
កាលពីដើមខែកុម្ភៈកន្លងមកនេះ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិម្នាក់ ត្រូវបានសារព័ត៌មានក្នុងស្រុកដកស្រង់សម្ដីចុះផ្សាយថា មន្ត្រី UN រូបនោះ បានមើលឃើញស្ថានភាពនៃការគោរពសិទ្ធិមនុស្សល្អប្រសើរនៅកម្ពុជា។ សារព័ត៌មានក្នុងស្រុកនោះ ក៏បានចែករំលែកសេចក្ដីរាយការណ៍របស់ខ្លួននៅលើបណ្ដាញសង្គមផងដែរ ហើយទទួលបានមេដៃយល់ស្របជាច្រើនពីអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទោះជាយ៉ាងណា ខាងក្រោមនេះ គឺជារបាយការណ៍និយាយពីស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា ដែលវាយតម្លៃដោយអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រុមសិទ្ធិមនុស្សអន្តរជាតិ។
ការអះអាងលើបណ្ដាញសង្គម
កាលពី ២សប្ដាហ៍មុន សារព័ត៌មានដើមអម្ពិល (DAP-NEWS) បានចុះផ្សាយថា អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោក Joseph Scheuer បាននិយាយថា ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កាន់តែល្អប្រសើរ។
សារព័ត៌មានស្និទ្ធិនឹងរដ្ឋាភិបាលមួយនេះ បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ បានលើកឡើងដូច្នេះនៅក្នុងជំនួបមួយជាមួយលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងមកនេះ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមពីទំព័រហ្វេសប៊ុក DAP News ដែលបានចែករំលែកនូវអត្ថបទមួយមានចំណងជើងថា «UN៖ ការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែល្អប្រសើរ»។

ទំព័រហ្វេសប៊ុក DAP-News បានចែករំលែកអត្ថបទព័ត៌មានរបស់ខ្លួនពីគេហទំព័រសារព័ត៌មានដើមអម្ពិល ដែលចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ១ថ្ងៃបន្ទាប់ពីជំនួបរបស់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័នសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា។

DAP-NEWS Report | Archived Link
សារព័ត៌មានដើមអម្ពិល បានចុះផ្សាយបែបនេះដោយផ្អែកទៅតាមការផ្សព្វផ្សាយមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី០៧ ខែកុម្ភៈ មួយថ្ងៃបន្ទាប់ពីជំនួបរវាងមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងក្រុមមន្ត្រីជំនាញសិទ្ធិមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។

សារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ ក៏បានចុះផ្សាយផងដែរថា លោក Joseph Scheuer បានកោតសរសើរចំពោះភាពប្រសើរឡើងនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជានៅក្នុងជំនួបជាមួយក្រុមមន្ត្រីសិទ្ធិមនុស្សរាជរដ្ឋាភិបាលកម្ពុជា។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ដែលត្រូវបានរក្សាទុកនៅទីនេះ។
តើមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិប្រចាំកម្ពុជាពិតជាបាននិយាយដូច្នេះមែនឬទេ?
លោក Joseph Scheuer ត្រូវបានអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres តែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាចាប់តាំងពីខែតុលា ឆ្នាំ២០២២មក។
មុនមកកាន់តំណែងនេះនៅកម្ពុជា លោក Scheuer បានបម្រើការងារជាង ២៥ឆ្នាំនៅតាមបណ្ដាស្ថាប័នអន្តរជាតិនានា ក្នុងនោះលោកក៏ធ្លាប់កាន់តំណែងជាប្រធានកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP)ប្រចាំនៅកម្ពុជាចន្លោះពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១០ផងដែរ។ សូមមើលសេចក្ដីជូនដំណឹងអំពីការតែងតាំងលោក Joseph Scheuer នៅទីនេះ។
ចាប់តាំងពីចូលកាន់តំណែងកាលពីថ្ងៃទី០១ ខែតុលាឆ្នាំមុនមក លោក Joseph Scheuer បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ រួមទាំងការជួបជជែកជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃទី០៦ ខែកុម្ភៈកន្លងមកនេះផងដែរ។
ក្រោយជំនួបនោះមក ក្រុមការងារសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ដែលរៀបរាប់ថា លោក Joseph Scheuer បាននិយាយថា ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មានភាពប្រសើរឡើង។
Fact Crescendo Cambodia បានស្នើសុំការបកស្រាយពីលោក Joseph Scheuer ប៉ុន្តែ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិរូបនេះ ពុំបានបកស្រាយនោះឡើយនៅក្នុងអ៊ីម៉ែលតបត្រឡប់មកវិញនោះ។
Fact Crescendo Cambodia ក៏បានស្នើសុំការបកស្រាយពីទីភ្នាក់ងារផ្សេងទៀតនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាផងដែរ ប៉ុន្តែ ពុំទទួលបានការបកស្រាយនោះឡើយគិតត្រឹមថ្ងៃចេញផ្សាយអត្ថបទនេះ។
ស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជា
ស្ថានភាពនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា បានរងការរិះគន់ជាច្រើនឆ្នាំមកហើយ បន្ទាប់ពីការបង្ក្រាបជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជាទៅលើគណបក្សនយោបាយ សារព័ត៌មាន និងក្រុមសង្គមស៊ីវិល។
នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនចេញកាលពីខែវិច្ឆិកា ឆ្នាំ២០២២កន្លងមកនេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានលើកឡើងថា សេរីភាពបញ្ចេញមតិនៅកម្ពុជា ដែលកំពុងតែត្រូវបានរឹតត្បិតខ្លាំងស្រាប់ហើយនោះ បានរងរបាំងបន្ថែមទៀត បន្ទាប់ពីរាជរដ្ឋាភិបាលបានបង្កើតអនុក្រឹត្យសម្រាប់គ្រប់គ្រងលើប្រព័ន្ធអ៊ីនធឹណិតនៅកម្ពុជា។
ជាងនេះទៅទៀត អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកមួយនេះ បានលើកឡើងថា រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធច្បាប់ជាច្រើនធ្វើជាឧបករណ៍ដើម្បីបង្ក្រាបទៅលើសេរីភាពបញ្ចេញមតិនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ សូមអានខ្លឹមសារលម្អិតនៅទីនេះ។
របាយការណ៍វាយតម្លៃស្ថានភាពសិទ្ធិសេរីភាពឆ្នាំ២០២២ ធ្វើឡើងដោយអង្គការ Freedom House បានចាត់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសមិនមានសេរីភាពនោះឡើយកាលពីឆ្នាំមុននេះ។
អង្គការ Freedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក តែងតែវាយតម្លៃជារៀងរាល់ឆ្នាំនូវស្ថានភាពសេរីភាពស៊ីវិល និងសេរីភាពនយោបាយនៅតាមប្រទេស និងដែនដីសរុប ២១០នៅទូទាំងពិភពលោក។
អង្គការមួយនេះ បានចេញរបាយការណ៍វាយតម្លៃជាមួយការដាក់ពិន្ទុផ្សេងៗគ្នា។ លំដាប់ពិន្ទុកាន់តែទាប មានន័យថា កម្រិតសិទ្ធិសេរីភាពរបស់ប្រទេសមួយ កាន់តែអន់ថយទៅរកស្ថានភាពគ្មានសេរីភាព ហើយលំដាប់ពិន្ទុកាន់តែខ្ពស់ មានន័យថា កម្រិតសេរីភាពរបស់ប្រទេសមួយ កាន់តែល្អប្រសើរ។
បើតាមរបាយការណ៍របស់អង្គការអន្តរជាតិមួយនេះ កម្ពុជាទទួលបានពិន្ទុត្រឹមតែ ២៤ប៉ុណ្ណោះនៅក្នុងចំណោមពិន្ទុ ១០០ ដែលវាយតម្លៃថា កម្រិតសិទ្ធិសេរីភាពក្នុងប្រទេសមួយនេះ ស្ថិតក្នុងចំណោមប្រទេសគ្មានសេរីភាព។

របាយការណ៍របស់អង្គការមួយនេះ បញ្ជាក់ថា រដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សរបស់លោក បានបន្តដាក់សម្ពាធទៅលើសមាជិកគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមបាតុករតាមរយៈការគំរាមកំហែង ការចោទប្រកាន់មានចរឹតនយោបាយ និងអំពើហិង្សា។ សូមមើលខ្លឹមសារលម្អិតនៅទីនេះ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកផងដែរនោះ ក៏តែងតែចេញរបាយការណ៍និយាយអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ក្នុងរបាយការណ៍របស់ខ្លួន អង្គការមួយនេះបានមើលឃើញថា រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តបង្ក្រាបទៅលើសេរីភាពនយោបាយ សេរីភាពរបស់ប្រព័ន្ធ និងលម្ហសេរីភាពស៊ីវិល។
បើតាមកំណត់ត្រារបស់អង្គការមួយនេះ សមាជិកគណបក្សប្រឆាំង និងអ្នកការពារសិទ្ធិមនុស្សជាង ១០០នាក់ហើយ ត្រូវបាននាំយកទៅកាត់ទោសនៅក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទល្មើស»ចំពោះសកម្មភាពរបស់ពួកគេក្នុងការអនុវត្តសិទ្ធិបញ្ចេញមតិ សិទ្ធិសេរីភាពខាងសមាគម និងការជួបជុំតវ៉ាដោយសន្តិវិធី។
អង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ បានបញ្ជាក់ថា អ្នកទោសនយោបាយជាង ៥០នាក់ហើយ ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារនៅក្រោមបទចោទប្រកាន់បែបនេះ។ សូមអានខ្លឹមសារលម្អិតនៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សកម្ពុជា សាស្ត្រាចារ្យ Vitit Muntarbhorn ត្រូវបានដកស្រង់សម្ដីដែលនិយាយថា កម្ពុជានៅតែប្រព្រឹត្តផ្ទុយយ៉ាងខ្លាំងពីសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗ ដែលប្រទេសមួយនេះបានផ្ដល់សច្ចាប័នកន្លងមក។
លោក Vitit Muntarbhorn បានបញ្ជាក់ថា កម្ពុជាបានស្ថិតក្រោមប្រព័ន្ធគ្រប់គ្រងឯកបក្សទាំងស្រុង ដោយរដ្ឋសភាទាំងមូលស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សកាន់អំណាច បន្ទាប់ពីគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនៅកម្ពុជា ត្រូវបានរំលាយចោលដោយមិនត្រឹមត្រូវនៅក្នុងឆ្នាំ២០១៧កន្លងមក។
អ្នកជំនាញសិទ្ធិមនុស្សរូបនេះ ក៏បានស្នើឡើងនូវរបៀបវារៈ ១០ចំណុចទៅកាន់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីកែលម្អស្ថានភាពសិទ្ធិមនុស្ស ដោះស្រាយបញ្ហាការជួញដូរមនុស្ស បើកលម្ហសេរីភាពស៊ីវិល និងនយោបាយឡើងវិញ និងត្រួតត្រាយផ្លូវសម្រាប់កំណែទម្រង់ប្រជាធិបតេយ្យផងដែរ។
សាស្ត្រាចារ្យច្បាប់អន្តរជាតិរូបនេះ បានបញ្ជាក់បែបនេះ បន្ទាប់ពីលោកបានបំពេញទស្សនកិច្ចរយៈពេល ១១ថ្ងៃនៅកម្ពុជាក្នុងនាមលោកជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ សូមអានខ្លឹមសារទាំងស្រុងនៅទីនេះ ឬតាមរយៈតំណភ្ជាប់ត្រូវបានរក្សាទុកនៅទីនេះ។

Title:ស្ថានភាពការគោរពសិទ្ធិមនុស្សនៅកម្ពុជាល្អប្រសើរដូចមន្ត្រី UN លើកឡើងឬទេ?
By: Jay UdomResult: Explainer
