ខណៈ​ដែល​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន​បន្ត​​អូស​បន្លាយ​ពេល​អស់​រយៈ​ជិត ២​ឆ្នាំ​ហើយ​នោះ សេចក្ដី​រាយការណ៍​ព័ត៌មាន​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ផលិត​មាតិកា​ព័ត៌មាន​មួយ បាន​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ។ ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាច្រើន​ដង​នៅ​លើ​បណ្ដាញ​សង្គម និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​ផ្សេងៗ​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​រក​ឃើញ​ថា ព័ត៌មាន​នេះ​មិន​ពិត​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ព័ត៌មាន​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក បាន​រាយការណ៍​ថា ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelenskyy) ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​តំណែង​ហើយ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចា​សន្តិភាព​ជាមួយ​ប្រទេស​រុស្ស៊ី។

ព័ត៌មាន​នេះ ត្រូវ​បាន​ចែក​រំលែក​ជាច្រើន​ដង​ ​មតិយោបល់​ជាច្រើន​ និង​ប្រតិកម្ម​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះគឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក KH Daily News កាល​ពី​ថ្ងៃទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​មាន​សំណេរ​រៀបរាប់​ថា «ចប់​បាត់ ហ្សេលេនស្គី​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង​ហើយ»។

Facebook Post | Archived Link

ព័ត៌មាន​ដដែល​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​ទៀត​ឈ្មោះ Amazing Top Share ដែល​សរសេរ​រៀបរាប់​ថា «ចប់​បាត់​ហើយ! លោក​ ហ្សេលេនស្គី​ ប្រហែល​អាច​ត្រូវ​បណ្ដេញ​ចោល​ពី​តំណែង មិន​អាច​វាយ​ឈ្នះ​រុស្ស៊ី​បាន​ទេ»។

វីដេអូ​ព័ត៌មាន​អន្តរជាតិ​មួយ​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រឹត​តែ​ច្រើន​ថែម​ទៀត និង​មតិ​យោបល់​ពី​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​វីដេអូ​ទាំង​ស្រុង​នៃ​ព័ត៌មាន​អន្តរជាតិ​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ World Today កាល​ពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

Facebook Post | Archived Link

FACT CHECK

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​តាម​រយៈ​​ការ​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​ព័ត៌មាន​អន្តរជាតិ​ចេញ​ផ្សាយ​ដោយ​សារព័ត៌មាន​ធំៗ​នៅ​លើ​ពិភព​លោក ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម។

ដើម្បី​​ស្វែង​រក​ព័ត៌មាន​ថ្មី​បំផុត​ទាក់​ទង​នឹង​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ យើង​បាន​ស្រាវ​ជ្រាវ​តាម​រយៈ​ពាក្យ​គន្លឹះ (ឈ្មោះ​លោក Volodymyr Zelenskyy) នៅ​លើ​បណ្ដាញ​រុករក Google និង​បាន​ជ្រើស​រើស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធំៗ​នៅ​លើ​ពិភព​លោកដើម្បី​ពិនិត្យ​មើល​ការ​ចុះផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​រូប​នេះ។

ជា​លទ្ធផល យើង​បាន​រក​ឃើញ​ថា ឈ្មោះ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវ​បាន​លេច​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ថ្មីបំផុត​នៅ​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា នៅ​ក្នុង​អត្ថបទ​មួយ​ដែល​និយាយថា សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់ បាន​បង្វែរ​ការ​ចាប់​អារម្មណ៍​ពី​សង្គ្រាម​អ៊ុយក្រែន-រុស្ស៊ី។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​​ទីនេះ

ដោយ​បាន​រុក​រក​នៅ​ក្នុង​គេហទំព័រ BBC យើង​ពុំ​បាន​ជួប​ប្រទះ​នូវ​ព័ត៌មាន​ណា​មួយ​ដែល​និយាយ​ពី​ការ​បណ្ដេញ​លោក Zelenskyy ពី​អំណាច​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ BBC នោះឡើយ​ចាប់​តាំង​ពី​ថ្ងៃ​ទី​០៥ រហូត​ដល់​ថ្ងៃ​ទី​១៤​ ខែ​វិច្ឆិកា​នេះ។

ដើម្បី​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ យើង​បាន​ពង្រីក​ការ​រុក​រក​របស់​យើង​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក CNN ដែល​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​នៅ​ពេល​ថ្មីៗ​នេះ។

ព័ត៌មាន​ថ្មី​បំផុត​ដែល​ចុះ​ផ្សាយ​ដោយ CNN នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ពាក់​ព័ន្ធ​នឹង​លោក ហ្សេលេនស្គី បាន​និយាយ​ថា មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​បាន​លើក​ថា ការ​បោះ​ឆ្នោត​មិន​គួរ​រៀបចំ​អំឡុង​ពេល​មាន​សង្គ្រាម​នោះ​ឡើយ។

សូម​មើល​ព័ត៌មាន​ទាំង​ស្រុង​ចេញ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក CNN នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នៅក្នុង​អត្ថបទ​មាន​ចំណង​ជើង​ថា Zelensky says it is "irresponsible" to hold elections during wartime

ខាងក្រោម​នេះ គឺ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​លោក ហ្សេលេនស្គី ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក CNN នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​បំផុត ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​ប្រព័ន្ធ​រុករក​របស់ CNN។

គ្មាន​ព័ត៌មាន​ណា​មួយ​ដែល​និយាយ​ពី​ការ​ទម្លាក់​លោក ហ្សេលេនស្គី ពី​អំណាច​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ CNN នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

Fact Crescendo Cambodia បាន​ពង្រីក​ការ​ផ្ទៀង​ផ្ទាត់​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង France 24 ហើយ​ក៏​រក​ឃើញ​ថា គ្មាន​ព័ត៌មាន​ណាមួយ​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​នឹង​ការ​ទម្លាក់​លោក ហ្សេលេនស្គី ពី​អំណាច​នោះ​ឡើយ។

សេចក្ដី​រាយការណ៍​ថ្មី​បំផុត​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​ចុះ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយបារាំង France 24 បាន​និយាយ​ថា លោក ហ្សេលេនស្គី បាន​ជំរុញ​ឱ្យ​ត្រៀម​បម្រុង​សម្រាប់​ការ​វាយ​ប្រហារ​ពី​រុស្ស៊ី​អំឡុង​រដូវ​រងា​នេះ។ សូម​មើល​អត្ថបទ​ទាំង​ស្រុង​នៅ​ទីនេះ

Fact Crescendo Cambodia បាន​ពង្រីក​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នេះ​ទៅ​កាន់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ។ ប៉ុន្តែ យើង​រក​ពុំ​ឃើញ​សេចក្ដី​រាយការណ៍​ណា​មួយ​របស់ Reuters ដែល​និយាយ​អំពី​ការ​ទម្លាក់​លោក ហ្សេលេនស្គី ពី​អំណាច​នោះ​ឡើយ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​វេបសាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ចុះ​ផ្សាយ​ពាក់​ព័ន្ធ​នឹង​លោក ហ្សេលេនស្គី នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ​នេះ។

Reuters | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​រុក​រក​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy ជុំ​វិញ​ព័ត៌មាន​ដែល​និយាយ​ថា លោក​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង ប៉ុន្តែ យើង​រក​ពុំ​ឃើញ​ព័ត៌មាន​បែប​នេះ​នោះ​ឡើយ​នៅ​ក្នុង​រយៈ​ពេល ២៤​ម៉ោង​ចុង​ក្រោយ​នេះ។

CONCLUSION

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ បន្ទាប់​ពី​បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ព័ត៌មាន​អន្តរជាតិ ពុំ​មាន​សេចក្ដី​រាយការណ៍ណា​មួយដែល​និយាយ​ពី​ការ​បណ្ដេញ​លោក Volodymyr Zelenskyy ពី​តំណែង​ប្រធានាធិបតី​អ៊ុយក្រែន​នោះ​ឡើយ។

Avatar

Title:សេចក្ដី​រាយការណ៍​មិន​ត្រឹម​​ត្រូវ​មួយ​ថា មេដឹកនាំ​អ៊ុយក្រែន​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង

Written By: Jay Udom

Result: False