
ក្រោយពីសមត្ថកិច្ចបានចាប់ខ្លួនលោក ស្រី ស៊ីណា ដែលខ្មាន់កាំភ្លើងបាញ់មនុស្សស្លាប់ ២នាក់ នៅបុរីប៉េងហ៊ួតបឹងស្នោ កាលពីដើមសប្ដាហ៍នេះ រូបថតមួយសន្លឹកដែលបង្ហាញខ្មាន់កាំភ្លើងរូបនេះឈរសើចញញឹមស្រស់ស្រាយនៅពេលវាស់កម្ពស់ក្រោយសមត្ថកិច្ចចាប់ខ្លួនបាននោះ ត្រូវបានបង្ហោះដោយអ្នកប្រើប្រាស់បណ្ដាញសង្គម។ ការបង្ហោះរូបថតបែបនេះ ត្រូវបានទទួលការចែកចាយ និងប្រតិកម្មមតិចម្រុះពីសំណាក់អ្នកប្រើប្រាស់យ៉ាងផុសផុល។ ទោះជាយ៉ាងណា យើងរកឃើញថា រូបថតនេះត្រូវបានភ្ជាប់ជាមួយព័ត៌មានមិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ បានបង្ហោះវីដេអូឃ្លីបមួយ បង្ហាញទិដ្ឋភាពជនសង្ស័យឃាតកម្មលោក ស្រី ស៊ីណា បានសើចញញឹមក្នុងអំឡុងពេលចាប់ខ្លួន។
វីដេអូឃ្លីប ដែលមានបង្ហាញរូបថតខាងលើនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមចែករំលែកជាច្រើនដង រួមជាមួយការបញ្ចេញមតិ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីប ផ្ដាមចេញពីប៉ុស្តិ៍របស់អ្នកប្រើប្រាស់ខាងលើ ដែលបានសរសេររៀបរាប់ថា «ហេតុតែគាត់ជាឧកញ៉ា សម្លាប់មនុស្សពិរនាក់ហើយ នៅសើចសប្បាយធម្មតា»។
ចំណែកអ្នកប្រើប្រាស់ហ្វេសប៊ុកមួយទៀត បានបង្ហោះរូបថតមួយសន្លឹក នៅក្នុងចំណោមរូបថតទាំងបីសន្លឹក ដោយបង្ហាញរូបថតជនសង្ស័យបានសើចញញឹម។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីការបង្ហោះព័ត៌មាននៅលើបណ្ដាញសង្គមកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ដែលសរសេររៀបរាប់ថា «វាស់កំពស់ ស្ត្រីម្ចាស់ផ្ទះ និង ម្ដាយ ដែលហៅឧកញ៉ា ស្រី ស៊ីណា មកជួយ ហើយឈានដល់ការបាញ់សម្លាប់មនុស្សដ៏ឃោឃៅបំផុតនោះ»។
ខាងក្រោមនេះ គឺជាវីដេអូឃ្លីបមួយផ្សេងទៀត ដែលត្រូវបានបង្ហោះ និងចែកចាយនៅលើបណ្ដាញសង្គមវីដេអូ TikTok កាលពីពេលថ្មីៗនេះ។
https://vt.tiktok.com/ZSYfsWScE
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះ តាមរយៈការដំណើរការកម្មវិធី Google Reverse Image Search ដែលនាំយើងរកឃើញការពិតដូចខាងក្រោម។
រូបថតដែលមានទម្រង់ដូចគ្នានេះ ត្រូវបានបង្ហោះ និងផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធទៅនឹងករណីឃាតកម្ម ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ។
រូបថតមួយសន្លឹកខាងលើនេះ បានបង្ហាញទិដ្ឋភាពមុខជនសង្ស័យនោះ រាបស្មើ និងមិនសើចញញឹមនោះឡើយ។
រូបថតដែលមានទម្រង់ដូចគ្នានេះ ក៏ត្រូវបានបង្ហោះ និងផ្សព្វផ្សាយដោយទំព័រហ្វេសប៊ុក អធិការដ្ឋាននគរបាលស្រុកអង្គស្នួល កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។
តាមការបញ្ជាក់នៅក្នុងអត្ថបទខាងលើ ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន ដែលត្រូវបានគេស្គាល់ឈ្មោះថា «ស្រី ស៊ីណា» ដោយមានការពាក់ព័ន្ធទៅនឹងករណីឃាតកម្ម នៅក្នុងបុរីប៉េងហួតបឹងស្នោ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុកខាងលើ ដែលពុំបានបង្ហាញទិដ្ឋភាពរបស់ជនសង្ស័យ បានសើចញញឹមនោះឡើយ។
ករណី និងរូបថតខាងលើនេះ ក៏ត្រូវបានចុះផ្សព្វផ្សាយនៅលើគេហទំព័រសារព័ត៌មានក្នុងស្រុកដែលមានឈ្មោះថា Khmer Times ផងដែរ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ដោយពុំបានបង្ហាញទិដ្ឋភាពលោកបានឈរសើចញញឹមដូចទៅនឹងការបង្ហោះអះអាងរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមនោះឡើយ។
Khmer Times News Report | Archived Link
ខាងក្រោមនេះ គឺជាការប្រៀបធៀបគ្នារវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញផ្សព្វផ្សាយនៅលើបណ្ដាញសង្គម។
ក្រុមការងាររបស់ Fact Crescendo Cambodia ក៏បានធ្វើការស្នើសុំការបញ្ជាក់បន្ថែមទៀតពីអធិការដ្ឋាននគរបាលស្រុកអង្គស្នួល លោក មាន សំណាង តាមរយៈប្រព័ន្ធទូរស័ព្ទកាលពីល្ងាចមិញនេះផងដែរ ដែលលោកបានបញ្ជាក់ថា រូបថតនោះ មិនមែនជារូបថតសើចនោះឡើយ។
ដើម្បីស្វែងរកព័ត៌មានពិត សូមតាមដានការផ្សាយរបស់យើងតាមរយៈប្រព័ន្ធដូចខាងក្រោម៖
Facebook Twitter Telegram Google News TikTok WhatsApp
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញ ការអះអាងដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ ច្បាប់ដើមនៃរូបថតមួយសន្លឹកនេះ ត្រូវបានកាត់តឱ្យឃើញជនសង្ស័យ មានទឹកមុខសើចញញឹម ដែលការពិតជនសង្ស័យនោះ មានទឹកមុខរាបស្មើ និងមិនញញឹមនោះឡើយ។

Title:រូបថតខ្មាន់កាំភ្លើងញញឹមស្រស់ស្រាយនៅពេលវាស់កម្ពស់ គឺជារូបភាពកាត់ត
Fact Check By: Kakada SimResult: Altered
