រឿង​រ៉ាវ​ខ្មែរ​ក្រោម​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វថ្ងៃ​នេះ នៅ​តែ​ជា​ប្រធាន​បទ​នៃ​ការ​ជជែក​នៅ​លើ​បណ្ដាញ​សង្គម​ដដែល។ នៅ​ដើម​ខែ​វិច្ឆិកា​នេះ ព័ត៌មាន​មួយ​ត្រូវ​បាន​ផ្សព្វផ្សាយ​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​មតិ​យោបល់​ចម្រុះ​បែប​ផង​ដែរ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​ប​ណ្ដាញ​សង្គម​កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ បាន​លើក​ឡើង​ថា អាជ្ញាធរ​វៀតណាម​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ លើក​ទង់​ជាតិ​កម្ពុជា​ក្រោម​នៅ​ក្នុង​ផ្ទះ​របស់​ពួកគេ។

ការ​អះអាង​នេះ ទទួល​បានការ​ចែក​រំលែក​យ៉ាង​ព្រោង​ព្រាត និង​មតិយោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ​។

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ដែល​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួ​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​មួយ​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​ជាមួយ​សំណេរ​រៀបរាប់​ថា «ជោគជ័យ​ធំ​ហើយ​ខ្មែរ​ក្រោម! អាជ្ញាធរ​យួន​អនុញ្ញាត​ឱ្យ​ខ្មែរ​ក្រោម​អាច​លើក​ទង់​ជាតិ​របស់​ខ្លួន​នៅ​ក្នុង​ផ្ទះ​បាន​ដោយ​គ្មាន​បញ្ហា»។

Facebook Post | Archived Link

គេ​អាច​រក​មើល​ការ​អះអាង​ដដែល​នេះ​ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​ទៀត​នៅ​ទីនេះ ឬ​តាម​រយៈ​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ (archived)។

FACT CHECK

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​ការ​សាក​សួរ​ទៅ​ប្រភព​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អះ​អាង​នេះ និង​ការ​ស្វែង​រក​ព័ត៌មាន​ចេញ​ពី​ប្រភព​រដ្ឋាភិបាល​វៀតណាម​ពាក់​ព័ន្ធ​នឹង​រឿង​នេះ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​ផ្ទៀង​ផ្ទាត់​ទៅ​​លើ​ព័ត៌មាន Fact Crescendo Cambodia បាន​សាក​សួរ​ទៅ​ប្រភព​ពាក់​ព័ន្ធ​នានា ក្នុង​នោះ​មាន​សមាគម​ខ្មែរ​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​រស់​នៅ​ភាគ​ខាង​ត្បូង​វៀតណាម​នា​ពេល​សព្វ​ថ្ងៃ​នេះ។

អគ្គលេខាធិការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក សឺន ជុំជួន បាន​ប្រាប់ Fact Crescendo Cambodia កាល​ពី​សប្ដាហ៍​មុន​ថា រឿង​នេះ​គ្រាន់​តែ​ករណី​មួយ​ដាច់​ដោយ​ឡែក​​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​សែន​ដូនតា ឬ​ភ្ជុំ​បិណ្ឌ​នៅ​ឯ​ដែន​ដី​កម្ពុជា ប៉ុន្តែ លោក​ថា គ្មាន​សេចក្ដី​ប្រកាស​ផ្លូវការ​ណា​មួយ​ចេញ​ដោយ​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​​ខ្មែរ​កម្ពុជា​ក្រោម​រូប​នេះ អះអាង​ទៀត​ថា រឿង​នេះ​បាន​បង្ក​ឱ្យ​មាន​ការ​យល់​ច្រឡំ​នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ខ្មែរ​កម្ពុជា និង​ប្រជាជន​កម្ពុជា​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​សម្រង់​របស់​លោក សឺន ជុំជួន ដែល​បា​បញ្ជាក់​ប្រាប់ Fact Crescendo Cambodia តាម​រយៈ​បណ្ដាញ​តេឡេក្រាម​កាល​ពី​សប្ដាហ៍​មុន។

Archived

បន្ទាប់​ពី​មាន​ការ​អះអាង​បែប​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម Fact Crescendo Cambodia បាន​ស្វែង​រក​ព័ត៌មាន​ផ្សាយ​ចេញ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រទេស​វៀតណាម ប៉ុន្តែ​ គ្មាន​សេចក្ដី​រាយការណ៍​ណា​មួយ​និយាយ​អំពី​ករណី​នេះ​ឡើយ។

Fact Crescendo Cambodia បាន​ព្យាយាម​ស្វែង​រក​មធ្យោបាយ​ទំនាក់​ទំនង​ទៅ​កាន់​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា ដើម្បី​សាក​សួរ​ព័ត៌មាន​លម្អិត​ជុំ​វិញ​បញ្ហា​នេះ​ផង​ដែរ ប៉ុន្តែ ពុំ​អាច​ទាក់​ទង​បាន​នោះ​ឡើយ។

ដើម្បី​ឈ្វេង​យល់​កាន់​​លម្អិត​ទៅ​លើ​ការ​អះអាង​នេះ Fact Crescendo Cambodia បាន​ទាក់​ទង​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ក្រោម​ម្នាក់​ឈ្មោះ គឹម ចេង ​​ដែល​រស់​នៅ​ក្នុង​និគម​ថ្កូវ ស្ថិត​ក្នុង​ខេត្ត​ព្រះត្រពាំង នៃ​ភាគ​ខាង​ត្បូង​វៀតណាម​សព្វ​ថ្ងៃ។

លោក គឹម ចេង បាន​ប្រាប់ Fact Crescendo Cambodia កាល​ពី​សប្ដាហ៍​មុន​ថា នៅ​អំឡុង​ពេល​ពលរដ្ឋ​វៀតណាម​ដើម​កំណើត​ខ្មែរ​ក្រោម​ប្រារព្ធ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​នោះ ពួកគេ​បាន​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ ប៉ុន្តែ អាជ្ញាធរ​វៀតណាម​នៅ​ក្នុង​ខេត្ត​ព្រះត្រពាំង បាន​ចុះ​ទៅ​ហាម​ឃាត់។

ទោះជាយ៉ាងណា លោក គឹម ចេង បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​អ្នក​ភូមិ​បាន​តវ៉ា​ អាជ្ញាធរ​វៀតណាម​​បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ក្នុង​និគម​ថ្កូវ​លើក​ទង់​ខ្មែរ​ក្រោម​នៅ​ក្នុង​ផ្ទះ។

លោក គឹម ចេង ប្រាប់​បន្ថែម​ទៀត​ថា ករណី​នេះ​កើត​ឡើង​តែ​នៅ​និគម​ថ្កូវ​ប៉ុណ្ណោះ ប៉ុន្តែ គ្មាន​សេចក្ដី​ប្រកាស​ផ្លូវការ​ណា​មួយ​ចេញ​ពី​រដ្ឋាភិបាល​វៀតណាម​នោះ​ឡើយ។

Archived

Fact Crescendo Cambodia ក៏​បាន​ស្វែង​រក​ព័ត៌មាន​ ឬ​សេចក្ដី​រាយការណ៍​ផ្លូវ​ការ​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ណា​មួយ​របស់​ប្រទេស​វៀតណាម​ផង​ដែរ ប៉ុន្តែ យើង​រក​ពុំ​ឃើញ​ព័ត៌មាន ឬ​សេចក្ដី​រាយការណ៍​បែប​នេះ​នោះ​ឡើយ​ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

CONCLUSION

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ តាម​ការ​ពិត រដ្ឋាភិបាល​វៀតណាម​ពុំ​បាន​ចេញ​សេចក្ដី​ប្រកាស​ផ្លូវការ​ណា​មួយ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​វៀតណាម​ដើម​កំណើត​ខ្មែរ​លើក​ទង់​តំណាង​ខ្មែរ​ក្រោម​នៅ​តាម​ផ្ទះ​នោះ​ឡើយ។ ព័ត៌មាន​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ គឺ​គ្រាន់​តែ​ជា​ករណី​មួយ​ដាច់​ដោយ​ឡែក​តែ​ប៉ុណ្ណោះ។

Avatar

Title:តើ​រដ្ឋាភិបាល​វៀតណាម​អនុញ្ញាត​ខ្មែរ​ក្រោម​លើក​ទង់​តាម​ផ្ទះ​មែន​ឬទេ?

Written By: Jay Udom

Result: Misleading