
ខណៈដែលសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅតែបន្តកើតឡើងឈានចូលឆ្នាំទីពីរហើយនោះ ការអះអាងមួយលើកឡើងថា បុរសម្នាក់ដែលបានលាត់អាវឡើងលើនៅមុខមន្ត្រីអាមេរិក គឺជាមន្ត្រីចិនដែលព្យាយាមប្រាប់ទៅពួកគេថា ជម្លោះត្រូវដោះស្រាយដោយប្រើបេះដូង មិនមែនតែបញ្ញានោះឡើយ។ ការអះអាងនេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើន និងមានការបញ្ចេញមតិចម្រុះបែបផងដែរ។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើងរកឃើញថា ការអះអាងខាងលើមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីចុងខែមុន បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់លាត់អាវរបស់ខ្លួនឡើងលើបង្ហាញទៅមន្ត្រីអាមេរិកពីររូបដែលអង្គុយសងខាង។
ការអះអាងដដែលនេះ បានបន្តថា បុរសរូបនោះ គឺជាមន្ត្រីចិនដែលនិយាយប្រាប់មន្ត្រីអាមេរិកទាំងពីររូបនោះថា ជម្លោះនៅលើពិភពលោក ត្រូវប្រើបេះដូងសម្រាប់ដោះស្រាយ មិនមែនតែបញ្ញាមួយមុខនោះឡើយ។
ការអះអាងនេះ ទទួលបានការចែករំលែកបន្តរហូតដល់ជាង ១៣០០ដង ហើយមានការបញ្ចេញមតិយោបល់ពីអ្នកប្រើប្រាស់បណ្ដញសង្គមយ៉ាងច្រើន និងប្រតិកម្មចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដែលរៀបរាប់ថា «សុខចិត្តលាត់អាវឱ្យមើលទ្រូងដែលមានបេះដូងដូចៗគ្នា! សូមកុំមានការប្រកាន់ពូជសាសន៍គ្នាអី ជីវិតនីមួយៗសុទ្ធតែមានសាច់ញាតិជាទីស្រឡាញ់ដូចៗគ្នា រួបរួមជួយគ្នាដើមបីការរស់នៅមិនល្អទេឬ? ហេតុអីចាំបាច់ត្រូវតែសម្លាប់គ្នា កូនអ៊ុយក្រែនក៏ដូចជាកូនរុស្ស៊ី កូនចិនក៏ដូចជាកូនតៃវ៉ាន់ទាំងអស់គ្នាត្រូវការភាពជួបជុំ ត្រូវការស្នាមញញឹម និងការឱបថ្នាក់ថ្នមគ្នា គ្មាននរណាត្រូវការក្ដីព្រាត់ប្រាសគ្នានោះទេ! មន្ត្រីចិនក្រោកលាត់អាងបង្ហាញអង្គប្រជុំថា ជម្លោះពិភពលោកពិតជាត្រូវការប្រើបេះដូង កុំប្រើបញ្ញាតែម្យ៉ាងឱ្យសោះ»។

ចំណែកឯទំព័រហ្វេសប៊ុកមួយទៀត បានបង្ហោះរូបថតបុរសនេះដដែល ហើយអះអាងថា បុរសម្នាក់នោះ គឺជារដ្ឋមន្ត្រីមួយរូបរបស់តៃវ៉ាន់។

ការអះអាងដដែលនេះ ត្រូវបានបង្ហោះ និងចែករំលែកយ៉ាងព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីចុងខែមីនាកន្លងមកនេះដោយអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។ សូមមើលខ្លឹមសារនៅទីនេះ(1, 2, 3)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញរូបថតដូចគ្នានេះត្រូវបានចុះផ្សាយយ៉ាងច្រើនដោយសារសារព័ត៌មានអន្តរជាតិនានា ហើយត្រូវបានចែករំលែកព្រោងព្រាតលើប្រព័ន្ធអ៊ិនធឺណិត។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនកាលពីចុងខែមីនា ឆ្នាំ២០២១កន្លងមក សារព័ត៌មាន New York Times បានឱ្យដឹងថា បុរសដែលលាត់អាវឡើងលើបង្ហាញទ្រូងខ្លួនឯងនៅចំពោះមុខមន្ត្រីអាមេរិកពីររូបនោះ គឺជាលោក Lee Wong ដែលជាទាហានជើងចាស់ និងជាមន្ត្រីជាប់ឆ្នោតនៅតំបន់ West Chester ស្ថិតក្នុងរដ្ឋអូហាយ៉ូ (Ohio) សហរដ្ឋអាមេរិក។
សេចក្ដីរាយការណ៍ដដែលនេះ បានឱ្យដឹងទៀតថា លោក Lee Wong បានបង្ហាញស្នាមរបួសនៅលើទ្រូងរបស់លោកទៅកាន់អង្គប្រជុំក្រុមប្រឹក្សាទីក្រុង West Chester កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១។
បើតាមសេចក្ដីរាយការណ៍ដដែលនេះ លោក Lee Wong បានសម្រេចចិត្តលាត់អាវលោកឡើងលើបង្ហាញស្នាមរបួសនៅចំទ្រូងរបស់លោក ហើយចោទសួរថា តើស្លាកស្នាមនេះគ្រប់គ្រាន់បង្ហាញភក្តីភាពដែលលោកមានចំពោះសហរដ្ឋអាមេរិកហើយឬនៅ។
លោក Lee Wong បានសម្រេចបង្ហាញស្នាមរបួសលើរាងកាយរបស់លោកបែបនេះ បន្ទាប់ពីលោកទទួលយកមិនបាននូវទស្សនៈមួយចំនួនដែលរើសអើងចំពោះពលរដ្ឋអាមេរិកដើមកំណើតអាស៊ី។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីសេចក្ដីរាយការណ៍របស់កាសែត New York Times ចុះផ្សាយកាលពីចុងខែមីនា ឆ្នាំ២០២១កន្លងមក ហើយសរសេររៀបរាប់ថា «លោក Lee Wong មន្ត្រីជាប់ឆ្នោតមួយរូបនៅទីក្រុង West Chester រដ្ឋអូហាយ៉ូ និយាយថា លោកមិនអាចទ្រាំទៅនឹងបុរេវិនិច្ឆ័យប្រឆាំងនឹងពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបានទៀតទេ ឬក៏មនុស្សទាំងឡាយដែលចោទសួរពីភក្តីភាពរបស់លោកចំពោះអាមេរិក»។

New York Times | Archived Link
រឿងរ៉ាវរបស់លោក Lee Wong ក៏ត្រូវបានចុះផ្សាយដោយសារព័ត៌មានអន្តរជាតិដទៃទៀតផងដែរអំឡុងចុងខែមីនា ឆ្នាំ២០២១នោះ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ឬនៅទីនេះ។
ក្រៅពីសេចក្ដីរាយការណ៍ខាងលើ សារព័ត៌មានមួយចំនួនទៀតក៏បានចុះផ្សាយវីដេអូដែលលោក Lee Wong ក្រោកឡើងលាត់អាវរបស់លោកឡើងលើ និងនិយាយទៅកាន់អង្គប្រជុំក្រុមប្រឹក្សាក្រុង West Chester ផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូមានរយៈពេលជិត ៣នាទីដែលត្រូវបានចុះផ្សាយនៅលើបណ្ដាញ YouTube របស់ទូរទស្សន៍ NBC News របស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។
បើតាមសេចក្ដីរាយការណ៍របស់កាសែត New York Times លោក Lee Wong អាយុ ៧១ឆ្នាំ បានចំណាកស្រុកពីកោះ Borneo ប្រទេសម៉ាឡេស៊ី កាលពីជាង ៥០ឆ្នាំមុន។ លោកទទួលបានសញ្ជាតិអាមេរិកពេញលេញ និងបានចូលបម្រើកងទ័ពអាមេរិកអស់រយៈពេល ២០ឆ្នាំ មុននឹងលោកសម្រេចចិត្តចូលនិវត្តន៍។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ បុរសដែលលាត់អាវបង្ហាញស្នាមរបួសនៅលើរាងកាយនោះ មិនមែនជារដ្ឋមន្ត្រីតៃវ៉ាន់ ឬជាមន្ត្រីចិននោះឡើយ។ បុរសរូបនោះ គឺជាលោក Lee Wong អាយុ ៧១ឆ្នាំ ដែលជាសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាក្រុង West Chester។ អតីតទាហានអាមេរិករូបនេះ បង្ហាញស្នាមរបួសលើរាងកាយរបស់លោក ដើម្បីឆ្លើយតបនឹងការចោទសួរអំពីភក្តីភាពរបស់ពលរដ្ឋអាមេរិកដើមកំណើតអាស៊ីចំពោះសហរដ្ឋអាមេរិក។

Title:ទាហានជើងចាស់អាមេរិកម្នាក់ ត្រូវបានគេអះអាងមិនត្រឹមត្រូវថាជាមន្ត្រីចិន
Fact Check By: Jay UdomResult: False
