Fact-Check: លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ

False Political

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​លោក បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ពាក្យ​ចរចាម​អារ៉ាម ការ​រិះគន់ និង​ការ​ចោទ​ប្រកាន់​ផ្សេងៗ​នៅ​ក្នុង​ឆាក​នយោបាយ​របស់​លោក​ជាច្រើន​ឆ្នាំង​មក​ហើយ។ ក្នុង​ចំណោម​នោះ គណនី​ហ្វេសប៊ុក​មួយ​បាន​បង្ហោះ​រូបថត​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​ជាមួយ​សំណេរ​លើ​រូបថត​ «RIP» ដែល​មាន​ន័យ​ថា គូ​ស្វាមី​ភរិយា​ដ៏​មាន​អំណាច​មួយ​គូ​នេះ បាន​ទទួល​មរណភាព។ ទោះជាយ៉ាងណា ការ​​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ការ​អះអាង​នេះ មិន​ត្រឹម​ត្រូវ​ទេ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

នៅ​ថ្ងៃ​ទី០៤ ខែ​មិថុនា ឆ្នាំ​២០២១ អ្នក​ប្រើ​ហ្វេសប៊ុក​ម្នាក់​បាន​​បង្ហោះ​រូបថត ៣​សន្លឹក​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត ២​សន្លឹក​នៅ​ក្នុង​ចំណោម​នោះ គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ហើយ​រូបថត​មួយ​ទៀត គឺ​ជា​រូបថត​របស់​អ្នកស្រី ប៊ុន រ៉ានី ជា​ភរិយា​របស់​លោក​ ហ៊ុន សែន។ រូបថត​ទាំង​ ២​សន្លឹក​នេះ មាន​សំណេរ​អក្សរ​អង់គ្លេស «RIP» ឬ«Rest in Peace» ឬ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា«សូម​បាន​សោយ​សុខ​គតិភព» ដែល​ពាក្យ​នេះ ត្រូវ​បាន​គេ​ប្រើ​សម្រាប់​បញ្ជាក់​លើ​មរណភាព​របស់​មនុស្ស។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក​នោះ​ដែល​មាន​ពាក្យ «RIP» នៅ​លើ​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​រូបថត​ភរិយា​របស់​លោក។

Facebook Post | Archived Link

Facebook Post | Archived Link

Facebook Post | Archived Link

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​លើ​រូបថត​ទាំង​៣​សន្លឹក​ខាង​លើ​តាម​រយៈ​​កម្មវិធី​ស្វែង​រក​រូបថត​របស់ Google ហើយ​បន្ទាប់​មក​ទៀត​​ពិនិត្យ​មើល​​សេចក្ដី​ប្រកាស​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

រូបថត​ដំបូង​ដែល​បង្ហាញ​សំណង់​អគារ​ឈើ និង​ថ្ម​ស្ថិត​នៅ​លើ​ទីតាំង​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​របង​សំណាញ់​ដែក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២ ខែ​មិថុនា ឆ្នាំ​២០២១។ បើ​តាម​ការ​ចុះ​ផ្សាយ​នៃ​សារព័ត៌មាន​នេះ រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​​នូវ​ទីកន្លែង​បូជា​សព ស្ថិត​នៅ​ក្នុង​ភូមិ​ថ្នល់កែង នៅ​ក្នុង​ឃុំ​អូរអណ្ដូរ ស្រុក​សាលាក្រៅ នៃ​ខេត្ត​ប៉ៃលិន។ ទីតាំង​បូជា​សព​មួយ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ប៉ៃលិន រៀបចំ​ត្រៀម​សម្រាប់​បូជា​សព​ដែល​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩។

Phnom Penh Post | Archived Link

ដំណឹង​មរណភាព​របស់​មេដឹកនាំ​ប្រទេស គួរ​តែ​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ស្ថាប័ន​រដ្ឋាភិបាល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន និងតាម​មធ្យោបាយ​នៃ​ការ​ផ្សព្វផ្សាយ​​សំខាន់ៗ​ដទៃ​ទៀត។

គេហ​ទំព័រ​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​ជា​លេខាធិការដ្ឋាន​របស់​នាយករដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​២០២១ មិន​បាន​ចេញ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​ ឬ​ដំណឹង​មរណភាព​នោះ​ឡើយ។

Office of the Council of Ministers | Archived Link

ចំណែក​ឯ​គេហ​ទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​វិញ មាន​ត្រឹម​តែ​សេចក្ដី​ជូន​ដំណឹង​អំពី​មរណភាព​លោក ត្រាំ អ៊ីវតឹក អតីត​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១។

cpp.org.kh | Archived Link

ថ្វី​បើ​ស្ថិត​ក្នុង​វិបត្តិ​កូវីដ-១៩ ដែល​ត្រូវ​អនុវត្ត​ការ​រក្សា​គម្លាត​ក៏​ដោយ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ពេល​លោក​ជួប​ពិភាក្សា​ជាមួយ​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក អ្នកស្រី Wendy R. Sherman ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

រូបភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​​រូប​លោក​ឈរ​ថត​រូប​រួម​គ្នា​ជាមួយ​អ្នកស្រី ន Wendy R. Sherman កាល​ពី​រសៀល​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ នៅ​ឯ​វិមាន​សន្តិភាព។

Facebook Post | Archived Link

វត្តមាន​របស់​លោក​ក្នុង​ជំនួប​ពិភាក្សា​នោះ ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ និង​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផង​ដែរ។

South China Morning Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ។ លោក ហ៊ុន សែន ទើប​តែ​​បង្ហាញ​វត្តមាន​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ឆ្នាំ​២០២១ ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​មន្ត្រី​ការទូត​អាមេរិក។

Avatar

Title:លោក ហ៊ុន សែន និង​ភរិយា​នៅ​រស់​រាន​មាន​ជីវិត​នៅ​ឡើយ មិន​ដូច​ការ​បង្ហោះ​ព័ត៌មាន​នោះ​ឡើយ

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.