រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

Altered Political

ក្រោយ​ពី​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ជ្រើស​រើស​ជា​អនាគត​នាយករដ្ឋ​មន្ត្រី​កាល​ពី​ចុង​ឆ្នាំ​មុន ដើម្បី​បន្ត​វេន​ពី​ឪពុក​របស់​លោក​​រួច​មក មេ​ញ្ជាការ​កង​ទ័ព​ជើង​គោក​រូប​នេះ ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ការ​រិះគន់ និង​ការ​អះអាង​នានា។ ក្នុង​នោះ រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ម្ដាយ​លោក ហ៊ុន ម៉ាណែត ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​បុរស​ម្នាក់ ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​ការ​អះ​អាង​ថា ជា​រូបថត​ជាមួយ​មេដឹកនាំ​វៀតណាម។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​ Fact Crescendo Cambodia រក​ឃើញ​ថា រូបភាព​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបភាព​ស​ខ្មៅ​មួយ​សន្លឹក​ដែល​បង្ហាញ​ឱ្យ​ឃើញ​ភរិយា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ឈរ​ដាក់​ដៃ​លើ​ស្មា​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថូ ហើយ​មាន​រូប​លោក ហ៊ុន ម៉ាណែត ផង​ដែរនោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ។

រូបភាព​នេះ ត្រូវ​បាន​បង្ហោះ​ភ្ជាប់ជាមួយ​សំណេរ​ថា «អញ្ចឹង​បាន​ដូច​គ្នា» ក្នុង​ន័យ​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​របស់​លោកស្រី ប៊ុន រ៉ានី ជាមួយលោក ឡេ ដឹកថូ។

រូបភាព​ជាមួយ​សំណេរ​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ជាង ៤០០​ដង​ពីសំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ រួម​ជាមួយ​ការ​បញ្ចេញ​មតិ​ចម្រុះ​បែប​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​សរសេរ​រៀបរាប់​ថា «អញ្ចឹង​បាន​ដូច​គ្នា» កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២២។

Facebook Post | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

ក្រុម​ការងារ Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ​លើ​រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ​ម្ដង​រួច​មក​ហើយ​កាល​ពី​ខែ​មេសា ឆ្នាំ​២០២១​កន្លង​មក។

នៅ​ក្នុង​ដំណើរការ​ផ្ទៀង​ផ្ទាត់​នោះ យើង​បាន​រក​ឃើញ​ថា រូប​ថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​តពី​រូបថត​ច្បាប់​ដើម​ ដែល​ជា​រូបថត​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា​របស់​លោក បាន​ថត​រូប​រួម​គ្នា​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​មក។

មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ផ្ញើ​រូបថត​ច្បាប់​ដើម​មក​បញ្ជាក់​ជាមួយ Fact Crescendo Cambodia ផង​ដែរ ដែល​រូបថត​ច្បាប់​ដើម​នោះ បង្ហាញ​ឱ្យ​ឃើញ​ថា គឺ​ជា​រូបថត​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក។

ក្រៅ​ពី​រូបថត​មួយ​សន្លឹក​នេះ យើង​ក៏​បាន​រក​ឃើញ​រូបថត​ផ្សេង​ទៀត​របស់​លោក ហ៊ុន សែន ថត​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក​នៅ​ត្រង់​ទីតាំង​តែ​មួយ ដែល​មាន​ផ្ទាំង​គំនូរ​ផ្កា ២​ផ្ទាំង​ស្ថិត​នៅ​ខាង​ក្រោយ។

​រូបថត​ទាំង​នោះ ត្រូវ​រក​ឃើញ​​នៅ​ក្នុង​សេចក្ដី​រាយការណ៍​មួយ​របស់​សារព័ត៌មាន នគរដ្រេហ្គន កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៦​កន្លង​មក ដែល​និយាយ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន និង​ភរិយា​របស់​លោក​នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ឆ្នាំ​នោះ។ សូម​មើល​រូបថត​ទាំង​នោះ​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ​ផង​ដែរ។

សូម​អាន​អត្ថបទ​«រូបថត​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​ភរិយា ត្រូវ​បាន​កាត់​ត​ភ្ជាប់​នឹង​អតីត​មេដឹកនាំ​វៀតណាម» ដែល​ចុះ​ផ្សាយ​ដោយ Fact Crescendo Cambodia កាល​ពីមេសា ឆ្នាំ​២០២១​កន្លង​មក។

តើ​លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​មេដឹកនាំ​វៀតណាម​មែន​ឬទេ?

ជា​រឿយៗ លោក ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​ច្បង​របស់​លោក ហ៊ុន សែន តែង​តែ​ត្រូវ​បាន​គេ​អះ​អាង​ថា​ជា​កូន​ប្រុស​មេដឹកនាំ​វៀតណាម លោក ឡេ ឌឹកថូ (Le Duc Tho) ដែល​ជា​ប្រធាន​ទីប្រឹក្សា​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ហើយ​ក្រោយ​មក​ក្លាយ​ជា​របប​សាធារណ​រដ្ឋ​ប្រជាមានិត​កម្ពុជា បន្ទាប់​ពី​ការ​ដួល​រំលំ​នៃ​របប​ខ្មែរ​ក្រោម​នៅ​ដើម​ឆ្នាំ​១៩៧៩។

ទោះជាយ៉ាងណា លោក ហ៊ុន សែន តែង​តែ​ច្រាន​ចោល​ការ​អះ​អាង​នេះ​ជារឿយៗ ដោយ​បញ្ជាក់​ថា លោក ហ៊ុន ម៉ាណែត ជា​កូន​ប្រុស​ច្បង​របស់​លោក​ជាមួយ​ភរិយា​លោក គឺ​អ្នកស្រី ប៊ុន រ៉ានី។ សូម​មើល​សេចក្ដី​បដិសេធ​របស់​លោក ហ៊ុន សែន តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ និង​តំណ​ភ្ជាប់​មួយ​នៅ​ទីនេះ

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ រូបថត​ស​ខ្មៅ​មួយ​សន្លឹក​នេះ ត្រូវ​បាន​កាត់​ត​ជាមួយ​រូបថត​មេដឹកនាំ​វៀតណាម។ រូបថត​ច្បាប់​ដើម គឺ​ជា​រូបថត​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុ​ន សែន ថត​រួម​គ្នា​ជាមួយ​ភរិយា​របស់​លោក​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក។

Avatar

Title:រូបថត​ភរិយា​លោក ហ៊ុន សែន ត្រូវ​បាន​កាត់​ត​ជាមួយ​មេដឹកនាំ​វៀតណាម ឡេ ឌឹកថូ

Fact Check By: Jay Udom 

Result: Altered

Leave a Reply

Your email address will not be published. Required fields are marked *