Fact Check: តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

False Political

ទំនាក់​ទំនង​រវាង​ប្រទេស​កម្ពុជា​ និង​វៀតណាម​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា​ មិន​សូវ​មាន​ភាព​​ចុះ​សម្រុង​នឹង​គ្នា​នោះ​ឡេីយ​ ជា​ពិសេស​បញ្ហាដែល​ទាក់​ទង​ទៅ​នឹង​​ព្រំដែនគោក​ និង​ព្រំ​ដែន​ទឹករបស់​ប្រទេស​ទាំង​ពីរ​នេះ​​​ ដែលវា​បាន​ក្លាយ​ទៅ​ជា​ប្រធាន​បទ​ជជែក​​យ៉ាង​ផុស​ផុល​នៅ​លើ​បណ្តាញ​សង្គម​នានា​ពិី​សំណាក់​អ្នក​ប្រើ​ប្រាស់​។​​

ក្នុង​ចំណោម​នោះ​​ មាន​រូប​ថតមួយ​បាន​​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ដែល​មាន​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​ ដោយ​ភ្ជាប់​ជាមួយ​អក្សរ​សរសេរ​ជា​ភាសា​អង់​គ្លេស​ថា​​​ «Fishing freely in Cambodia’s water» ត្រូវ​បាន​ចែក​រំលែក​ជា​ច្រើន​ដង​នៅ​លើ​បណ្តាញ​ហ្វេស​ប៊ុក​កម្ពុជា​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​របស់​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្តាញ​សង្គម​នោះ គឺ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​​កន្លង​ទៅ​ថ្មី​ៗ​នេះ​ ​មាន​អ្នក​ប្រើ​ហ្វេស​ប៊ុក​ម្នាក់​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​អំពី​ទិដ្ឋ​ភាព​ទូក​នេសាទ​ជា​ច្រើន​បាន​ធ្វើ​ចរាចរ​នៅ​លើ​ផ្ទៃ​ទឹក​ ដោយ​អម​ជាមួយ​នឹង​ទង់​ជាតិ​របស់​ប្រទេស​វៀត​ណាម​ និង​ប្រទេស​កម្ពុជា​ផង​ដែរ​។​ រូប​ថត​មួយ​សន្លឹក​នេះ​​ ក៏​មាន​អក្សរ​ជា​ភាសា​អង់​គ្លេស​ផង​ដែរ​ថា​ «Fishing freely in Cambodia’s water»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ការ​នេសាទ​ដោយ​សេរី​នៅ​ក្នុង​ដែន​ទឹក​នៃ​ប្រទេស​កម្ពុជា​»​ ដោយ​ពុំ​បាន​បញ្ជាក់​អំពីទី​តាំង​ និងព័ត៌​មាន​លម្អិត​ជាក់​លាក់​អំពី​ទិដ្ឋ​ភាព​នៃ​រូបថត​នោះ​ទេ​។​

រូប​ថត​នេះ​ត្រូវ​បាន​ចែក​រំលែក​ត​ៗ​គ្នា​ជាច្រើន​ដង​ រួម​ជាមួយ​នឹង​ប្រតិកម្ម​​​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ផង​ដែរ​។​

រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ហ្វេសប៊ុក បានបង្ហោះ​រូប​ថត​មួយ​សន្លឹក​នេះ​ចូល​ទៅ​ក្នុង​ក្រុម​ អមដំណើរលោកប្រធានសម រង្សុីចូលស្រុក ដែល​មាន​សមាជិក​ក្នុង​ក្រុម​ប្រមាណ​ជាង​ប្រាំ​បី​ម៉ឺន​ប្រាំ​មួយ​ពាន់​នាក់​។ ​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ​​ និង​ផ្ទៀង​ផ្ទាល់​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់ក្រុមហ៊ុន​ Google ដែលនាំ​ឱ្យ​យើង​ជួប​ប្រទះ​នូវ​ប្រភព​ និង​ខ្លឹម​សារ​រូបថត​នៃ​ច្បាប់​ដើម​មួយ​ចំនួន។

រូបថត​​មួយ​សន្លឹក​​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​​ ត្រូវ​​បាន​​រក​​ឃើញ​​នៅ​​លើ​គេហទំព័រ​មួយ​ Alamy ដែល​ផ្ដល់​ព័ត៌មាន​បន្ថែម​​ទៅ​លើ​ប្រភព​នៃ​រូប​ថត​មួយ​នេះ​។

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ Alamy​ ដែល​ជា​គេហទំព័រ​​សោត​ទស្សន៍​ដ៏​ធំ​មួយបាន​ផ្តល់​ព័ត៌មាន​បញ្ជាក់​ជា​ភាសា​អង់​គ្លេស​ថា​ «More than 1,300 fishing boats leave the Shenjiamen harbor for the sea to resume fishing after a two-month fishing ban by the Ministry of Agriculture in Zhoushan city, east China’s Zhejiang province, 1 August 2010»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ទូក​នេសាទ​ជាង​ ១៣០០​គ្រឿង​ បាន​ចាក​ចេញ​ពី​កំពង់ផែ​ Shenjiamen ដើម្បី​ចាប់​ផ្តើម​ការ​នេសាទ​ឡើង​វិញ​ បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​រយៈ​ពេល​ ២ខែ​មក​ហើយ​ ដោយ​ក្រសួង​កសិកម្ម​ នៅក្នុង​ទីក្រុង​ Zhoushan ខេត្ត​ Zhejiang ប្រទេស​ចិន​ កាល​ពី​ថ្ងៃ​ទី​០១ ​ខែ​សីហា​ ឆ្នាំ​២០១០​»​។​ 

Alamy Stock Photo Link | Archived Link 

រូប​ថត​នៃ​ព្រឹត្តិការណ៍​ចេញ​នេសាទ​របស់​ប្រទេស​ចិន​មួយ​សន្លឹក​នេះ​ ក៏​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ និង​បង្ហោះ​ផង​ដែរ​នៅ​តាម​បណ្តា​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ដូច​ជា​ The Australian, China Digital Times, និង​ The New York Times ជា​ដើម​។​

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មានរបស់ The Australian ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​កញ្ញា​​ ឆ្នាំ​២០២០​កន្លង​ទៅ​នេះ​ សរសេរ​រៀប​រាប់​ជា​ភាសា​អង់គ្លេស​ថា​ «Boats in Shenjiamen harbour in Zhoushan, in east China’s Zhejiang province»​ ឬ​ប្រើ​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទូក​នៅ​កំពង់​ផែ​ Shenjiamen ក្នុង​ទីក្រុង Zhoushan​​ ​ខេត្ត​ Zhejiang ប្រទេស​ចិន​»​។​

The Australian’s Report | Archived link

ដូច​គ្នា​ផង​ដែរ​ខាង​ក្រោម​នេះ​គឺ​ជា​ រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារព័ត៌​មាន​ China Digital Times ដែលបាន​ធ្វើ​សេចក្តី​រាយ​ការណ៍​កាល​ពីថ្ងៃ​ទី​២៥​​ ខែ​កញ្ញា​ ឆ្នាំ​២០១០​កន្លង​មក​ ដោយ​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Fishing boats sail through the sea to resume fishing after a two-month annual ban imposed by the Chinese Ministry of Agriculture, at Shenjiamen fishing harbor in Zhoushan, Zhejiang province on Aug. 1, 2010» ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ថា​ «ទូក​នេសាទ​បាន​បើក​ឆ្លង​កាត់​សមុទ្រ​ជា​ថ្មី​ ដើម្បី​នេសាទ​ឡើង​វិញ​បន្ទាប់​ពី​មាន​ការ​ហាម​ឃាត់​ចំនួន​ ២ខែ​ ដោយ​ក្រសួង​កសិកម្ម​នៃ​ប្រទេស​ចិន​ នៅ​កំពង់​ផែ​ Shenjiamen ក្នុង​ទីក្រុង Zhoushanខេត្ត Zhejiang កាល​ពី​ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ​២០១០​​»​។​

China Digital Times’s Report | Archived Link

រូប​ភាព​ផ្តាម​ចេញ​ពី​គេហទំព័រ​សារ​ព័ត៌មាន​ The New York Times ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០១៤​​នេះ​ ក៏​បាន​បង្ហាញ​អំពី​ទិដ្ឋ​ភាព​​ទូក​នេសាទ​របស់​ប្រទេស​ចិន​នេះ​ផង​ដែរ​ ដោយ​បាន​រៀប​រាប់​ជា​ភាសា​អង់​គ្លេស​ថា​ «Hundreds of shrimp trawlers setting off from the Shenjiamen fishing port in eastern China in 2010»​ ឬ​ប្រើ​សម្រួល​ជា​ភាសា​ខ្មែរ​មាន​ន័យ​ថា​ «ទិដ្ឋ​ភាព​ទូក​នេសាទ​រាប់​រយ​គ្រឿង​បាន​ចាក​ចេញ​ពី​កំពង់ផែ​ Shenjiamen នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១០​»​។​

The New York Times’s Report | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូប​ថត​ដោយ​ភ្ជាប់​ជាមួយ​នឹង​អក្សរ​នឹង​ទង់​ជាតិ​របស់​វៀត​ណាម​ និង​កម្ពុជា​​ខាង​លើ​នេះ គឺ​ធ្វើ​ឡើង​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូប​ថត​មួយ​សន្លឹក​នោះ មិន​មែន​ជា​ទិដ្ឋភាព​ទូក​នេសាទ​របស់​ប្រទេស​វៀត​ណាម​ដែល​ចរាចរនៅ​ក្នុង​ដែន​សមុទ្រ​របស់​កម្ពុជា​នោះទេ​។ ការ​ពិត​ រូប​ថត​នោះ​ គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​ជា​ច្រើនរយ​​គ្រឿងរបស់​ប្រទេស​ចិន​ ដែល​បាន​​​ចាក​ចេញ​ពី​កំពង់ផែ​ Shenjiamen ដើម្បី​ចាប់​ផ្តើម​ការ​នេសាទ​ឡើង​វិញ​កាល​ពី​ថ្ងៃទី​០១​ ខែ​សីហា​ ឆ្នាំ​២០១០ នៅ​ក្នុង​ទីក្រុង Zhoushanខេត្ត Zhejiang ប្រទេស​ចិន​។​

Avatar

Title:តើ​នេះ​គឺ​ជា​ទិដ្ឋ​ភាព​ទូក​នេសាទ​របស់​វៀត​ណាម​នៅ​ក្នុង​ដែន​ទឹក​កម្ពុជា​មែន​ឬ​?

Fact Check By: Kakada Sim 

Result: False

Leave a Reply

Your email address will not be published.