
ខណៈដែលមេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា បានអំពាវនាវទៅអ្នកគាំទ្រលោកឱ្យធ្វើដំណើរទៅចម្ការរបស់លោកនៅឯជើងភ្នំគូលែននោះ ដើម្បីទទួលបានការសង្គ្រោះពីរូបលោកដែលប្រកាសខ្លួនជា«ព្រហ្ម»នោះ រូបភាពមួយសន្លឹកដែលបង្ហាញមេដឹកនាំ និងអ្នកគាំទ្របក្សសង្គ្រោះជាតិ ចេញបង្ហាញការគាំទ្រមេដឹកនាំ LDP នោះ ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនចែករំលែកបន្ត និងមានការបញ្ចេញមតិជាច្រើនផងដែរ។ ទោះជាយ៉ាងណា តាមរយៈការដំណើរការ Google Reverse Image Search យើងរកឃើញថា រូបភាពដែលត្រូវបានបង្ហោះលើបណ្ដាញសង្គមនោះ ត្រូវបានកាត់ត។
ការអះអាងលើបណ្ដាញសង្គម
កាលពីថ្ងៃចន្ទកន្លងមកនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបថតមួយសន្លឹកដែលបង្ហាញមេដឹកនាំជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងក្រុមអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ ដែលស្ថិតក្នុងសម្លៀកបំពាក់យកលំនាំតាមរូបចម្លាក់សេរីភាពនោះ បានធ្វើដំណើរដង្ហែរជាមួយដៃកាន់រូបថតលោក ខឹម វាសនា មេដឹកនាំគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។
រូបថតមួយសន្លឹកនេះ ក៏ភ្ជាប់មកជាមួយសំណេរលើរូបថតថា«ជយោ ព្រហ្មស្នា មហាអស្ចារ្យ មហាលោតផ្លោះ» ដែលមានន័យថា អ្នកស្រី មូរ សុខហួរ និងក្រុមស្ត្រីដទៃទៀត បង្ហាញការគាំទ្រលោក ខឹម វាសនា ដែលបានអំពាវនាវឱ្យក្រុមអ្នកមានជំនឿលើរូបលោកឱ្យធ្វើដំណើរទៅចម្ការរបស់លោកនៅឯជើងភ្នំគូលែន ខេត្តសៀមរាប។
រូបថតមួយសន្លឹកនេះ ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកចែករំលែកបន្ត ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកមួយចំនួនទៀតបានបញ្ចេញមតិយោបល់ និងប្រតិកម្មចម្រុះបែបផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីរូបថតដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជាមួយសំណេររៀបរាប់ថា«ចុម… ក្រុមព្រហ្មចេញមុខហើយបងប្អូន!»។

ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតមួយសន្លឹកដែលបង្ហាញអ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងក្រុមស្ត្រី ៤រូបទៀត ស្ថិតក្នុងឈុតយកលំនាំតាមរូបចម្លាក់សេរីភាពនៅអាមេរិកនោះ ត្រូវបានរកឃើញនៅក្នុងចំណោមរូបថតដទៃទៀតនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ។
សំណេររៀបរាប់របស់អ្នកស្រី មូរ សុខហួរ នៅលើទំព័រហ្វេសប៊ុកកាលពីថ្ងៃចន្ទកន្លងមកនេះ បានឱ្យដឹងថា អ្នកស្រី និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដទៃទៀត បានចូលរួមធ្វើបាតុកម្មមួយនៅទីក្រុង Lowell ក្នុងរដ្ឋម៉ាស្សាឈូសេត (Massachusetts) កាលពីថ្ងៃចន្ទកន្លងមកនេះ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជនសិទ្ធិមនុស្ស និងជាសកម្មជនគាំទ្របក្សប្រឆាំង អ្នកនាង សេង ធារី។
រូបថតមួយសន្លឹកនេះ បង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ និងក្រុមស្ត្រីដទៃទៀតដែលជាអ្នកគាំទ្របក្សប្រឆាំង បានតុបតែងខ្លួនទៅតាមរូបសំណាក់សេរីភាពនៅសហរដ្ឋអាមេរិក ហើយដៃកាន់ដុំក្រដាសមួយដុំជាមួយសំណេរ«Paris Peace Accord» ដែលសំដៅដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការបញ្ចប់ជម្លោះប្រដាប់អាវុធនៅកម្ពុជាកាលពីឆ្នាំ១៩៩១។
ដូច្នេះ រូបថតមួយសន្លឹកនេះ ពុំបានបង្ហាញឱ្យឃើញអ្នកស្រី មូរ សុខហួរ និងអ្នកគាំទ្របក្សប្រឆាំង ធ្វើបាតុកម្មដើម្បីការគាំទ្រលោក ខឹម វាសនា នោះឡើយ។

អ្នកស្រី សេង ធារី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្ដន្ទាទោសកាលពីពាក់កណ្ដាលខែកក្កដាកន្លងមកនេះ ឱ្យជាប់ពន្ធនាគារ ៦ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ«រួមគំនិតក្បត់»ពាក់ព័ន្ធនឹងផែនការមាតុភូមិនិវត្តន៍របស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩កន្លងមក។

ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ ដែលបានបង្ហោះរូបថត ៩សន្លឹកភ្ជាប់ជាមួយសំណេររៀបរាប់ថា«បាតុកម្មទាមទារអោយដោះលែងអ្នកទោសនយោបាយ និងកញ្ញា សេង ធារី នៅទីក្រុង Lowell រដ្ឋ Massachusetts»។

សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបភាពមួយសន្លឹកដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដូចដែលត្រូវបានរៀបរាប់ខាងលើនេះ ត្រូវបានកាត់ត។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញមេដឹកនាំគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ និងក្រុមអ្នកគាំទ្រ ដែលស្លៀកពាក់ដូទៅនឹងរូបសំណាក់សេរីភាពនោះ ធ្វើបាតុកម្មនៅទីក្រុង Lowell សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែសីហា ដើម្បីទាមទារឱ្យដោះលែងអ្នកទោសនយោបាយ និងសកម្មជនសិទ្ធិមនុស្ស អ្នកនាង សេង ធារី។

Title:រូបថតមេដឹកនាំ និងអ្នកគាំទ្រ CNRP ធ្វើបាតុកម្មបង្ហាញការគាំទ្រមេបក្ស LDP គឺជារូបភាពកាត់ត
Fact Check By: Jay UdomResult: Altered
