ខណៈ​ដែល​កម្ពុជា​ឈាន​កាន់​តែ​ជិត​ដល់​ការ​បោះ​ឆ្នោត​សកល​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ការ​អះ​អាង​ដ៏​ផុស​ផុល​មួយ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ និង​កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរ​ពេទ្យមួយ​នៅ​ក្នុង​ស្រុក។ ការ​អះអាង​នេះ ត្រូវ​បាន​គេ​ចែក​រំលែក​បន្ត​ជាច្រើន​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ គឺ​ជា​ព័ត៌មាន​ក្លែង​ក្លាយ។

ការអះអាងលើបណ្ដាញសង្គម

ការ​អះអាង​មួយដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កំពុង​ឈឺ​ធ្ងន់ និង​សម្រាក​ព្យាបាលជំងឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ក្នុង​ស្រុក​ដោយ​ទទួល​ការ​ព្យាបាល​ពី​ក្រុម​វេជ្ជ​បណ្ឌិត​មក​ពី​សិង្ហបុរី។

ការ​អះអាង​នេះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ហើយ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចូល​ទស្សនា និង​ចែក​រំលែក​បន្ត​រហូត​ដល់​ជាង ៦០០​ដង​ ព្រម​ទាំង​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូដែល​ត្រូវ​បាន​ផ្ដាម​ពី​ការ​អះអាង​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា «ហ៊ុន សែន ឈឺ​ធ្ងន់​នៅ​ក្នុង​មន្ទីរ​ពេទ្យ»។

Archived Link

មួយ​ថ្ងៃ​មុន​ការ​អះអាង​ខាង​លើត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ទៀត ក៏​បាន​បង្ហោះ​ការ​អះ​អាង​ក្នុង​ន័យ​ដូច​គ្នា​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

Facebook Post | Archived Link

កាល​ពី​សប្ដាហ៍​មុន ការ​អះអាង​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់ ឬ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​ក្នុង​ប្រទេស​សិង្ហបុរី​នោះ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជា​បន្ត​បន្ទាប់ ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ផុស​ផុល​ផង​ដែរ។ សូម​មើល​ការ​អះអាង​ទាំង​នោះ​តាម​រយៈ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ (archived) ឬ​​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅ​ទីនេះ (archived) ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​មាន​នៅទីនេះ​ (archived)។

ការត្រួតពិនិតុ្យការពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​នេះ​តាម​រយៈ​ការ​សាក​សួរ​ទៅ​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ការ​ពិនិត្យ​មើល​ឡើង​វិញ​ការ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​របស់​គាត់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោ​យនេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

កាល​ពី​សប្ដាហ៍​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជា​បន្ត​បន្ទាប់ ប៉ុន្តែ លោក​មិន​បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ចំនួន ៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២១ ដលើ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​បញ្ជាក់​ពី Fact Crescendo Cambodia កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក សេង ទៀង ដែល​ជា​​ជំនួយ​ការ​ផ្ទាល់​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រាប់​ថា លោក​មិន​បក​ស្រាយ​អ្វី​ច្រើន​នោះ​ឡើយ ប៉ុន្តែ លោក​បាន​ចង្អុល​ទៅ​វត្តមាន​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​បាន​ជួប​ជុំ​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​ជិត ២​ម៉ឺន​នាក់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នោះ។

ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​មក លោក​ ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​ជា​សាធារណៈ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​វេទិកា​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុ​មកម្មករ​កម្មការិនី​មក​ពី​បណ្ដា​រោងចក្រ​សហគ្រាស​នានា​នៅ​រាជ​ធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​ជិត ២​ម៉ឺន​នាក់​ ដែល​ពិធី​សំណេះ​សំណាល​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេជោ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ។

ពិធី​សាធារណៈ​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ ដោយ​បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី​ឈរ​ថ្លែង​ទៅ​កាន់​មហាជនរយៈពេល​ជិត ១​ម៉ោង ហើយ​លោក​ថត​រូប​ជាមួយ​កម្មករ​កម្មការិនី​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​នោះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ថ្លែង​ជា​សាធារណៈ​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សំណេះ​សំណាល​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣ ហើយ​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក។

រូបថត និង​វីដេអូ​ដែល​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នោះ បង្ហាញ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដើរ​ចាប់​ដៃ​កម្មករ​កម្មការិនី​ និង​អនុញ្ញាត​ឱ្យ​ពួកគេ​ថត​រូប​ជាមួយ ហើយ​បង្ហាញ​លោក​ថ្លែង​សារ​នយោបាយ​ដូច​ធម្មតា។

សូម​មើល​វីដេអូ​ខាង​ក្រោម​នេះ​ដែល​បង្ហាញ​សកម្មភាព​លោក ហ៊ុន សែន ជួប​ចាប់​ដៃ និង​ថត​រូប​ជាមួយ​ក្រុម​កម្មករ​កម្មការិនី នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២៣។

កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ លោក ហ៊ុន សែន បាន​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេនហាតធេន(MANHATTAN) ស្ថិត​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។

ខាង​ក្រោម​នេះ គឺ​ជា​រូបថត​ដែល​បង្ហាញ​លោក ហ៊ុន សែន​ ជួប​សំណេះ​សំណាល និង​ថត​រូប​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣។

ដូច​សព្វ​មួយ​ដង​ដែរ ពិធី​សំណេះ​សំណាល​នេះ ក៏​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​សដែរ ហើយ​​លោក​ឈរ​ថ្លែង​សារ​នយោបាយ​រហូត​ដល់​ជិត ១​ម៉ោង ៤០​នាទី។

សូម​មើល​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ផ្សាយ​ផ្ទាល់​លោក ហ៊ុន សែន ថ្លែង​សារ​នយោបាយ​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​កម្មករ​កម្មការិនី​រោងចក្រ​នៅ​ឯ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក​នេះ។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ លោក ហ៊ុន សែន បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​នូវ​អគារ​សាលា​យុត្តិធម៌​របស់​ក្រសួង​យុត្តិធម៌ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជ​ធានី​ភ្នំពេញ ហើយ​ពិធី​នេះ​ក៏​ត្រូវ​បាន​ផ្សាយ​ផ្ទាល់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ការ​ថ្លែង​របស់​លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​សាលា​យុត្តិធម៌​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដែល​បង្ហាញ​លោក​​ដើរ​ទស្សនា​អគារ​ថ្មី និង​ឈរ​ថ្លែង​សារ​នយោបាយ​មាន​រយៈ​ពេលជិត ១​ម៉ោង។

កាល​ពី​សប្ដាហ៍​មុន យើង​បាន​ផ្ទៀង​ផ្ទាត់​ម្ដង​រួច​មក​ហើយ​ទៅ​លើ​ការ​អះអាង​មួយ​ដែល​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ថា លោក ហ៊ុន សែន ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​នៅ​ប្រទេស​សិង្ហបុរី។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញថា ការ​អះអាង​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ ជា​ព័ត៌មាន​ក្លែង​ក្លាយ​។ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន មិន​ឈឺ​ធ្ងន់​ដូច​ការ​អះ​អាង​នោះ​ឡើយ។ លោក ហ៊ុន សែន មាន​សុខភាព​ធម្មតា និងបាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​វេទិកាសាធារណៈ​រយៈ​ពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា។

Avatar

Title:ព័ត៌មាន​ក្លែង​ក្លាយមួយទៀត​ថា លោក ហ៊ុន សែន ឈឺ​ធ្ងន់​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ

Written By: Jay Udom

Result: False