
កម្ពុជាចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមទូទាំងប្រទេសកាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងមកនេះ ហើយការចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមនេះ ក៏ត្រូវបានធ្វើឡើងនៅតាមបណ្ដាខេត្តនានាចាប់តាំងពីថ្ងៃទី០១ ខែមីនានេះ។ ថ្មីៗនេះទៀត កម្ពុជាក៏ចាប់ផ្ដើមចាក់វ៉ាក់សាំង CoviShield សម្រាប់ពលរដ្ឋមានអាយុចាប់ពី ៦០ឆ្នាំឡើង។ កម្ពុជាទទួលបានវ៉ាក់សាំង Covishield ដែលផលិតឡើងនៅប្រទេសឥណ្ឌាក្រោមការអនុញ្ញាតពីក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca នៅក្រោមយន្តការសម្របសម្រួលរបស់អង្គការសុខភាពពិភពលោក។
យុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់ប្រទេសចិន បានជំរុញឱ្យមាននូវការអះអាងលើបណ្ដាញសង្គមថា មនុស្សមួយចំនួនបានស្លាប់ក្រោយពីចាក់វ៉ាក់សាំងនេះ ដែលនាំឱ្យមានមន្ទិលសង្ស័យបន្ថែមទៀតទៅលើប្រសិទ្ធភាព និងសុវត្ថិភាពនៃវ៉ាក់សាំងចិនមួយប្រភេទនេះ។
ទោះជាយ៉ាងណា ការផ្ទៀតផ្ទាត់ការពិត បានបង្ហាញការ ការអះអាងបែបនេះនៅលើបណ្ដាញសង្គម មិនត្រឹមត្រូវនោះឡើយ។
ការអះអាងលើបណ្តាញសង្គម
កាលពីថ្ងៃទី៣ ខែមីនានេះ គណនីហ្វេសប៊ុកមួយ បានអះអាងថា មនុស្សមួយចំនួនបានស្លាប់ជាបន្តបន្ទាប់ បន្ទាប់ពីពួកគេចាក់វ៉ាក់សាំងចិនស៊ីណូហ្វាម (Sinopharm)។ គណនីហ្វេសប៊ុកមួយនេះ បានក្រើនរំឭកឱ្យប្រុងប្រយ័ត្នចំពោះការចាក់វ៉ាក់សាំងចិននេះ។ គណនីហ្វេសប៊ុកមួយនេះបានបង្ហោះសារដោយភ្ជាប់ជាមួយរូបថតបុរស ២នាក់ និងប័ណ្ណព័ត៌មានស្ដីពីការចាក់វ៉ាក់សាំង។
ការអះអាងបែបលើបណ្ដាញសង្គមនេះ ត្រូវបានចែករំលែកតៗគ្នាពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន។
រូបភាពផ្ដាមចេញពីគណនីហ្វេសប៊ុកនេះ រៀបរាប់ថា «អ្នកចាក់វ៉ាក់សាំងចិនស្លាប់បណ្ដើរៗហើយបងប្អូន។ ជនរួមជាតិខ្មែរសូមប្រុងប្រយ័ត្នឱ្យមែនទែនក្រែងចាក់បះវ៉ាក់សាំងចិន»។
អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ក៏បានអះអាងថា ពិធីបុណ្យសពមួយកំពុងត្រូវបានរៀបចំធ្វើឡើងសម្រាប់បុរសម្នាក់ ដែលបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីចាក់វ៉ាក់សាំងចិន ដែលវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោកនៅឡើយទេ។
ការអះអាងនេះ ត្រូវបានចែករំលែកតៗគ្នាជាបន្តបន្ទាប់ពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន។
ខ្លឹមសារនៃប៉ុស្តិ៍របស់អ្នកប្រើប្រាស់ហ្វេសប៊ុករូបនោះ រៀបរាប់ថា «ថាកុំចាក់វ៉ាក់សាំងរបស់ចិន គ្មានអង្គការ WHO [សុខភាពពិភពលោក]ទទួលស្គាល់ទេ។ កំពុងធ្វើបុណ្យមួយទៀតហើយ»។
ការពិនិត្យការពិត
យើងបានចាប់ផ្ដើមផ្ទៀងផ្ទាត់ការពិតជុំវិញការអះអាងនេះតាមរយៈការពិនិត្យមើលលើរូបថតដែលត្រូវបានបង្ហោះភ្ជាប់ជាមួយប៉ុស្តិ៍នោះ សម្ភាសជាមួយសាមីខ្លួនផ្ទាល់ និងបានពិនិត្យមើលរបាយការណ៍ផ្លូវការចេញដោយក្រសួងសុខាភិបាល។
រូបថតក្នុងចំណោមរូបថត៣សន្លឹកដែលត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុកបង្ហោះភ្ជាប់ជាមួយការអះអាងរបស់ខ្លួននោះ បានបង្ហាញព័ត៌មានបន្ថែមអំពីបុគ្គលដែលត្រូវបានគេលើកយកមកនិយាយ។ មន្ត្រីយោធាដែលត្រូវបានអះអាងថាបានស្លាប់ក្រោយចាក់វ៉ាក់សាំងចិននោះ គឺលោកវរសេនីយ៍ត្រី សេង សំអឿន បម្រើការនៅការិយាល័យបំភ័ន្តអក្ខរៈនៃយោធភូមិភាគពិសេស។
ប័ណ្ណព័ត៌មាននោះ បង្ហាញថា លោក សេង សំអឿន បានចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមដូសដំបូងពិតប្រាកដមែននៅថ្ងៃទី០១ ខែមីនា ហើយគ្រោងចាក់ដូសទីពីរនៅ២សប្ដាហ៍ក្រោយ ដែលចំនឹងថ្ងៃទី១៦ ខែមីនា។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី៤ ខែមីនា លោក សេង សំអឿន បានច្រានចោលនូវការអះអាងខាងលើដែលធ្វើឡើងដោយអ្នកប្រើប្រាស់ហ្វេសប៊ុក ហើយលោកថា លោកមានកម្លាំងមាំមួន ក្រោយពីចាក់វ៉ាក់សាំងស៊ីណូហ្វាម។
លោក សេង សំអឿន ក៏បានអំពាវនាវផងដែរទៅដល់សមត្ថកិច្ចឱ្យចាប់ខ្លួន និងផ្ដន្ទាទោសអ្នកប្រើប្រាស់ហ្វេសប៊ុក ដែលអះអាងថាលោកស្លាប់ដោយសារការចាក់វ៉ាក់សាំងរបស់ចិននេះ។
តាមរយៈការពិនិត្យមើលទៅលើមតិយោបល់ឆ្លើយតបនឹងការអះអាងនេះ យើងបានរកឃើញសាច់ញាតិរបស់បុគ្គលដែលត្រូវបានលើកឡើងនៅក្នុងប៉ុស្តិ៍នេះ ហើយយើងក៏ទទួលបានលេខទំនាក់ទំនងទៅកាន់សាមីខ្លួនផ្ទាល់។
លោក ហុង ម៉ាឡាំង ដែលជាមន្ត្រីយោធាម្នាក់នៅភូមិភាគ១ ស្ថិតនៅខេត្តស្ទឹងត្រែង អះអាងថា រូបថតរបស់លោក ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមជាមួយនឹងលោក សេង សំអឿន ផងដែរ។ មន្ត្រីយោធារូបនេះ បញ្ជាក់ថា លោកបានចាក់វ៉ាក់សាំងស៊ីណូហ្វាមដូសដំបូងនៅថ្ងៃទី២ ខែមីនា និងដូសចុងក្រោយនៅថ្ងៃទី១៧ ខែមីនានេះ។
លោក ម៉ាឡាំង ច្រានចោលនូវការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយថា លោកមានសុខភាពធម្មតាក្រោយពីចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមរួចរាល់នោះ។
របាយការណ៍ស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាដែលចេញដោយក្រសួងសុខាភិបាលគិតត្រឹមថ្ងៃដែលមានការអះអាងបែបនេះ បង្ហាញថា អ្នកឆ្លងមេរោគកូវីដ១៩ មានចំនួនសរុប ៩២៣ករណីនៅទូទាំងប្រទេស ហើយគ្មាននរណាម្នាក់ស្លាប់ដោយសារជំងឺផ្លូវដង្ហើមនេះទេ។ ប៉ុន្តែ ករណីស្លាប់លើកដំបូងដោយសារជំងឺកូវីដ១៩ បានកើតឡើងមួយសប្ដាហ៍ក្រោយមក។
សន្និដ្ឋាន
Fact Crescendo Cambodia បានរកឃើញថា ការអះអាងដោយអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកដូចដែលបានរៀបរាប់ខាងលើ គឺមិនត្រឹមត្រូវនោះឡើយ។ ការពិត មន្ត្រីយោធាដែលត្រូវបានអះអាងថាស្លាប់ក្រោយចាក់វ៉ាក់សាំងចិនស៊ីណូហ្វាមនោះ នៅរស់រានមានជីវិតដូចធម្មតា ហើយក្រសួងសុខាភិបាលក៏មិនមានរបាយការណ៍ផ្លូវការបញ្ជាក់ថា មានមនុស្សស្លាប់ដោយសារការចាក់វ៉ាក់សាំងចិននោះដែរ។
.container { border: 2px solid #000; background-color: #eee; border-radius: 5px; padding: 16px; margin: 16px 0 } .container::after { content: “”; clear: both; display: table; } .container img { float: left; margin-right: 20px; border-radius: 50%; } .container span { font-size: 20px; margin-right: 15px; } @media (max-width: 500px) { .container { text-align: center; } .container img { margin: auto; float: none; display: block; } }
Title:ទាហានដែលត្រូវបានអះអាងថាស្លាប់ក្រោយចាក់វ៉ាក់សាំងចិន នៅរស់រានមានជីវិតនៅឡើយ
Fact Check By: Jay UdomResult: False