Fact-Check: តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

False International

ហេតុការណ៍​នានា​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​ដែល​នៅ​ជិត​ខាង​នឹង​ប្រទេស​កម្ពុជា តែង​តែ​ជា​ប្រធាន​បទ​នៃ​ការ​ពិភាក្សា និង​ចែក​រំលែក​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ។ ក្នុង​ចំណោម​នោះ រូបថត​ស្ទឹង​មួយ​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម ត្រូវ​បាន​គេ​អះ​អាង​ថា ជា​ហេតុការណ៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ។ រូបថត​ជាមួយ​នឹង​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ទៅ​រាប់​ម៉ឺន​ដង​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក ហើយ​ក៏​ត្រូវ​បាន​ចែក​រំលែក​ឡើង​វិញ​ជាច្រើន​ដង​ផងដែរ​នា​ពេល​ថ្មីៗ​នេះ។ ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត រក​ឃើញ​ថា ការ​អះអាង​​លើ​រូបថត​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា​កន្លង​មក​ថ្មី​ៗ​នេះ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់ បាន​ចែក​រំលែក​ឡើង​វិញ​នូវ​ប៉ុស្តិ៍​មួយ​របស់​ខ្លួន​ចូល​ទៅ​ក្នុង​​ក្រុម​បណ្ដាញ​សង្គម​មួយ ដែល​មាន​គណនី​ហ្វេសប៊ុក​រាប់​ម៉ឺន​នាក់​ជា​សមាជិក។

Facebook Post | Archived Link

​ក្នុង​ប៉ុស្តិ៍​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​នោះ បាន​បង្ហោះ​រូបថត​បី​សន្លឹក ដែល​បង្ហាញ​ទឹក​ពណ៌​ក្រហម​ដូច​ឈាម។ អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដដែល​នេះ អ​ះ​អាង​ថា ស្ទឹង​មួយ​នៅ​ក្នុង​ប្រទេស​ថៃ បាន​ប្រែ​ក្លាយ​ជា​ឈាម។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ចែក​រំលែក​បន្ត​គ្នា​រហូត​ដល់​ទៅ​ជាង ៤​ម៉ឺន​ដង​ឯណោះ រួម​ជាមួយ​ការ​បញ្ចេញ​ប្រតិកម្ម និង​មតិ​ជាច្រើន​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ដែល​អះ​អាង​ថា «ស្ទឹង​ក្លាយ​ជា​ឈាម​កើត​មាន​នៅ​ប្រទេស​ថៃ បើ​តាម​ក្បួន​តម្រា​សាស្ត្រ​បុរាណ​បាន​បង្ហាញ​ថា ប្រទេស​ថៃ​អាច​មាន​កលិយុគ និង​មាន​ទុរភិក្ស​កើត​ឡើង ប្រជាជន​ថៃ​នឹង​កើត​ទុក្ខ​ធំ​អ្វី​មួយ​ជាក់​ជា​មិន​ខាន ប្រទេស​ថៃ​នឹង​កើត​មាន​ការ​កាប់​សម្លាប់​គ្នា​បង្ហូរ​ឈាម​ជា​មិន​ខាន។ នេះ​ខ្ញុំ​បក​ស្រាយ​តាម​តម្រា​បុរាណ​តែ​ប៉ុណ្ណោះ។ ប្រភព​រូបថត តំណាង​ស្ទឹង​ឈាម​នៅ​ប្រទេស​ថៃ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួតពិនិត្យ​លើ​រូបថត​នេះ​តាម​រយៈ​ការ​ដំណើរការ​កម្មវិធី​ស្វែង​រក​រូបថត​របស់​ Google ដែល​នាំ​ឱ្យ​យើង​ជួប​ប្រទះ​នឹង​រូបថត និង​ព័ត៌មាន​លម្អិត​ផង​ដែរ។

រូបថត​នេះ ត្រូវ​បាន​រក​ឃើញ​ចុះ​ផ្សាយ​ជាមួយ​អត្ថបទ​នៃ​គេហទំព័រ​ព័ត៌មាន KOMPAS របស់​ម៉ាឡេស៊ីកាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៤​កន្លងម​ក ដែល​និយាយ​ថា ទឹក​ស្ទឹង​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​កាលីម៉ាន់តាន់ (Kalimantan) បាន​ប្រែក​្លាយ​ទៅ​ជា​ក្រហម​ដូច​ឈាម។

គេហ​ទំព័រ​ដដែល​នេះ និយាយ​ថា ទឹក​ស្ទឹង​បាន​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម​បែប​នេះ គឺ​បណ្ដាល​មក​ពី​រោងចក្រ​ចែក​ចាយ​ថ្នាំ​ពណ៌​មួយ បាន​ចាក់​ចោល​កាក​សំណល់​ថ្នាំ​ពណ៌​ទៅ​ក្នុង​ទឹក​ស្ទឹង​នោះ។

KOMPAS | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះ​អាង​ដូច​បាន​រៀប​រាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ទឹក​ស្ទឹង​ប្រែ​ជា​ក្រហម​ដូច​ឈាម​នេះ មិន​មែន​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ឡើយ។ រូបថត​នេះ បង្ហាញ​ស្ទឹង​មួយ​ស្ថិត​នៅ​កោះ​កាលីម៉ាន់តាន់ ប្រទេស​ម៉ាឡេស៊ី បាន​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ដូច​ឈាម​កាល​ពី​ឆ្នាំ​២០១៤ បន្ទាប់​ពី​រោងចក្រ​ចែកចាយ​ថ្នាំ​ពណ៌​មួយ​កន្លែង បាន​ចាក់​កាក់​សំណល់​ថ្នាំ​ពណ៌​ចូល​ទឹក​ស្ទឹង។

Avatar

Title:តើ​ស្ទឹង​ប្រែ​ពណ៌​ជា​ក្រហម​ដូច​ឈាម​នេះស្ថិត​ក្នុង​ប្រទេស​ថៃ​មែន​ឬទេ?

Fact Check By: Jay Udom 

Result: False

Leave a Reply

Your email address will not be published.