
រូបថត និងវីដេអូជាច្រើន ត្រូវបានចែករំលែកនៅលើបណ្ដាញសង្គមជារៀងរាល់ថ្ងៃ ក្នុងនោះមានរូបថត និងវីដេអូមួយចំនួន ត្រូវបានបកស្រាយខុសពីអត្ថន័យដើមរបស់វា។ ក្នុងចំណោមនោះ មានរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ស្ទូងស្រូវនៅលើកំណាត់ផ្លូវបែកភក់មួយកន្លែង ត្រូវបានចែករំលែកលើបណ្ដាញសង្គមជាមួយនឹងការរៀបរាប់ថា បុគ្គលជោគជ័យ គឺជាបុគ្គលចេះឆ្លៀតឱកាស។ រូបថតរួមជាមួយសំណេរបែបនេះ ត្រូវបានចែករំលែកទៅក្នុងក្រុមបណ្ដាញសង្គមដែលមានគណនីហ្វេសប៊ុករាប់សែនជាសមាជិក។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតមួយសន្លឹកនេះ ត្រូវបានបកស្រាយមិនត្រឹមត្រូវ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៧ ខែមករាកន្លងមកនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Vireak Stone បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញបុរសម្នាក់ស្ទូងស្រូវនៅត្រង់កំណាត់ផ្លូវមួយកន្លែង។ អ្នកប្រើប្រាស់ហ្វេសប៊ុកដដែលនេះ បានសរសេរថា បុរសនៅក្នុងរូបថតនោះ បានដាំដុះនៅលើផ្លូវមានភក់បែបនេះ គឺជាការឆ្លៀតឱកាសរបស់បុគ្គលជោគជ័យ។
អ្នកប្រើប្រាស់ហ្វេសប៊ុកមួយនេះ ត្រូវបានចែករំលែកប៉ុស្តិ៍របស់ខ្លួននៅក្នុងក្រុមបណ្ដាញសង្គម ដែលនាំឱ្យការបញ្ចេញមតិយ៉ាងច្រើន និងប្រតិកម្មចម្រុះបែប។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុក Vireak Stone ដែលរៀបរាប់ថា «បុគ្គលជោគជ័យគឺជាបុគ្គលដែលចេះឆ្លៀតឱកាស»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យទៅលើរូបថតមួយសន្លឹកនេះ និងអត្ថន័យពិតប្រាកដនៃរូបថតនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងបានជួបប្រទះរូបថតនេះ និងអត្ថន័យនៃរូបថតមួយសន្លឹកនេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានរកឃើញនៅលើសារព័ត៌មានឥណ្ឌាមួយឈ្មោះថា India Today នៅក្នុងអត្ថបទមួយចុះផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨កន្លងមក។
បើតាមសារព័ត៌មានឥណ្ឌាមួយនេះ អ្នកភូមិជនជាតិឥណ្ឌាម្នាក់រស់នៅក្នុងស្រុក Almora ក្នុងរដ្ឋ Uttarakhand បានស្ទូងស្រូវនៅលើកំណាត់ផ្លូវ Chaukhutia-Masi ដើម្បីបង្ហាញការតវ៉ាទៅនឹងស្ថានភាពផ្លូវបែកភក់នោះ។
ដើម្បីបញ្ជាក់ពីសុក្រឹតភាពរបស់ខ្លួន សារព័ត៌មានមួយនេះ បានសម្ភាសជាមួយពលរដ្ឋម្នាក់នៅភូមិនោះ ដែលបានចូលរួមនៅក្នុងការតវ៉ាទាមទារឱ្យកែលម្អស្ថានភាពផ្លូវមួយនោះ។
សារព័ត៌មានឥណ្ឌាមួយនេះ បានចុះផ្សាយទៀតថា កំណាត់ផ្លូវមួយខ្សែនោះ ត្រូវបានអាជ្ញាកែលម្អ បន្ទាប់ពីប្រជាជនសម្ដែងការតវ៉ាតាមរយៈការយកស្រូវទៅស្ទូងលើផ្លូវបែកភក់នោះ។
គេអាចស្វែងរកអានអត្ថបទទាំងស្រុងរបស់សារព័ត៌មានឥណ្ឌានៅក្នុងតំណភ្ជាប់មាននៅទីនេះ ឬតំណភ្ជាប់ដែលត្រូវបានរក្សានៅទីនេះផងដែរ។

India Today’s Fact Check | Archived Link
រូបថតនៃការតវ៉ារបស់ប្រជាជនឥណ្ឌានេះ ក៏ត្រូវបានស្ថាប័នត្រួតពិនិត្យការពិតមួយទៀតឈ្មោះថា FACTLY លាតត្រដាងការពិតផងដែរតាមរយៈអត្ថបទរបស់ខ្លួនចុះផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០កន្លងមកនេះ។ អត្ថបទទាំងស្រុង អាចរកអានបានតាមរយៈតំណភ្ជាប់មាននៅទីនេះ។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា អត្ថន័យរបស់រូបថតមួយសន្លឹកនេះ ត្រូវបានបកស្រាយដោយមិនត្រឹមត្រូវ ដែលនាំឱ្យមានការយល់ច្រឡំ។ រូបថតមួយសន្លឹកនេះ មិនមែនបង្ហាញឱ្យឃើញបុគ្គលម្នាក់ទាញយកផលប្រយោជន៍ពីស្ថានភាពផ្លូវបែកភក់នោះឡើយ។ អត្ថន័យដើមនៃរូបថតមួយសន្លឹកនេះ បង្ហាញពីការតវ៉ារបស់ប្រជាជនឥណ្ឌាទៅកាន់អាជ្ញាធរ ដែលមិនបានកែលម្អស្ថានភាពកំណាត់ផ្លូវមួយខ្សែស្ថិតនៅក្នុងរដ្ឋ Uttarakhand។

Title:បុរសឥណ្ឌាស្ទូងស្រូវលើផ្លូវបែកភក់ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមកម្ពុជាបកស្រាយខុស
Fact Check By: Jay UdomResult: Misleading
