Fact Check: រូបថតកូនកោះមួយស្ថិតនៅជិតកោះត្រល់មិនមែននៅជាប់ឆ្នេរសមុទ្រខេត្តកែបដូចការអះអាងទេ
កោះត្រល់ជាភាសាខ្មែរ ឬកោះភូកុកជាភាសាវៀតណាម បានក្លាយជាប្រធានបទនៃការជជែកដេញដោល និងបញ្ចេញមតិជារឿយៗនៅលើបណ្ដាញសង្គមពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។ ថ្មីៗនេះ អ្នកប្រើហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតប្រជុំកោះភូកុកមួយនេះជាមួយការអះអាងថា កោះនេះស្ថិតនៅយ៉ាងជិតបង្កើយនឹងឆ្នេរសមុទ្រខេត្តកែបរបស់ប្រទេសកម្ពុជា។ ទោះយ៉ាងណាការ ផ្ទៀងផ្ទាត់របស់ Fact Crescendo Cambodia បានបង្ហាញថា ការអះអាងនេះ គឺមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ គណនីហ្វេសប៊ុកមួយ បានបង្ហោះរូបថតមួយសន្លឹកបង្ហាញអំពី ផ្ទៃសមុទ្រ និងកោះ។ គណនីហ្វេសប៊ុកដដែលនេះ ក៏បានអះអាងផងដែរទាក់ទងទៅនឹងរូបថតមួយនេះថា ជាទិដ្ឋភាព កោះត្រល់ ហើយឆ្នេរពណ៌ស គឺជាឆ្នេរសមុទ្រនៅខេត្តកែប នៃប្រទេសកម្ពុជា។
ការអះអាងមួយនេះត្រូវបានចែករំលែកបន្តដោយអ្នកប្រើហ្វេសប៊ុករហូតទៅដល់រាប់រយដងនាពេលថ្មីៗនេះរួមជាមួយប្រតិកម្ម និងការបញ្ចេញមតិចម្រុះបែបផងដែរ។
រូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់គណនីហ្វេសប៊ុកនោះ រៀបរាប់ថា «កម្ពុជាអាចទាមទារយកកោះត្រល់ កម្ពុជាក្រោម និងទឹកដីជាច្រើនទៀតមកវិញបាន បើកម្ពុជាមានរដ្ឋាភិបាលថ្មី ដឹកនាំដោយមិនមែនត្រកូលហ៊ុន!»។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានចាប់ផ្តើមត្រួតពិនិត្យ និងផ្ទៀងផ្ទាត់រូបថតតាមរយៈកម្មវិធី Google Reverse Image ដែលនាំឲ្យទៅរកឃើញប្រភពដើមនៃទិដ្ឋភាពរូបថតមួយនេះ ដែលមានទម្រង់ដូចគ្នាទាំងស្រុង។
រូបថតដូចគ្នាមួយសន្លឹកនេះ បានរកឃើញនៅក្នុងគេហទំព័រ Phu Quoc Tourism ជាគេហទំព័រមួយរបស់រដ្ឋបាល វៀតណាមដែលមានព័ត៌មាននានា រួមទាំងប្រវត្តិសាស្ត្រ បច្ចុប្បន្នភាព និងផែនការធ្វើដំណើរកម្សាន្តទាក់ទងទៅនឹងកោះ មួយនេះ។
គេហទំព័រដដែលនេះក៏បានភ្ឋាប់ជាមួយនឹងការសរសេររៀបរាប់ជាភាសាអង់គ្លេសផងដែរថា «Located in the south west of Vietnam, Phu Quoc island together with other surrounding islets founded Phu Quoc archipelago (which is now Phu Quoc district in Kien Giang province)» ឬដែលអាចប្រែសម្រួលជាភាសាខ្មែរថា «កោះនេះមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសវៀតណាម។ កោះភូកុករួមនឹងជាមួយប្រជុំកោះជុំវិញនោះបានបង្កើត ជាប្រជុំកោះភូកុក (ដែលឥឡូវជាស្រុកភូកុក ក្នុងខេត្តគៀងយ៉ាង ប្រទេសវៀតណាម)»។
Phu Quoc Tourism Link | Archived Link
រូបថតដូចគ្នាមួយសន្លឹកនេះក៏ត្រូវបានផ្សព្វផ្សាយផងដែរ នៅក្នុងគេហទំព័រ Phu Quoc Greentour បានសរសេរ រៀបរាប់អំពីទីប្រជុំជនអានថូដែលជាបណ្តុំកោះជុំវិញកោះភូកុក។
រូបភាពផ្ដាមចេញពីគេហទំព័រដែលបានសរសេររៀបរាប់ជាភាសាអង់គ្លេសថា «An Thoi township, situated on the southern tip of the island. The An Thoi district consists of 15 islands stretching to southwest form the town.» ប្រែជាភាសាខ្មែរមានន័យថា «ទីប្រជុំជនអានធួយមានទីតាំងស្ថិតនៅចុងខាងត្បូងនៃកោះ ដែលមានកោះចំនួនសរុប១៥»។
Phu Quoc Greentour Report | Archived Link
រូបភាពមួយផ្តាមចេញពីគេហទំព័រ Google Map បានបង្ហាញពីទិដ្ឋភាពប្រជុំកោះអានធួយ ដែលមានសណ្ឋាន និងរូបរាងដូចគ្នាទៅនឹងរូបថតដែលគណនីហ្វេសប៊ុកបានអះអាងខាងលើ។ ខាងក្រោមនេះគឺជាទីតាំងរបស់កោះ Hon Dam Trong និងកោះ Hon Dam Ngoa ដែលជាស្ថិតនៅក្បែរទៅនឹងកោះភូកុក។
សន្និដ្ឋាន (Conclusion)
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដូចបានរៀបរាប់ខាងលេីនេះ គឺមិនត្រឹមត្រូវនោះឡេីយ។ រូបថតមួយសន្លឹកនេះ មិនបានបង្ហាញអំពីទិដ្ឋភាពឆ្នេរសមុទ្រខេត្តកែបរបស់ប្រទេសកម្ពុជានោះទេ។ រូបថត មួយសន្លឹកនេះ គឺជាបណ្តុំកោះត្រល់ ឬវៀតណាមហៅថា កោះភូកុក។
Title:រូបថតកូនកោះមួយស្ថិតនៅជិតកោះត្រល់មិនមែននៅជាប់ឆ្នេរសមុទ្រខេត្តកែបដូចការអះអាងទេ
Fact Check By: Kakada SimResult: False