​រីក​រាយ​ថ្ងៃ​ឈប់​សម្រាក​ ​១៧​- ​២១​! ​សូម​ថែ​រក្សា​សុវត្ថិភាព​សុខភាព​ចៀស​វាង​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ ​សូម​សម្អាត​រថយន្ត​ជា​ប្រចាំ​ ​ពាក់​ម៉ាស់​ជាប់​ជានិច្ច​ ​លាងដៃ​ឱ្យ​បាន​ញឹក​ញាប់​ ​រក្សា​គម្លាត​សុវត្ថិភាព​ ​ចៀស​វាង​ធ្វើ​ដំណើរ​ជាមួយ​អ្នក​មាន​អា​ការៈ​ក្តៅ​ខ្លួន​ ​និង​ផ្លូវ​ដង្ហើម ​និង​ ស្តាប់​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល​»​។

Facebook Link | Archived Link 

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter  Telegram Google News

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា​ វីដេអូ​ឃ្លីប​ បង្ហោះ​ដោយ​ទំព័រ​ហ្វេស​ប៊ុក​ខាង​លើ​ ដោយ​ភ្ជាប់​ជាមួយ​នឹង​ការ​សរសេរ​ថា​ ឆ្នាំ​នេះ​ បាន​ឈប់​សម្រាក​ច្រើន​ គឺ​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​។ ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ អនុញ្ញាត​ឲ្យ​មាន​ការ​ឈប់​សម្រាក​ ៥​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី​ ១៧​-២១​សីហា​ នោះ​ គឺ​ត្រូវ​បាន​រក​ឃើញ​ និង​ប្រកាស​ដោយ​លោក​ផ្ទាល់​តាំង​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ​ ក្នុង​ឱកាស​ដែល​លោក​បាន​បំពេញ​ទស្សនកិច្ច​នៅ​មជ្ឈ​មណ្ឌល​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​ពូជ​ត្រី​ក្នុង​ខេត្ត​ព្រៃវែង​ កាល​ពី​ថ្ងៃ​ទី​១៤​ ខែ​កក្កដា​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​។

Avatar

Title:វីដេ​អូ​លោក​ ​ហ៊ុន​ ​សែន ​ប្រកាស​ឈប់​សម្រាក​ ​៥​ថ្ងៃ​​កាល​ពី​ឆ្នាំ​២០២០​ ​ត្រូវ​បាន​ចែក​ចាយ​ជា​ថ្មី​

Fact Check By: Kakada Sim 

Result: ​Misleading

Leave a Reply

Your email address will not be published.