រូបថត​តារា​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

Altered Social

បន្ទាប់​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ​បាន​ផលិត​បទ​ចម្រៀងមួយបទ​សម្រាប់​អបអរ​ព្រឹត្តិការណ៍ SEA Game នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​តារាង​ចម្រៀង​កម្ពុជា​បួន​រូប​សម្ដែង​នៅ​ក្នុង​បទ​ចម្រៀង​មួយ​មាន​ចំណង​ជើង​ថា «បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម។ រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​យ៉ាង​ព្រោង​ព្រាត​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​មក​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​នេះ គឺ​ជា​រូបភាព​កាត់​ត​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបភាព​មួយ​សន្លឹក​ដែល​បង្ហាញ​តារា​ចម្រៀង​ល្បី​របស់​កម្ពុជា​ជាមួយ​សំណេរ​«បំផ្លាញ​អ្វី​ដែរ​ខ្មែរ​មាន» ត្រូវ​បាន​បង្ហោះ​ព្រោង​ព្រាត​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នៅ​ដើម​សប្ដាហ៍​នេះ ហើយ​បន្ទាប់​មក​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក។

រូបភាព​នេះ ក៏​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ដ៏​ច្រើន និង​ប្រតិកម្ម​ចម្រុះ​បែប​ផង​ដែរ បន្ទាប់​ពី​វា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០២៣។

Facebook Post | Archived Link

Facebook Post | Archived Link

រូបភាព​ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង។ សូម​មើល​ការ​បង្ហោះ​រូបភាព​នេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived) (archived) (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបភាព​ដែល​បង្ហាញ​តារា​ចម្រៀង​ជួរ​មុខ​របស់​កម្ពុជា​កាន់​ដៃ​គ្នា​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ផលិតកម្ម​ចម្រៀង Galaxy Navatra ដែល​បង្ហោះ​រូបភាព​ក្រាហ្វិក​នេះ​កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២៣។

រូបភាព​ដើម​របស់​ផលិតកម្ម​ចម្រៀង​មួយ​នេះ បង្ហាញ​ឱ្យ​ឃើញ​តារា​ចម្រៀង​ ៤​រូប​របស់​កម្ពុជា​នៅ​លើ​ផ្ទាំង​មួយ​ដែល​ផ្សាយ​នូវ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «CAMBODIAN PRIDE» ដែល​ផលិត​កម្ម​មួយ​នេះ​ផលិត​ឡើង​ស្រប​នឹង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តំបន់​អាស៊ី​អាគ្នេយ៍លើក​ទី​៣២ (32nd SEA GAME)។

Facebook Post | Archived Link

រូបភាព​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា ឆ្នាំ​២០២៣ ដែល​រៀបរាប់​ថា រូបថត​មួយ​សន្លឹក​នេះ គឺ​ជា​ការ​សម្ដែង​របស់​តារា​ចម្រៀង​កម្ពុជា​សម្រាប់​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា «ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជា​ការ​ប្រៀប​ធៀប​គ្នា​រវាង​រូបថត​ដែល​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​រូបថត​ដើម និង​រូបថត​ដើម​ដែល​យើង​បាន​រក​ឃើញ​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ជា​រូបភាព​កាត់។ រូបថត​ច្បាប់​ដើម បង្ហាញ​ក្រុម​តារាង​ចម្រៀង​ជួរ​មុខ​កម្ពុជា​នៅ​ក្នុង​រូបភាព​ក្រាហ្វិក​មួយ​មាន​សំណេរ​«ស្រឡាញ់​អ្វី​ដែល​ខ្មែរ​មាន»​របស់​ផលិតកម្ម​ចម្រៀង Galaxy Navatra។

Avatar

Title:រូបថត​តារាង​ចម្រៀង​កម្ពុជា​ក្នុង​បទ​ចម្រៀង​មួយ​​ត្រូវ​បាន​កាត់​ត​ឱ្យ​ខុស​ពី​ចំណង​ជើង​ដើម

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *