
អ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ និងអ្នកគ្រប់គ្រងការផ្សាយព័ត៌មាននៃសារព័ត៌មានឌីជីថល ខេមបូឌា ដេលី លោក តាំង សារ៉ាដា បានក្លាយជាផ្ទាំងស៊ីបនៃព័ត៌មានក្លែងក្លាយជាច្រើន ដោយសារពួកគេទាំងបានផ្សាយព័ត៌មានរិះគន់រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ ការអះអាងថ្មីមួយកាលពីសប្ដាហ៍មុន បានលើកឡើងថា លោក ជុន ច័ន្ទបុត្រ ធ្លាប់វាយក្បាលលោក តាំង សារ៉ាដា នឹងផ្លែម៉ៃក្រូហ្វូន។ ទោះជាយ៉ាងណា យើងរកឃើញថា ការអះអាងនេះ គឺជាព័ត៌មានក្លែងក្លាយ។
ការអះអាងលើបណ្ដាញសង្គម
ការអះអាងមួយនៅលើបណ្ដាញសង្គម លើកឡើងថា អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយវិទ្យុអាស៊ីសេរីជាភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ ធ្លាប់ប្រើអំពើហិង្សាទៅលើលោក តាំង សារ៉ាដា ដែលជាអតីតសហការរបស់លោក ហើយសព្វថ្ងៃនេះជាអ្នកគ្រប់គ្រងការផ្សាយតាមអនឡាញនៃសារព័ត៌មាន ឌឹ ខេមបូឌា ដេលី ភាសាខ្មែរ។
ការអះអាងនេះ ត្រូវបានចែករំលែកបន្តទៅកាន់បណ្ដាក្រុមបណ្ដាញសង្គម និងមានការបញ្ចេញមតិយោបល់មួយចំនួនផងដែរ ខណៈអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀត បានបញ្ចេញប្រតិកម្មចម្រុះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងលើបណ្ដាញសង្គមកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដែលរៀបរាប់ថា «បងធំប្រចាំអាស៊ីសេរីដែលជាវិទ្យុកញ្ចះបរទេសដាច់ថ្លៃ ដែលធ្លាប់វាយក្បាលលោក តាំង សារ៉ាដា នឹងផ្លែមេក្រូ!»។

ការត្រួតពិនិតុ្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងនេះតាមរយៈកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានទាំងពីររូបនេះ ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
ឆ្លើយតបនឹងការស្នើសុំការបញ្ជាក់ពី Fact Crescendo Cambodia ប្រធានផ្នែកការផ្សាយព័ត៌មាននៃសារព័ត៌មានឌីជីថល ខេមបូឌា ដេលី ភាសាខ្មែរ លោក តាំង សារ៉ាដា បានច្រានចោលនូវព័ត៌មាននេះ ដោយចាត់ទុកជាព័ត៌មានមិនពិត។
Fact Crescendo Cambodia ក៏បានស្វែងរកការបញ្ជាក់ពីលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលជានាយកការផ្សាយព័ត៌មានជាភាសាខ្មែរនៃវិទ្យុអាស៊ីសេរីផងដែរ ប៉ុន្តែ ពុំទាន់ទទួលបានការឆ្លើយតបពីលោកនៅឡើយទេ។ យើងធ្វើបច្ចុប្បន្នភាពបន្ថែមទៀត ប្រសិនបើទទួលបានការបញ្ជាក់ពីលោក ជុន ច័ន្ទបុត្រ។
ទោះជាយ៉ាងណា លោក សារ៉ាដា បានបញ្ជាក់បន្ថែមថា នៅលើទឹកដីសហរដ្ឋអាមេរិក ប្រសិនបើមានអំពើហិង្សាមកលើរូបមែន ជនបង្កនឹងត្រូវប្រឈមមុខនឹងការចាប់ខ្លួនទៅតាមបណ្ដឹងរបស់លោកទៅហើយ។
លោក សារ៉ាដា បានឱ្យដឹងទៀតថា លោកមានទំនាក់ទំនងធម្មតាជាមួយលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ដែលជាអ្នកគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្សាយជាភាសាខ្មែរ ដោយពួកលោកបានជួបគ្នាម្ដងម្កាលនៅតាមកម្មវិធីបុណ្យរបស់សហគមន៍ខ្មែរ និងអំឡុងពេលចុះបំពេញការងារ។
លោក សារ៉ាដា បានឱ្យដឹងថា លោកបានលាឈប់ពីវិទ្យុអាស៊ីសេរីកាលពីខែកញ្ញា ឆ្នាំ២០១៨ ដោយបញ្ជាក់ថា លោកចង់ទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ជាព័ត៌មានក្លែងក្លាយ។ លោក តាំង សារ៉ាដា ដែលជាអ្នកគ្រប់គ្រងការផ្សាយព័ត៌មាននៃសារព័ត៌មានឌីជីថល ខេមបូឌា ដេលី ខ្មែរ បានច្រានចោលនូវការអះអាងនេះ ហើយលោកបញ្ជាក់ថា គ្មានអំពើហិង្សាបែបនោះកើតឡើងលើរូបលោកឡើយ។

Title:ការអះអាងមិនត្រឹមត្រូវមួយថា មេវិទ្យុអាស៊ីសេរីភាសាខ្មែរធ្លាប់វាយលោក តាំង សារ៉ាដា នឹងម៉ៃក្រូហ្វូន
Written By: Jay UdomResult: False
