Fact Check: ​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​កាត់​ត​នៅ​លើ​គម្រប​សៀវ​ភៅ​

Altered Political

ការ​វាយ​ប្រហារ​ជា​ពាក្យ​សម្ដី​ និង​ការ​រិះ​គន់​​ចម្រុះ​យ៉ាង​ចំ​ៗ​ទៅលើ​ពិធីករ​ទូរទស្សន៍បាយ័ន​​លោក​ អេង​ រិទ្ធី​ ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ បាន​ធ្វើ​ឡើង​ជា​រឿយ​ៗ​ ជា​ពិសេស​ក្រោយ​ពេល​ដែល​លោក​ធ្លាប់​បាន​លើក​ឡើង​​ជា​សាធារណៈ​ថា​ នៅ​ស្រុក​ខ្មែរ​យើង​នេះ​គ្មាន​បង​ប្អូន​ជន​ជាតិ​វៀត​ណាម​នោះ​ទេ​។

នៅ​ក្នុង​ចំណោម​នោះ​​​ មាន​រូប​ថត​មួយ​សន្លឹក​បង្ហាញ​លោក​​​ អេង​ រិទ្ធី​ អង្គុយ​អាន​សៀវ​ភៅ​មួយ​ដែល​មាន​គម្រប​រូប​លោក​ ខឹម​ វាសនា​ ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ម្នាក់​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម​នា​ពេល​ថ្មី​ៗ​នេះ​។​

ទោះជាយ៉ាងណា ការ​ត្រួត​ពិនិត្យ​ការពិត​ និង​ផ្ទៀង​ផ្ទាត់​របស់​ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​អ្នក​ប្រើ​ប្រាស់​បាន​បង្ហោះ​​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​នោះ គឺ​ជា​រូប​ថត​កែ​ច្នៃ​។

ការ​អះ​អាង​លើ​បណ្តាញសង្គម

កាល​ពី​ថ្ងៃ​ទី​១១​ ខែ​សីហា​ ឆ្នាំ​២០២១​ថ្មី​ៗ​កន្លង​ទៅ​នេះ​ ​​អ្នក​ប្រើប្រាស់​​ហ្វេស​ប៊ុក​ម្នាក់​បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​​ ចូល​ទៅ​ក្នុង​ក្រុមហ្វេស​ប៊ុក​​ ប្រជុំ​កំពូល​អ្នក​នយោបាយ​ ដោយ​បាន​បង្ហាញ​រូបថត​របស់​លោក​ អេង​ រិទ្ធី​ ​​ពិធីករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​របស់​ទូរទស្សន៍បាយ័នកំពុង​តែ​អង្គុយ​អាន​សៀវ​ភៅ​។​ សៀវ​ភៅ​ដែល​លោក​កំពុង​អាន​នោះ​ មាន​ចំណង​ជើង​ថា​ «វិធី​ក្លាយ​ជា​ព្រំ​ជេរ​ម៉ែ​លោក​» ដោយ​ភ្ជាប់​ជាមួយ​នឹង​រូប​ថត​លោក​ ខឹម​ វាសនា​ ផ្តាម​ពី​លើ​គម្រប​សៀវ​ភៅ​ផង​ដែរ​។​ លោក​ ខឹម​ វាស​នា​ ត្រូវ​បាន​ស្គាល់​ជា​ទូ​ទៅ​ថា​ គឺ​ជា​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំងមួយ​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា។​​

រូប​ថត​នេះ​ក៏​ត្រូវ​បាន​ប្រតិកម្ម​ និង​ការ​បញ្ចេញ​មតិ​ចម្រុះ​ពី​​សំណាក់​អ្នក​ប្រើ​ហ្វេស​ប៊ុក​និយាយ​ភាសា​ខ្មែរ​ជា​ច្រើន​ផង​ដែរ​។​ 

​រូប​ភាព​ផ្តាម​ចេញ​ពី​ក្រុម​ហ្វេស​ប៊ុក ​ប្រជុំ​កំពូល​អ្នក​នយោបាយ​ បាន​សរសេរ​រៀប​រាប់​ថា​ «អាន​ហើយ​ចេះ​បោក​»​។​

Facebook Post | Archived Link

ការត្រួត​ពិនិត្យ​ការ​ពិត

ក្រុម​ការ​ងារ​ Fact Crescendo Cambodia បាន​ចាប់​ផ្តើមប្រៀប​ធៀប​រូប​ថត​ខាង​លើ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ និង​ផ្ទៀត​ផ្ទាត់​រូប​ថត​ច្បាប់​ដើម​​នៅ​ក្នុង​គណនី​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​ អេង​ រិទ្ធី​ ទៅ​នឹង​រូប​ថត​ដែល​អ្នក​ប្រើ​ប្រាស់​យក​មកបង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​។​

រូប​ថត​មួយ​សន្លឹក​ដែល​មាន​ទម្រង់​ដូច​គ្នា​ទាំង​ស្រុង​របស់ពិធី​ករ​រូប​នេះ​ ត្រូវ​បាន​រក​ឃើញ​ឡើង​នៅ​លើ​គណនី​ហ្វេស​ប៊៊ុក​ផ្ទាល់របស់​លោក​ អេង​ រិទ្ធី​ ​ដែល​លោក​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​មិថុនា​ ឆ្នាំ​២០២១​កន្លង​ទៅ​​។​ រូប​ថត​ដដែល​នេះ​ បាន​បង្ហាញ​ទិដ្ឋ​ភាព​​រូប​លោក​អង្គុយ​អាន​សៀវ​ភៅ​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ចំណុច​ចាប់​ផ្តើម​របត់​ប្រវត្តិសាស្ត្រ​កម្ពុជា​» ដោយ​​ក្នុង​នោះ​ក៏​មាន​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ផ្តាម​ពី​លើ​គម្រប​សៀវ​ភៅ​ផង​ដែរ​។ ពិ​ធី​ករ​ប្រចាំ​ទូរទស្សន៍​បាយ័ន​រូប​នេះ ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ដើមថា​ «ម៉ែន អេង» ជា​មន្ត្រី​ឧត្ដម​សេនីយ៍​ត្រី​ផ្កាយ​១ និង​ជា​តារា​សម្ដែង​ភាព​យន្ត​មួយ​រូប​ផង​ដែរ​។​

ខាង​ក្រោម​នេះ​ គឺ​ជា​រូប​ភាព​ផ្តាម​ពិត​ចេញ​ពី​គណនី​ហ្វេស​ប៊ុក​របស់​លោក​ អេង​ រិទ្ធី​ ដែល​សៀវ​ភៅ​លោក​កំពុង​កាន់​អាន​នោះ​ ពុំ​មាន​រូប​របស់​មេដឹក​នាំ​គណបក្ស​ប្រឆាំង​លោក​ ខឹម​ វាសនា​ នោះ​ឡើយ​។​

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថារូបថត​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​ត្រូវ​បាន​កាត់​ត មុន​នឹង​​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ ច្បាប់​ដើម​នៃ​រូប​ថត​របស់​លោក​ អេង​ រិទ្ធី ពុំ​បាន​កាន់​សៀវភៅ​​មាន​ផ្តាម​រូប​របស់​លោក​ ខឹម​ វាសនា​ នៅ​លើ​គម្រប​នោះឡើយ​​។​ ការ​ពិត​រូប​ថត​នេះ​ លោក​ អេង​ រិទ្ធី​ អង្គុយ​កាន់​​សៀវ​ភៅ​ដែល​មាន​ចំណង​ថា​ «ចំណុច​ចាប់​ផ្តើម​របត់​ប្រវត្តិសាស្ត្រ​កម្ពុជា​» ដោយ​មាន​រូប​ថត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ផ្តាម​នៅ​ពី​លើ​គម្រប​សៀវ​ភៅ​។​

Avatar

Title:Khem Veasna’s Photo Edited on Book Cover

Fact Check By: Kakada Sim 

Result: Altered

Leave a Reply

Your email address will not be published.