រូបថត​ខ្មាន់​កាំភ្លើង​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់ គឺ​ជា​រូបភាព​កាត់ត

Altered Social

ក្រោយ​ពី​សមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ ស្រី​ ស៊ីណា​ ដែល​ខ្មាន់​កាំភ្លើង​​​បាញ់​មនុស្ស​ស្លាប់ ​២​នាក់​ នៅ​បុរី​ប៉េងហ៊ួត​បឹងស្នោ​ កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​រូប​ថត​មួយ​សន្លឹក​​ដែល​បង្ហាញ​​ខ្មាន់​កាំភ្លើង​រូប​នេះ​​ឈរ​សើច​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់​ក្រោយ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នោះ​ ត្រូវ​បាន​បង្ហោះ​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​។​ ការ​បង្ហោះ​រូប​ថត​បែប​នេះ​ ត្រូវ​បាន​ទទួល​ការ​ចែក​ចាយ​ និង​ប្រតិកម្ម​មតិ​ចម្រុះ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​យ៉ាង​ផុស​ផុល។​ ទោះ​ជា​យ៉ាង​ណា​ យើង​រក​ឃើញ​ថា​ រូបថត​នេះ​ត្រូវ​បាន​ភ្ជាប់​ជាមួយ​ព័ត៌មាន​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​

កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​នេះ​ អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ម្នាក់​ បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយ​ បង្ហាញ​ទិដ្ឋភាព​ជន​សង្ស័យ​ឃាតកម្ម​លោក​ ស្រី​ ស៊ីណា​ បាន​សើច​ញញឹម​ក្នុង​អំឡុង​ពេល​ចាប់​ខ្លួន​។​

វីដេអូ​ឃ្លីប​ ដែល​មានបង្ហាញ​​រូប​ថត​ខាង​លើ​នេះ​ ត្រូវបាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែក​រំលែក​ជា​ច្រើន​ដង​ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​ ផ្ដាម​ចេញ​ពី​ប៉ុស្តិ៍​របស់​អ្នក​ប្រើ​ប្រាស់​ខាង​លើ​ ដែល​បាន​សរសេរ​រៀប​រាប់​ថា​ «ហេតុ​តែ​គាត់​ជា​ឧកញ៉ា​ សម្លាប់​មនុស្ស​ពិរ​នាក់​ហើយ​ នៅ​សើច​សប្បាយ​ធម្មតា​»​។​

Facebook Post | Archived Link

ចំណែក​អ្នក​ប្រើ​ប្រាស់ហ្វេសប៊ុក​មួយ​ទៀត​ បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក នៅ​ក្នុង​ចំណោម​រូប​ថត​ទាំង​បី​សន្លឹក​ ដោយបង្ហាញ​រូបថត​ជន​សង្ស័យ​បាន​សើច​ញញឹម​។​​ 

ខាង​ក្រោម​នេះ​ គឺ​ជា​រូបភាព​ផ្ដាម​ពី​ការ​បង្ហោះ​ព័ត៌មាន​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ ដែល​សរសេរ​រៀបរាប់​ថា​ «វាស់​កំពស់​ ស្ត្រី​ម្ចាស់​ផ្ទះ​ និង​ ម្ដាយ​ ដែល​ហៅ​ឧកញ៉ា​ ស្រី​ ស៊ី​ណា​ មក​ជួយ​ ហើយ​ឈាន​ដល់​ការ​បាញ់​សម្លាប់​មនុស្ស​ដ៏​ឃោឃៅ​បំផុត​នោះ​»។​

Facebook Post | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​វីដេអូ​ឃ្លីប​មួយ​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​បង្ហោះ​ និង​ចែក​ចាយ​នៅ​លើ​បណ្ដាញ​សង្គម​វីដេអូ​ TikTok កាល​ពី​ពេល​ថ្មី​ៗ​នេះ​។​

https://vt.tiktok.com/ZSYfsWScE

TikTok Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត​

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​ តាម​រយៈ​ការ​ដំណើរ​ការ​កម្មវិធី​ Google Reverse Image Search ដែល​នាំ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​។​

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១៧​​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​ ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ ដែល​បណ្តាល​ឱ្យ​មាន​មនុស្សស្លាប់​ និង​របួស​ក្នុង​បុរី​ប៉េងហួត​បឹងស្នោ ខណ្ឌ​ច្បារអំពៅ។​

​រូប​ថត​មួយ​សន្លឹក​ខាង​លើ​នេះ​ បាន​បង្ហាញ​ទិដ្ឋភាព​មុខ​​ជន​សង្ស័យ​នោះ​ រាប​ស្មើ​ និង​មិន​សើច​ញញឹម​នោះ​ឡើយ​។​

Facebook Post | Archived Link

រូប​ថត​ដែល​មាន​ទម្រង់​ដូច​គ្នា​នេះ​ ក៏​ត្រូវ​បាន​បង្ហោះ​ និង​ផ្សព្វ​ផ្សាយ​ដោយ​ទំព័រ​ហ្វេសប៊ុក​ អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ម្សិល​មិញ​នេះ​។​

តាម​ការ​បញ្ជាក់​នៅ​ក្នុង​អត្ថបទ​ខាង​លើ​ ជន​សង្ស័យ​ខាង​លើ​ ត្រូវ​បាន​ឃាត់​ខ្លួន​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា​ «ស្រី​ ស៊ី​ណា​» ដោយ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​ឃាតកម្ម​ ​នៅ​ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំ​ពេញ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្ដាម​ចេញ​ពី​ទំព័រ​ហ្វេសប៊ុក​ខាង​លើ​  ដែល​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​របស់​ជន​សង្ស័យ​ បាន​សើច​ញញឹម​នោះ​ឡើយ​។​

Facebook Post | Archived Link

ករណី​ និង​រូប​ថត​ខាង​លើ​នេះ​ ក៏​ត្រូវ​បាន​ចុះ​ផ្សព្វ​ផ្សាយ​នៅ​លើ​គេហទំព័រ​សារព័ត៌មាន​ក្នុង​ស្រុក​ដែល​មាន​ឈ្មោះ​ថា​ Khmer Times ផង​ដែរ​ កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មិថុនា​ ឆ្នាំ​២០២៤​កន្លង​ទៅ​​ថ្មី​ៗ​នេះ​ ដោយ​ពុំ​បាន​បង្ហាញ​ទិដ្ឋភាព​លោក​បាន​ឈរ​សើច​ញញឹម​ដូច​ទៅ​នឹង​ការ​បង្ហោះ​អះអាង​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​នោះ​ឡើយ​។​

Khmer Times News Report | Archived Link

ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូប​ថត​ដែល​ត្រូវ​បាន​កាត់​ត​ និង​រូប​ថត​ច្បាប់​ដើម​ដែល​ត្រូវ​បាន​រក​ឃើញ​ផ្សព្វ​ផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​។​

ក្រុម​ការងារ​របស់​ Fact Crescendo Cambodia ក៏​បាន​ធ្វើការ​ស្នើ​សុំ​ការ​បញ្ជាក់​បន្ថែម​ទៀត​ពី​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ លោក មាន សំណាង តាម​រយៈ​ប្រព័ន្ធទូរស័ព្ទកាលពីល្ងាចមិញនេះផង​ដែរ​ ដែល​លោក​បានបញ្ជាក់ថា រូបថតនោះ មិនមែនជារូបថតសើចនោះ​ឡើយ។

Archived

ដើម្បី​ស្វែង​រក​ព័ត៌​មាន​ពិត​ សូម​តាម​ដាន​ការ​ផ្សាយ​របស់​យើង​តាម​រយៈ​ប្រព័ន្ធ​ដូច​ខាង​ក្រោម​៖

Facebook Twitter Telegram Google News     TikTok WhatsApp

សន្និដ្ឋាន​

Fact Crescendo Cambodia បាន​រក​ឃើញ​ ការ​អះ​អាង​ដូច​ដែល​ត្រូវ​បាន​រៀប​រាប់​ខាង​លើ​នេះ​ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ​។​ ច្បាប់​ដើម​នៃ​រូប​ថត​មួយ​សន្លឹក​នេះ​ ត្រូវ​បាន​កាត់​ត​ឱ្យ​ឃើញ​ជន​សង្ស័យ​ មាន​ទឹក​មុខ​សើច​ញញឹម​ ដែល​ការ​ពិត​ជន​សង្ស័យ​នោះ​ មាន​ទឹក​មុខ​រាប​ស្មើ​ និង​មិន​ញញឹម​នោះ​ឡើយ​។​

Avatar

Title:រូបថត​ខ្មាន់​កាំភ្លើង​ញញឹម​ស្រស់​ស្រាយ​នៅ​ពេល​វាស់​កម្ពស់ គឺ​ជា​រូបភាព​កាត់ត

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *