តើ​កូន​កម្លោះ​ក្នុង​រូបថត​នេះ​ជា​បុរស​ចាស់​វ័យ​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​មែន​ទេ?

Altered Social

រូបថត​ជាច្រើន ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម ដោយ​រូបថត​ខ្លះ​ ត្រូវ​បាន​អះ​អាង​ដោយ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ក្នុង​ចំណោម​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​កូន​កម្លោះ​វ័យ​ចំណាស់​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​ស្រស់​ស្អាត​មួយ​រូប ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​រំលែក​យ៉ាង​ច្រើន ដែល​នាំ​ឱ្យ​មាន​មតិ​រិះ​គន់​ទៅ​លើ​គូ​ស្វាមី​ភរិយា​រៀបការ​ថ្មី​ថ្មោង​មួយ​គូ​នេះ។ ទោះជាយ៉ាងណា យើង​រក​ឃើញ​ថា រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​គេ​កែកុន​។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​កូន​កម្លោះ​កូន​ក្រមុំ​​រៀបការ​ថ្មី​ថ្មោង​មួយ​គូ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​អះ​អាង​ថា កូន​កម្លោះ គឺ​ជា​បុរស​ចាស់។

រូបថត​ជាមួយ​ការ​អះ​អាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​ត​គ្នា​រហូត​ដល់​ជិត ៧​ពាន់​ដង ហើយ​មាន​ការ​បញ្ចេញ​មតិ​រិះគន់​ផង​ដែរ​ទៅ​លើ​គូ​ស្វាមី​ភរិយា​ថ្មី​ថ្មោង​រូប​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ដោយ​ទំព័រ​ហ្វេសប៊ុក​មួយ​​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ដែល​រៀបរាប់​ថា «អូន​ស្នេហ៍​ប្រុស​ចាស់ ប្រុស​ចាស់​ស្មោះ…»។

FACEBOOK POST | ARCHIVED LINK

រូបថត​មួយ​សន្លឹក​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ក្រុម​​បណ្ដាញ​សង្គម​​នៅ​ទីនេះ​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត​ដល់​ជិត ៦០០​ដង​ទៀត​ និង​មាន​ការ​បញ្ចេញ​មតិ​រិះគន់​ទៅ​លើ​រូបថត​គូ​ស្វាមី​ភរិយា​នេះ​ទៀត​ផង។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបថត​នេះ​តាម​រយៈ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបថត​មួយ​សន្លឹក​នេះ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ​ប្រជាប្រិញ ចុះ​ផ្សាយ​ថា កូន​កម្លោះ​មិន​មែន​ជា​បុរស​វ័យ​ចាស់​នោះ​ឡើយ ប៉ុន្តែ រូបថត​កូន​កម្លោះ ត្រូវ​បាន​គេ​កែ​ពី​រូបក្មេង​ទៅ​ជា​ចាស់។

POPULAR MAGAZINE | ARCHIVED LINK

យើង​ក៏​បាន​រក​ឃើញ​គណនី​ហ្វេសប៊ុក​របស់​ម្ចាស់​រូបថត​នេះ​ផង​ដែរ ដែល​​អះ​អាង​ថា រូបថត​នេះ ត្រូវ​បាន​កែ​ឱ្យ​មើល​ទៅ​ចាស់​ ដើម្បី​លេង​សើច​តែ​ប៉ុណ្ណោះ និង​ស្នើ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ឱ្យ​បញ្ឈប់​បញ្ចេញ​មតិ​រិះ​គន់​ដោយ​ខ្វះ​សីលធម៌​ផង​ដែរ។ គណនី​ហ្វេសប៊ុក​ដដែល​នេះ ក៏​បាន​បង្ហាញ​រូបថត​ដើមសម្រាប់​ប្រៀបធៀប​នឹង​រូបថត​ត្រូវ​បាន​កែ​ផង​ដែរ។

FACEBOOK POST | ARCHIVED LINK

​ Fact Crescendo Cambodia បាន​ស្នើ​សុំ​ការ​បក​ស្រាយ​លម្អិត​ពី​ម្ចាស់​គណនី​ហ្វេសប៊ុក​ខាង​លើ​ផង​ដែរ ប៉ុន្តែ ពុំ​មាន​ការ​ឆ្លើយ​តប​នោះ​ឡើយ​រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែ​មីនា​នេះ។

ព័ត៌មាន​នៅ​លើ​គណនី​ហ្វេសប៊ុក​នេះ បង្ហាញ​ថា កូន​កម្លោះ និង​កូន​ក្រមុំ បាន​រៀបការ​ជា​គូ​ស្វាមី​ភរិយា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២២​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា រូបថត​ដែល​ត្រូវ​បាន​អះ​អាង​ថា​កូន​កម្លោះ​វ័យ​ចាស់​រៀបការ​ជាមួយ​កូន​ក្រមុំ​វ័យ​ក្មេង​នោះ គឺ​ជា​រូបថត​ដែល​ត្រូវ​បាន​កែកុន។ រូបថត​ច្បាប់​ដើម ត្រូវ​បាន​គេ​ឃើញ​ថា កូន​កម្លោះ​មាន​វ័យ​ប្រហាក់​ប្រហែល​គ្នា​នឹង​កូន​ក្រមុំ​ផង​ដែរ ហើយ​ពួកគេ​បាន​រៀប​មង្គលការ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា​កន្លង​មក​នេះ។

Avatar

Title:តើ​កូន​កម្លោះ​ក្នុង​រូបថត​នេះ​ជា​បុរស​ចាស់​វ័យ​រៀបការ​ជាមួយ​នារី​វ័យ​ក្មេង​មែន​ទេ?

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published.