
កាលពីប៉ុន្មានថ្ងៃមុននេះ សារព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយថា ប្រទេសស្វីសបានអនុម័តឱ្យប្រើឧបករណ៍សម្រាប់មនុស្សធ្វើអត្តឃាតខ្លួនឯង។ ព័ត៌មាននេះ ត្រូវបានចែករំលែកព្រោងព្រាតលើបណ្ដាញសង្គមហ្វេសប៊ុក ដែលនាំឱ្យអ្នកប្រើប្រាស់ហ្វេសប៊ុកជាច្រើនជឿតាមព័ត៌មាននេះ។ ទោះជាយ៉ាងណា បន្ទាប់ពីពិនិត្យឡើងវិញនូវសេចក្ដីរាយការណ៍របស់សារព័ត៌មានអន្តរជាតិនានា យើងរកឃើញថា ព័ត៌មាននេះមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
ព័ត៌មានមួយដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមនាពេលថ្មីៗនេះ បាននិយាយថា ប្រទេសស្វីសបានអនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍សម្លាប់ខ្លួនដោយស្វ័យប្រវត្តិសម្រាប់មនុស្សមួយចំនួនដែលមានបំណងសម្លាប់ខ្លួនឯង។
ព័ត៌មាននេះ ត្រូវបានចែករំលែកបន្តយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម ហើយក៏បានប្រតិកម្ម និងការបញ្ចេញមតិយោបល់ចម្រុះពីមហាជនអ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានត្រូវបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ដែលសរសេរថា “វាគឺជាឧបករណ៍សម្លាប់ខ្លួនដែលដាក់ឱ្យប្រើនៅប្រទេសស្វីសដោយស្របច្បាប់។ ក្រោយចុចប៊ូតុងដំណើរការ ឧបករណ៍នេះនឹងពោរពេញដោយឧស្ម័ននីត្រូសែន និងបន្ថយអុកស៊ីសែនរហូតដល់អ្នកប្រើស្លាប់។ មនុស្សមួយចំនួនយល់ឃើញថា ការរស់នៅជាសិទ្ធិរបស់មនុស្ស ដូច្នេះ ការស្លាប់ក៏ជាសិទ្ធិនៃការជ្រើសរើសដែរ”។

ព័ត៌មានដូចគ្នានេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀតដែរ ហើយក៏ទទួលបានប្រតិកម្ម និងមតិយោបល់ចម្រុះបែបពីអ្នកប្រើប្រាស់ហ្វេសប៊ុកដូចគ្នា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីព័ត៌មានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ ដែលបានរក្សាសំណេរដូចគ្នាទាំងស្រុង។

ព័ត៌មាននេះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតដែរនៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។ គេអាចមើលព័ត៌មានដូចគ្នានេះតាមរយៈតំណភ្ជាប់នៅទីនេះ ១ (archived), ២ (archived), ៣ (archived)។
ក្រៅពីនេះ ព័ត៌មាននេះក៏ត្រូវបានសារព័ត៌មានអន្តរជាតិមួយចំនួនចុះផ្សាយផងដែរ ដូចជាសេចក្ដីរាយការណ៍ដោយសារព័ត៌មាន South China Morning Post កាលពីចុងឆ្នាំ២០២១កន្លងមក (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្ដើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
តាមរយៈការដំណើរការ Google Reverse Image Search យើងបានរកឃើញព័ត៌មាននេះដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានអន្តរជាតិកាលពីប៉ុន្មានឆ្នាំមុន។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនកាលពីចុងឆ្នាំ២០២១កន្លងមក សារព័ត៌មាន EURONEWS បាននិយាយថា ឧបករណ៍សម្លាប់ខ្លួនឈ្មោះថា Sarco នេះ គ្រាន់តែរូបគំរូ(3D-printed prototype)តែប៉ុណ្ណោះ។
ក្នុងសេចក្ដីរាយការណ៍ដដែលនេះ សារព័ត៌មាន EURONEWS បានរាយការណ៍បន្តទៀតថា ឧបករណ៍ជំនួយអត្តឃាតនេះ បានឆ្លងផុតការត្រួតពិនិត្យខាងផ្លូវច្បាប់នៅក្នុងប្រទេសស្វីសរួចហើយ ដែលអាចបើកផ្លូវឱ្យបច្ចេកវិទ្យាមួយនេះដាក់ឱ្យប្រើប្រាស់នៅតាមគ្លីនិកនាពេលអនាគត។
ទោះជាយ៉ាងណា សេចក្ដីរាយការណ៍នេះ មិនបាននិយាយដល់ទាល់តែសោះថា ប្រទេសស្វីសបានអនុម័តជាផ្លូវការដាក់ឱ្យប្រើប្រាស់ឧបករណ៍មួយនេះនោះឡើយ ប៉ុន្តែ គ្រាន់តែរាយការណ៍ថា អង្គការ Exit International មានបំណងនាំយកឧបករណ៍នេះផ្ដល់ឱ្យអ្នកប្រើប្រាស់នៅប្រទេសស្វីសនៅឆ្នាំ២០២២។

EURONEWS Report| Archived Link
ក្រៅពីសេចក្ដីរាយការណ៍ខាងលើ យើងក៏បានរកឃើញសេចក្ដីរាយការណ៍របស់សារព័ត៌មានអង់គ្លេស BBC អំពីព័ត៌មានមួយនេះផងដែរកាលពីចុងឆ្នាំ២០២១កន្លងមក។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន សារព័ត៌មាន BBC បានដកស្រង់សម្ដីរបស់អ្នកជំនាញផ្នែកច្បាប់នៅប្រទេសស្វីសដែលនិយាយថា ឧបករណ៍ធ្វើអត្តឃាតខ្លួនឯង Sarco នេះ មិនបានរំលោភបំពានច្បាប់ណាមួយនៅក្នុងប្រទេសឡើយ។
ដូចគ្នានឹងសារព័ត៌មាន EURONEWS ដែរ សារព័ត៌មាន BBC មិនបានរាយការណ៍ថា ប្រទេសស្វីសបានអនុម័តដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យានេះទេ។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ (archived)។
ឧបករណ៍ធ្វើអត្តឃាតខ្លួនឯងនេះ ត្រូវបានចុះផ្សាយព្រោងព្រាតដោយសារព័ត៌មានអន្តរជាតិនានា ក្នុងនោះសារព័ត៌មានមួយចំនួន បានចុះផ្សាយដោយមិនត្រឹមត្រូវអំពីករណីនេះ ដោយរាយការណ៍ថា ឧបករណ៍នេះ ត្រូវបានប្រទេសស្វីសអនុម័តឱ្យប្រើប្រាស់។
ដោយសារតែហេតុនេះ ទីភ្នាក់ងារព័ត៌មាន AP បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើខ្លឹមសារនៃសេចក្ដីរាយការណ៍ទាំងនោះ ហើយរកឃើញថា ការចុះផ្សាយថា ប្រទេសស្វីសអនុម័តជាផ្លូវការដាក់ឱ្យប្រើប្រាស់ឧបករណ៍នេះ គឺជាព័ត៌មាន “មិនពិត”។
នៅក្នុងអត្ថបទរបស់ខ្លួន ទីភ្នាក់ងារព័ត៌មានអាមេរិក AP បានរៀបរាប់ថា ឧបករណ៍ដូចដែលគេឃើញនៅក្នុងរូបថតនេះ គ្រាន់តែជាគំរូប៉ុណ្ណោះ មិនទាន់ត្រូវបាននិយ័តករស្វីសអនុម័តដាក់ឱ្យប្រើប្រាស់នៅឡើយទេ។
បន្ថែមពីលើនេះ សេចក្ដីរាយការណ៍របស់ AP បានបន្ថែមថា អ្នកបង្កើតឧបករណ៍នេះមិនបានស្វែងរកការអនុម័តពីទីភ្នាក់ងារនិយ័តករស្វីសឡើយ ដោយជឿថា អង្គការ Exit International មិនត្រូវការឧបករណ៍នេះនោះឡើយនៅក្រោមសេចក្ដីណែនាំផ្លូវច្បាប់នាពេលសព្វថ្ងៃនេះឡើយ។
ទីភ្នាក់ងារព័ត៌មាន AP ក៏បានដកស្រង់សម្ដីទីភ្នាក់ងារសុខភាពស្វីស SwissMedic ដែលនិយាយថា ស្ថាប័ននេះមិនបានដឹងទាល់តែសោះអំពីការបង្កើតឧបករណ៍នេះរហូតទាល់តែព័ត៌មាននេះត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតទើបបានដឹង។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ (archived)។
បើទោះបីជាសេចក្ដីរាយការណ៍ទាំងនេះ សុទ្ធតែត្រូវបានធ្វើឡើងកាលពីចុងឆ្នាំ២០២១កន្លងមក ប៉ុន្តែ Fact Crescendo Cambodia បានពិនិត្យមើលសេចក្ដីរាយការណ៍ព័ត៌មានអន្តរជាតិនាពេលថ្មីៗនេះ ពុំបានរកឃើញព័ត៌មានថ្មីណាមួយចុះផ្សាយថា ប្រទេសស្វីសអនុម័តជាផ្លូវការឱ្យប្រើប្រាស់ឧបករណ៍ដែលមានរហស្សនាមថា Dr. Death នេះឡើយ។
Fact Crescendo Cambodia នឹងធ្វើបច្ចុប្បន្នភាពព័ត៌មាននេះបន្ថែមទៀត ប្រសើនបើរកឃើញមានការវិវត្តថ្មីជុំវិញឧបករណ៍សម្រាប់ធ្វើអត្តឃាតខ្លួនមួយនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ការត្រួតពិនិត្យឡើងវិញទៅលើព័ត៌មានអន្តរជាតិ រកឃើញថា ប្រទេសស្វីសមិនបានអនុម័តជាផ្លូវការឱ្យប្រើប្រាស់ឧបករណ៍អត្តឃាត Sarco នោះឡើយ ហើយឧបករណ៍នេះទៀតសោត គ្រាន់តែជាគំរូបដែលបង្កើតចេញពីគំនូ 3D តែប៉ុណ្ណោះ។

Title:ស្វីសអនុម័តឱ្យមនុស្សប្រើប្រាស់ឧបករណ៍ធ្វើអត្តឃាតខ្លួនឯង តើជាការពិតឬទេ?
Written By: Jay UdomResult: False