ព័ត៌មាន​អំពី​ភព​ប្រាំ​តម្រៀប​ជួរ​គ្នា​ ត្រូវ​បាន​ជជែក​ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោង​ព្រាត​កាល​ពី​សប្ដាហ៍​មុន។ ទន្ទឹម​គ្នា​នេះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​អវកាស​យានិក​ម្នាក់​ស្ថិត​នៅ​ក្នុង​ទីលំហ​អវកាស​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា ទីភ្នាក់ងារ​អវកាស​អាមេរិក NASA បាន​បញ្ជូន​អវកាស​យានិក​​នោះ​ទៅ​ទី​អវកាស ដើម្បី​ផ្ដិត​យក​រូបភាព​ភព​ទាំង​៥​រះ​តម្រៀប​ជួរ​គ្នា។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប និង​ប្រតិកម្ម​ផ្សេង​ជាច្រើន​ផង​ដែរ។

ទោះជាយ៉ាងណា តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search យើង​បាន​រក​ឃើញ​ថា ការ​អះ​អាង​ទៅ​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​មុន ដែល​បង្ហាញ​ឱ្យ​ឃើញ​​អវកាស​យានិក​មួយ​រូប​ស្ថិត​នៅ​ក្នុង​អណ្ដែត​នៅ​ក្នុង​លំហ​អវកាស។

អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដដែល​នេះ អះ​អាង​ថា អវកាស​យានិក​មួយ​រូប ត្រូវ​បាន​ទីភ្នាក់ងារ​អវកាស​អាមេរិក (NASA)​បញ្ជូន​ទៅ​លំហ​អវកាស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា ដើម្បី​ផ្ដិត​យក​រូបភាព​នៃ​ភព​ទាំង​៥​ស្ថិត​នៅ​តម្រៀប​គ្នា​ជួរ​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា។

ការ​អះ​អាង​បែប​នេះ​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​នៅ​លើ​បណ្ដាញ​សង្គម​ ដែល​សរសេរ​រៀបរាប់​ថា «បើ​គិត​ថា​ខ្លួន​ឯង​កំពុង​តែ lonely ខ្លាំង សូម​មើល​អវកាសយានិក​រូប​នេះ​ទៅ! អង្គការ NASA យក​គាត់​ទៅ​ទុក​ចោល​ឱ្យ​នៅ​ម្នាក់​ឯង​កណ្ដាល​លំហ​អវកាស​តាំង​ពី​ម្សិលមិញ​ម៉្លេះ ដើម្បី​ធ្វើ​របាយការណ៍​ទាក់​ទង​មហាសន្និបាត​ភព​ទាំង​៥​ស្អែក​នេះ»។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​មួយ​សន្លឹក​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​មួយ​របស់​គេហទំព័រ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ National Geographic មាន​ចំណង​ជើង​ថា «First Person to Walk Untethered in Space Gives a Final Interview» ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​​ដើម​ឆ្នាំ​២០១៨​កន្លង​មក។

​ការ​ផ្សាយ​របស់​ទូរទស្សន៍​អាមេរិក​មួយ​នេះ បាន​ឱ្យ​ដឹង​ថា រូបថត​មួយ​សន្លឹក​នេះ បង្ហាញ​ឱ្យ​ឃើញ​លោក Bruce McCandless អវកាស​យានិក​របស់​ទីភ្នាក់ងារ NASA អាមេរិក ធ្វើ​ដំណើរ​នៅ​ក្នុង​អវកាស​ដោយ​គ្មាន​ចង​ភ្ជាប់​ជាមួយ​ខ្សែ​អ្វី​នោះ​ឡើយ​កាល​ពី​ឆ្នាំ​១៩៨៤។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា លោក Bruce McCandless បាន​ក្លាយ​ជា​បុគ្គល​ទី១​របស់​ពិភព​លោក ដែល​បាន​ដើរ​នៅ​ក្នុង​ទី​អវកាស​ដោយ​គ្មាន​ចង​ភ្ជាប់​ខ្សែ​អ្វី​ទៅ​នឹង​យាន​អវកាស​នោះ​ឡើយ ប៉ុន្តែ ដោយ​ប្រើ​ប្រាស់​ឯក​សណ្ឋាន​​ពិសេស​សម្រាប់​អវកាសយានិក ដែល​គេ​ហៅ​ថា Manned Maneuvering Unit (MMU)។

National Geographic | Archived Link

ក្រៅ​ពី​រូបថត​មួយ​សន្លឹក​នេះ មាន​រូបថត​ជាច្រើន​ដែល​​​បង្ហាញ​លោក Bruce McCandless ធ្វើ​ដំណើរ​ផ្ដាច់​ខ្លួន​ពី​យាន​អវកាស​នៅ​ក្នុង​ទីអវកាស​កាល​ពី​ ៣៨​ឆ្នាំ​មុន។

គេហទំព័រ​ទូរទស្សន៍ National Geographic បាន​បញ្ជាក់​ថា រូបថត​ទាំង​នេះ បាន​មក​ពី​ទីភ្នាក់ងារ​អវកាស​អាមេរិក ហៅ​កាត់​ថា NASA។

អត្ថបទ​មួយ​ផ្សព្វផ្សាយ​ដោយ​គេហទំព័រ​ទីភ្នាក់ងារ​អវកាស​អាមេរិក NASA ដែល​និយាយ​អំពី​អវកាសយានិក Bruce McCandless។

នៅ​ក្នុង​គេហទំព័រ​របស់​ទីភ្នាក់ងារ NASA យើង​បាន​រក​ឃើញ​រូបថត​ដូច​ខាង​លើ​នេះ​ជាមួយ​ព័ត៌មាន ដែល​ឱ្យ​ដឹង​ថា អវកាសយានិក Bruce McCandless បាន​ស្ថិត​នៅ​ចម្ងាយ​ឆ្ងាយ​ជា​អតិបរមា​ពី​យាន Challenger មុន​នឹង​ប្ដូរ​ទិសដៅ​ម៉ាស៊ីន MMU ហើយ​ត្រឡប់​ទៅ​កាន់​យាន Challenger វិញ។

ទីភ្នាក់ងារ NASA បាន​ឱ្យ​ដឹង​ទៀត​ថា រូបថត​មួយ​សន្លឹក​នេះ ថត​ដោយ​អវកាស​យានិក​មួយ​រូប​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​យាន Challenger ដោយ​ប្រើ​ម៉ាស៊ីន​ថត​មាន​កែវ ៧០​មីលីម៉ែត្រ។

NASA | Archived Link

គេ​អាច​ស្វែង​រក​រូបថត​ជាច្រើន​ទៀត​របស់​លោក Bruce McCandless នៅ​ក្នុង​គេហទំព័រ​របស់​ទីភ្នាក់ងារ NASA តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ មិន​មែន​ជា​អវកាស​យានិក​ម្នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ឱ្យ​ទៅ​ផ្ដិត​យក​ទិដ្ឋភាព​នៃ​ភព​ទាំង​៥​ស្ថិត​នៅ​លើ​អ័ក្ស​តម្រៀប​ជួរ​គ្នា​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​នោះ​ឡើយ។ រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​អវកាស​យានិក​​អាមេរិក លោក Bruce McCandless ដែល​បាន​ដើរ​នៅ​ក្នុង​ទី​អវកាស​ដោយ​ប្រើ​ម៉ាស៊ីន MMU និង​គ្មាន​ខ្សែ​ភ្ជាប់​ជាមួយ​យាន​អវកាស​នោះ​ឡើយ។

Avatar

Title:តើ​រូបថត​នេះ​ជា​អវកាស​យានិក​ត្រូវ​បាន​បញ្ជូន​ទៅ​ផ្ដិត​យក​រូបភព​ភព​ទាំង​ប្រាំ​រះ​តម្រៀប​គ្នា​មែន​ឬទេ?

Fact Check By: Jay Udom

Result: False