Fact-Check: រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម

Altered Politics

ខណៈ​ដែល​កម្ពុជា​កំពុង​ស្ថិត​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​ថ្នាក់​ក្រោម​ជាតិ​នៅ​ឆ្នាំ​ក្រោយ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នោះ ការ​ចោទ​ប្រកាន់​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​លើ​គណបក្ស​នយោបាយ​មួយ​ទៀត ក៏​ចាប់​ផ្ដើម​កើត​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ។

ទន្ទឹម​គ្នា​នេះ មាន​រូបថត​មួយ​បង្ហាញ​​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​ជា​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច ឈរ​ថត​កៀក​បង្កើយ​​នឹង​បុរស​ម្នាក់ ដែល​ជា​អតីត​មេដឹកនាំ​វៀតណាម។

ទោះ​ជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង បាន​បង្ហាញ​ថា រូបថត​នោះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ ហើយ​វា​ត្រូវ​បាន​កែច្នៃ​មុន​នឹង​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

កាល​ពី​ថ្ងៃ​ទី៧ ខែ​មេសា​ គណនី​ហ្វេសប៊ុក​មួយ បាន​បង្ហោះ​រូបថត​មួយ​ក្នុង​ចំណោម​ ៥​សន្លឹក​ ដែល​បង្ហាញអ្នកស្រី ប៊ុន រ៉ានី ដែល​ជា​ភរិយា​របស់​លោក​ ហ៊ុន សែន​ នាយករដ្ឋ​មន្ត្រី​​កម្ពុជា​បច្ចុប្បន្ន បាន​ឈរ​ជាប់​នឹង​បុរស​ម្នាក់ ដែល​មាន​ឈ្មោះ​ថា ឡេ ឌឹកថូ (Lê Đức Thọ)។

​សំណេរ​ប៉ុស្តិ៍​នោះ បាន​លើក​ឡើង​ថា វៀតណាម​បង្កាត់​ពូជ​សាសន៍​ជាមួយ​ខ្មែរ​ ដើម្បី​បង្កើត​អ្នក​បន្ត​វេន​ដឹកនាំ​ប្រទេស​កម្ពុជា ដែល​មាន​ន័យ​ថា អ្នកស្រី ប៊ុន រ៉ានី គឺ​ជា​អតីត​ភរិយា​របស់​លោក ឡេ ឌឹកថូ ហើយ​ថា ពួកគាត់​មាន​កូន​ប្រុស​ម្នាក់ គឺ​លោក ហ៊ុន ម៉ាណែត ដែល​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក​នា​ពេល​បច្ចុប្បន្ន​នេះ។

រូបភាព​ផ្ដាម​ចេញ​ប៉ុស្តិ៍​នៃ​គណនី​ហ្វេសប៊ុក​នោះ​ សរសេរ​ថា​ «យួនបន្លំធ្វើខ្មែរ បង្កាត់ពូជសាសន៍យួនជាមួយសាសន៍ខ្មែរ»។

Facebook Post | Archived Link

ការ​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ផ្ទៀង​ផ្ទាត់​នូវ​រូបថត​នេះ​តាម​រយៈ​កម្មវិធី​ស្រាវ​ជ្រាវ​រូបថត ដែលនាំ​​ឱ្យ​យើង​ជួប​​រូបថត​មួយ​ចំនួន​​ពាក់​ព័ន្ធ និង​តាម​រយៈការ​ស្នើ​សុំ​រូបថត​ដើម​ពី​ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

អ្នកស្រី ប៊ុន រ៉ានី បាន​ថត​រូប​ជាមួយ​ស្វាមី​របស់​គាត់​គឺ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

ថ្វី​បើ​អ្នកស្រី ប៊ុន រ៉ានី ស្ថិត​ក្នុង​សម្លៀក​បំពាក់​ខុស​គ្នា​មែន ហើយ​រូបថត​មួយ​គ្មាន​កាសែត​នៅ​លើ​តុ ហើយ​រូបថត​មួយ​ទៀត​មាន​កាសែត​នៅ​លើ​តុ​មែន ប៉ុន្តែ ទិដ្ឋភាព​ផ្នែក​ខាង​ក្រោយ​នៃ​រូបថត​ទាំង​ពីរ បង្ហាញ​នូវ​ផ្ទាំង​គំនូ​ផ្កា​ ២​ផ្ទាំង​ដូច​គ្នា។

ក្រៅ​ពី​រូបថត​មួយ​សន្លឹក​ខាង​លើ​នេះ យើង​ក៏​បាន​រក​ឃើញ​រូបថត​មួយ​សន្លឹក​ផ្សេង​ទៀត​នៃ​គូ​ស្វាមី​ភរិយា​មេដឹកនាំ​កម្ពុជា ដែល​ត្រូវបាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អនឡាញ​នគរដ្រេហ្គន នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៦​កន្លងមក។ រូបថត​ពីរ​សន្លឹក​នោះ ​​បង្ហាញ​​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​លោក ថត​រូប​រួម​គ្នា​ ដែល​មាន​​ផ្ទាំង​គំនូ​ផ្កា ២​ផ្ទាំង ដែល​ត្រូវ​បាន​ផ្ដិត​ជាមួយ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រូបថត​គូ​ស្វាមី​ភរិយា​មេដឹកនាំ​កម្ពុជា​រូប​នេះ។

យើង​ក៏​បាន​រក​ឃើញ​រូបថត​ដើម​របស់​អតីត​មេដឹកនាំ​វៀតណាម​ លោក​ ឡេ ឌឹកថូ ផង​ដែរ ដែល​មួយ​ផ្នែក​ខាង​ក្បាល​របស់​លោក​ត្រូវ​បាន​កាត់​យក​មក​ភ្ជាប់​នឹង​រូបថត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

លោក ឡេ ឌឹកថូ ដែល​មាន​ឈ្មោះ​ពី​កំណើត​ថា ផាន ឌីញខៃ (Phan Đình Khải) គឺ​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​មួយ​របស់​វៀតណាម ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ប្រទេស​តែង​តាំង​ឱ្យ​ទទួល​ខុស​ត្រូវ​លើ​ការ​ជួយ​គាំ​ទ្រ​ដល់​ចលនា​តស៊ូ​ប្រឆាំង​នឹង​របប​ខ្មែរ​ក្រហម ហើយ​ជួយ​រៀបចំ​រដ្ឋាភិបាល​នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ចន្លោះ​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​១៩៩០។ កើត​នៅ​ក្នុង​ឆ្នាំ​១៩១១ មេដឹកនាំ​វៀតណាម​រូប​នេះ បាន​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩០ នៅ​ក្នុង​ជន្មាយុ ៧៩​ឆ្នាំ។

ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ពី Fact Crescendo Cambodia ខុទ្ទកាល័យ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​បញ្ជូន​រូបថត​ច្បាប់​ដើម​ដើម្បី​​​បញ្ជាក់​ផង​ដែរ​ថា រូបថត​ស​ខ្មៅ​នោះ ត្រូវ​បាន​កាត់​ត​​មុន​នឹង​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​បង្ហោះ​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថូ ត្រូវ​បាន​កាត់​ត​​យក​មក​ភ្ជាប់​ជាមួយ​អ្នកស្រី ប៊ុន រ៉ានី ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។ ការពិត រូបថត​ច្បាប់​ដើម គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក។

Avatar

Title:រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *