Fact-Check: តើ​សមាជិក​សភា​ម៉ិកស៊ិក​បាន​ថ្លែង​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ឬទេ?

International Misleading

បញ្ហា​ជាច្រើន​នៅ​ឯ​ប្រទេស​នានា​ជុំ​វិញ​ពិភព​លោក ត្រូវ​បាន​លើក​ឡើង​ និង​ចែក​រំលែក​នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​​និយាយ​ភាសា​ខ្មែរ ដោយ​ពុំ​មាន​ព័ត៌មាន​ជាក់​លាក់​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​សំណេរ​ថា សមាជិក​សភា​មួយ​រូប​របស់​ប្រទេស​ម៉ិកស៊ិក បាន​ថ្លែង​ «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។

រូបថត​ជាមួយ​នឹង​ខ្លឹមសារ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដឹង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការ​ពិត រក​ឃើញ​ថា ខ្លឹមសារ​សរសេរ​នៅ​លើ​រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ​Vireak Stöñe បាន​បង្ហោះ​រូបថត​បុរស​ម្នាក់​​ ដែល​ឈរ​ថ្លែង​ទាំង​អាក្រាត​កាយ​នៅ​សល់​តែ​ខោ​លីអូ។ រូបថត​នោះ បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​សរសេរ​ថា បុរស​រូប​នោះ គឺ​ជា​សមាជិក​សភា​ម៉ិកស៊ិក​មួយ​ ដែល​បាន​ថ្លែង​ថា «អ្នក​ខ្មាស់​អៀន​ដែល​ឃើញ​ខ្ញុំ​អាក្រាត ប៉ុន្តែ អ្នក​មិន​ខ្មាស់​អៀន​ ពេល​ឃើញ​ប្រជាជន​របស់​អ្នក​នៅ​តាម​ផ្លូវ​អាក្រាត​កាយ​គ្មាន​ទីពឹង គ្មាន​ការងារ​ធ្វើ និង​ស្រេក​ឃ្លាន បន្ទាប់​ពី​អ្នក​បាន​យក​លុយ និង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​របស់​ពួកគេ»។

រូបថត​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម រួម​ជាមួយ​ការ​បញ្ចេញ​មតិ និង​ប្រតិម្ម​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​​ ដែល​បង្ហោះ​រូបថត​បុរស​ម្នាក់​​​ភ្ជាប់​ជាមួយ​សំណេរ​សម្រង់​សម្ដី​របស់​គាត់។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​ជាមួយ​សម្រង់​សម្ដី​មួយ​នេះ​តាម​រយៈ​​កម្មវិធី​ស្វែង​រក​រូបថត​នៅ​លើ​ Google ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​រូបថត និង​ព័ត៌មាន​អំពី​រូបថត​នេះ ដែល​ត្រូវ​បាន​​ផ្ទៀង​ផ្ទាត់​ដោយ​ស្ថាប័ន​ត្រួត​ពិនិត្យ​​អន្តរជាតិ​នានា។

រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​ស្ថិត​នៅ​ក្នុង​ផ្នែក​មួយ​នៃ​វីដេអូ​ព័ត៌មាន​ចេញ​ផ្សាយ​​ដោយ​​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៣ ដែល​បាន​រៀបរាប់​ថា លោក Antonio Garcia Conejo សមាជិក​សភា​មួយ​រូប​របស់​ប្រទេស​ម៉ិកស៊ិក បាន​ដោះ​សម្លៀក​បំពាក់​របស់​លោក​ទាំង​អស់​ចោល​ទៅ​លើ​កម្រាល​ថ្ម និង​បន្សល់​ទុក​ត្រឹម​តែ​ខោ​លីអូ​តែ​ប៉ុណ្ណោះ។

បើ​តាម​សារព័ត៌មាន BBC សមាជិក​សភា​របស់​ប្រទេស​ម៉ិកស៊ិក​រូប​នេះ បាន​ធ្វើ​បែប​នេះ​ដើម្បី​បង្ហាញ​ការ​ជំទាស់​របស់​លោក​ទៅ​នឹង​​ច្បាប់​ថ្មី​ស្ដី​ពី​ថាមពល ដែល​ប្រទេស​នេះ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​​ឧស្ម័ន និង​ប្រេង​ឯកជន ខួង​យក​ប្រេង និង​ឧស្ម័ន​​ជាមួយ​ក្រុមហ៊ុន​រដ្ឋ Pemex ក្នុង​លក្ខណៈ​ការ​ដោះ​ដូរ​ចំណែក​នៃ​ប្រាក់​ចំណេញ។

សារព័ត៌មាន BBC បាន​រាយការណ៍​ទៀត​ថា ច្បាប់​នោះ ត្រូវ​បាន​អនុម័ត​ហើយ មួយ​ថ្ងៃ​ក្រោយ​ពី​សំណើ​ច្បាប់​នោះ ត្រូវ​បាន​សភា​ជាន់​ខ្ពស់ ឬ​ព្រឹទ្ធ​សភា​របស់​ប្រទេស​ម៉ិកស៊ិក បាន​យល់​ព្រម។

BBC | Archived

ចំណែក​ឯ​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ (Reuters) កាល​ពី​ថ្ងៃ​ទី​២១ ខែ​ឧសភា​ ឆ្នាំ​២០២១ បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​សម្ដី​របស់​សមាជិក​សភា​ម៉ិកស៊ិក​រូប​នេះ​ផង​ដែរ​តាម​រយៈ​វីដេអូ​នៃ​ការ​ថ្លែងការណ៍​របស់​លោក​ ហើយ​រក​ឃើញ​ថា អ្នក​នយោបាយ​បក្ស​ប្រឆាំង​ប្រទេស​ម៉ិកស៊ិក​រូប​នេះ បាន​ថ្លែង​ថា រដ្ឋាភិបាល​ម៉ិកស៊ិក​បានកែប្រែ​សេវា​ផ្គត់​ផ្គង់​អគ្គិសនី​ ព្រម​ទាំង​ធនធាន​ប្រេង​​របស់​ប្រទេស ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន។

Reuters | Archived

ដោយសារ​តែ​រឿង​មួយ​នេះ ត្រូវ​បាន​ចែក​ចាយ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នៅ​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​នោះ ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត​នៅ​ស្រីលង្កា ក៏​បាន​ផ្ទៀង​ផ្ទាត់​លើ​រូបថត និង​សម្រង់​សម្ដី​ដែល​ត្រូវ​បាន​អះ​អាង​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​ផង​ដែរ។ អត្ថបទ​ត្រួត​ពិនិត្យ​ការ​ពិត​ដោយ​ក្រុម​ការងារ FC Sri Lanka មាន​នៅ​ទីនេះ

ក្រុម​ការងារ​ត្រួត​ពិនិត្យ​ការពិត​នៅ​ស្រីលង្កា បាន​រក​ឃើញ​វីដេអូ​​​នៅ​លើ​បណ្ដាញ​ YouTube ដែល​បង្ហាញ​លោក Antonio Garcia Canejo ថ្លែង​ជា​ភាសា​អេស្ប៉ាញ ហើយ​ប្រហែល​ជា ១១​នាទី​ក្រោយ​មក លោក​បាន​បង្ហាញ​ការ​តវ៉ា​ដោយ​​បាន​ដោះ​សម្លៀក​បំពាក់​ចេញ និង​បន្ត​ថ្លែង​ជាមួយ​រាង​កាយ​អាក្រាត​នៅ​សល់​ត្រឹម​តែ​ខោ​លីអូ។

YouTube

ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត ក៏​បាន​រាយការន៍​អំពី​រឿង​រ៉ាវ​នេះ​ដែរ ដែល​បង្ហាញ​ថា សមាជិក​សភា​បក្ស​ប្រឆាំង​ប្រទេស​ម៉ិកស៊ិក​រូប​នេះ បង្ហាញ​ការ​តវ៉ា​ជំទាស់​របស់​គាត់​ទៅ​នឹង​ច្បាប់​ថាមពល ដែល​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ប្រេង និង​ឧស្ម័ន​របស់​រដ្ឋ។

លោក Antonio Garcia Canejo ថ្លែង​ថា «នេះ​គឺ​ជា​របៀប​ដែល​លោក​អ្នក​កំពុង​សម្រាត​ប្រទេស​ជាតិ។ តើ​មាន​ប្រយោជន៍​មក​ពី​ណា? គួរ​ឱ្យ​ខ្មាស់​អៀន​ម៉្លេះ​ទេ! ប៉ុន្តែ បញ្ហា​នេះ​មិន​ធ្វើ​ឱ្យ​ខ្ញុំ​ខ្មាស់​អៀន​ទេ។ នេះ​គឺ​ជា​របៀប​ដែល​លោក​អ្នក​បង្ហាញ​ទៅ​ប្រទេស​ជាតិ​។ តើ​មាន​ប្រយោជន៍​អ្វី?»។

នៅ​ក្នុង​សារ​របស់​លោក​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣ លោក Antonio Garcia Canejo មិន​​បាន​លើក​ឡើង​ពី​អំពើ​ពុក​រលួយ និង​ការ​លួច​ទ្រព្យ​សម្បត្តិ​ជាតិ​របស់​មេដឹកនាំ​ប្រទេស​នោះ​ឡើយ។

Daily Mail | Archived

សន្និដ្ឋាន

Fact Crescendo Cambodia រកឃើញ​ថា ខ្លឹមសារ​ភ្ជាប់​ជាមួយ​រូបថត​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ សមាជិក​សភា​បក្ស​ប្រឆាំង​របស់​ប្រទេស​ម៉ិកស៊ិក លោក Antonio Garcia Canejo មិន​បាន​ថ្លែង​ដូច​ខ្លឹមសារ​ភ្ជាប់​នឹង​រូបថត​នោះ​ឡើយ។ សមាជិក​សភា​បក្ស​ប្រឆាំង​ប្រទេស​ម៉ិកស៊ិក លោក Antonio Garcia Canejo បាន​​ដោះ​សម្លៀក​បំពាក់​នៅ​សល់​តែ​ខោ​ខ្លី ដើម្បី​បង្ហាញ​ការ​ជំទាស់​របស់​លោក​ទៅ​នឹង​សំណើ​ច្បាប់​ថាមពល​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។

Avatar

Title:តើ​សមាជិក​សភា​ម៉ិកស៊ិក​បាន​ថ្លែង​ដូច​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​ឬទេ?

Fact Check By: Jay Udom 

Result: Misleading

Leave a Reply

Your email address will not be published.