កាល​ពី​ដើម​សប្ដាហ៍​នេះ សារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស បាន​ចុះ​ផ្សាយ​ថា បំណែក​រូប​ចម្លាក់ និង​បុរាណវត្ថុ​របស់​កម្ពុជា​ជា​ច្រើន​​បំណែក នឹង​ត្រូវ​បញ្ជូន​ពី​សហរដ្ឋ​អាមេរិក​​មក​ឱ្យ​កម្ពុជា​វិញនា​ពេល​ឆាប់​ខាង​មុខ។ បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​បែប​នេះ ស្រាប់​តែ​មាន​ការ​អះអាង​មួយ​លើ​បណ្ដាញ​សង្គម លើក​ឡើង​ថា ព្រះ​ខ័ន​រាជ្យ​បុរាណ​មួយ ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​កសិករ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ។ ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ព្រោង​ព្រាត ហើយ​ទទួល​បាន​ប្រតិកម្ម និង​មតិយោបល់​បែប​សារទរ​ពីអ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ ទោះជាយ៉ាងណា បន្ទាប់​ពី​សម្ភាស​ជាមួយ​មន្ត្រី​ជំនាញ យើង​រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះអាង​លើ​បណ្ដាញ​សង្គម

ការ​អះអាង​មួយ​ដែល​ផុស​ផុល​នៅ​លើ​បណ្ដាញ​សង្គម​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ បាន​​លើក​ឡើង​ថា ព្រះ​ខ័ន​រាជ្យ​មួយ ត្រូវ​បាន​រក​ឃើញ​ដោយ​កសិករ​មួយ​រូប​នៅ​ឯ​វាលស្រែ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​នៅ​ឆ្នាំ​២០២៣​នេះ ហើយ​បាន​ប្រគល់​ទៅ​ឱ្យ​សមត្ថកិច្ច​រួចហើយ។

ការ​អះអាង​នេះ បាន​បង្ហោះ​រូបថត​ចំនួន ៦​សន្លឹក ដែល​បង្ហាញ​ដាវ​មួយមាន​ក្បាច់​ចម្លាក់​ និង​រូបរាង​ប្រឡាក់​ដី ដែល​ត្រូវ​បាន​បុរស​ម្នាក់​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​នគរបាល។

ការ​អះអាង​នេះ ត្រូវ​បាន​ចែក​រំលែក​ព្រោង​ព្រាត និង​ទទួល​បាន​ការ​បញ្ចេញ​មតិ​យោបល់​ចម្រុះ​បែប​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​សរសេរ​រៀបរាប់​ថា «នេះ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ឆ្នាំ​២០២៣ ដែល​កសិករ​ម្នាក់​បាន​ភ្ជួរ​ស្រែ​បែរ​ជា​ជួប​ព្រះ​ខ័ន​រាជ្យ​ដែល​បាន​បាត់​ជំនាន់​ ប៉ុល ពត។ ពេល​នេះ​ព្រលឹង​ដូនតា​ខ្មែរ​បាន​ត្រឡប់​មក​វិញ​ហើយ។ សំណាង​ហើយ​ដែល​មិន​ធ្លាក់​ដល់​ទឹក​ដី​ថៃ​ដែល​ជន​ជាតិ​ថៃ​ប្រាថ្នា​ចង់​បាន ហើយ​ខ្ញុំ​សុំ​ឱ្យ​អាជ្ញាធរ​មេត្ដា​ផ្ដល់​ថវិកា​ខ្លះៗ​ជូន​ដល់​កសិករ​ដែល​ជា​អ្នក​រក​ឃើញ​។ ព្រះ​ខ័នរាជ្យ​គឺ​ជា​វត្ថុ​បុរាណ​ជា​របស់​ឋាន​សួគ៌​ឱ្យ​មក​ដូនតា​ខ្មែរ​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ ហើយ​ពេល​នេះ​ក្លាយ​ជា​សម្បត្តិ​ជាតិ​ខ្មែរ​យើង​ទាំង​អស់​គ្នា សុំ​អបអរ​សាទរ»។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ដទៃ​ទៀត​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ ហើយ​ក៏​ទទួល​បាន​ការ​ចែក​រំលែក​បន្ត និង​មតិ​យោបល់​ចម្រុះ​បែប​ពីអ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​និយាយ​ភាសា​ខ្មែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះអាង​ដដែល​នេះ ដែល​ត្រូវ​បាន​បង្ហោះ​ចូល​ក្នុង​ក្រុម​បណ្ដាញ​សង្គម​មួយ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣។

Facebook Post | Archived Link

ការ​អះអាង​ដដែល​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​តាំង​ពី​ខែ​តុលា​កន្លង​មក​នេះ ហើយ​ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​ការ​អះអាង​នេះ​នៅ​ក្នុង​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ទទួល​បាន​ការ​ចែក​រំលែក​បន្ត​រហូត​ដល់​ ៦៥០០​ដង។

Facebook Post | Archived Link

គេ​អាច​រក​មើល​ការ​អះអាង​ដូច​គ្នានេះ​នៅ​លើ​បណ្ដាញ​សង្គម​តាម​រយៈ​បណ្ដាញ​តំណ​ភ្ជាប់​មាន​នៅ​ទីនេះ​​ តំណ​ភ្ជាប់​ទី​១(archived) តំណ​ភ្ជាប់​ទី​២ (archived) តំណ​ភ្ជាប់​ទី​៣ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ចាប់​ផ្ដើម​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះអាង​ខាង​លើ​នេះ​​តាម​រយៈ​ការ​​សម្ភាស​ជាមួយ​អ្នក​ជំនាញ​ផ្នែក​វត្ថុ​បុរាណ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការពិត​ដូច​ខាង​ក្រោម​នេះ។

ដើម្បី​បញ្ជាក់​លើ​ការ​អះអាង​នេះ Fact Crescendo Cambodia ស្នើ​សុំ​ការ​បញ្ជាក់​ពី​លោក ស៊ុំ ម៉ាប់ អ្នក​នាំ​ពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ប៉ុន្តេ លោក​រុញ​សំណួរ​ឱ្យ​ទៅ​សួរ​លោក អ៊ុក សុខា អគ្គនាយក​នៃ​អគ្គនាយដ្ឋាន​បេតិកភណ្ឌ។

ឆ្លើយ​តប​មក​កាន់ Fact Crescendo Cambodia តាម​បណ្ដាញ​តេឡេក្រាម​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ លោក អ៊ុក សុខា បាន​ត្រឹម​បញ្ជាក់​ថា ដាវ​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​កសិករ​ម្នាក់​នៅ​ខេត្ត​ព្រះវិហារ​នោះ ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​សារមន្ទីរ​ជាតិ​រក្សា​ទុក ហើយ​លោក​ប្រាប់​ឱ្យ​សាក​សួរ​ទៅ​លោក ឆាយ វិសុទ្ធ ដែល​ជា​ប្រធាន​សារមន្ទីរ​ជាតិ។

​ប្រធាន​សារមន្ទីរ​ជាតិ ​លោក ឆាយ វិសុទ្ធ ដែល​ជា​ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ផង​ដែរ​នោះ ​បាន​បក​ស្រាយ​តាម​បណ្ដាញ​តេឡេក្រាម​ប្រាប់ Fact Crescendo Cambodia ថា ដាវ​ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​កសិករ​នៅ​ខេត្ត​ព្រះវិហារ​នោះ មិន​មែន​ជា​ព្រះ​ខ័ន​បុរាណ​នោះ​ឡើយ។

​លោក ឆាយ វិសុទ្ធ បាន​បញ្ជាក់​ទៀត​​ថា ផ្ទុយ​ទៅ​វិញ វា​ជា​ដាវ​ផលិត​ឡើង​នា​សម័យ​បច្ចុប្បន្ន និង​អាវ​រក​ទិញ​បាន​ដោយ​ងាយ​នៅ​ផ្សារ​ទួលទំពូង ជា​កន្លែង​លក់​ស្នាដៃ​ចម្លាក់​នៃ​ចម្លាក់ និង​វត្ថុ​សិល្បៈនានា។

លោក ឆាយ វិសុទ្ធ ប្រាប់​ថា «…​ហើយ​ក្រោយ​ពី​ក្រុម​ការងារ​យើង​ពិនិត្យ​ទៅ ឃើញ​ថា ដាវ​ហ្នឹង​មិន​មែន​ជា​ដាវ​បុរាណ​ទេ ជា​ដាវ​ដែល​ធ្វើ​ថ្មី ហើយ​អាហ្នឹង​មាន​លក់​នៅ​ទួលទំពូង​អី​ហូរ​ហែរ​។ អ៊ីចឹង​សរុប​មក មិន​មែន​ជា​ដាវ​ព្រះ​ខ័ន​រាជ្យ​អី​ទេ គ្រាន់​តែ​ជាពាក្យ​ចរចាម​អារ៉ាម​ដែល​គេ​នាំ​គ្នា​បង្កើត»។

នៅ​ពេល​ត្រូវ​បាន​សួរ​ថា តើ​ដាវ​នោះ​មាន​អាយុ​កាល​ប៉ុន្មាន​ឆ្នាំ​ហើយ​នោះ អ្នក​ជំនាញ​ផ្នែក​អភិរក្ស​បេតិក​ភណ្ឌ​បុរាណ​រូប​នេះ បាន​ប្រាប់​ថា «អាហ្នឹង​របស់​ថ្មី​តែ​ម្ដង​ប្អូន! ប្អូន​អាច​ទៅ​មើល​នៅ​ទួលទំពូង​បានដាវ​។ របៀប​អ៊ីចឹង គេ​សិត​អាច​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ចុង​ក្រោយ​ ហើយ​វា​អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ​។ បើ​តម្រូវការ​ទីផ្សារ​របស់​អ្នក​ដែល​សច្ចំ​បន់​បត់ ឬ​ក៏​គ្រូ​មន្ត​អាគម​អី គាត់​ត្រូវការ​យក​ទៅ​ប្រើ​ប្រាស់​ច្រើន​ទៅ គេ​ក៏​ទិញ​ច្រើន​ទៅ ហើយ​មួយ​ចំនួន​ទៀត​ក៏​អាច​អ្នក​លក់​យើង​នៅ​ខាង​ទួលទំពូង​ហ្នឹង​គាត់​ធ្វើ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ជិត​ខាង ដោយ​កុហក​ថា អាហ្នឹង​ជា​របស់​បុរាណ វា​មិន​មែន​ជា​ចាស់​អី​ទេ​ របស់​ថ្មីៗ»។

សូម​ស្ដាប់​ប្រសាសន៍​របស់​លោក ឆាយ វិសុទ្ធ ប្រធាន​នាយកដ្ឋាន​សារមន្ទីរ​ជាតិ ដែល​បាន​បញ្ជាក់​មក​កាន់ Fact Crescendo Cambodia កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣។

Archived Link

សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក បាន​ឱ្យ​ដឹងថា កសិករ​ម្នាក់​នៅ​ឯ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ប្រទះ​ឃើញ​ដាវ​មួយ​នេះ​អំឡុង​ពេល​លោក​ភ្ជួរ​ដី​ធ្វើ​ស្រែ​ចម្ការ​កាល​ពី​ថ្ងៃ​ទី១០ ខែ​មិថុនា ឆ្នាំ​២០២៣។ [archived]

ចំណែក​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ទៀត បាន​ឱ្យ​ដឹង​ថា ដាវ​ដែល​កសិករ​ម្នាក់​បាន​ប្រទះ​ឃើញ​នេះ មាន​ប្រវែង ០.៨៦​ម៉ែត្រ មុខ​កាត់​ផ្លែ​ដាវ​ប្រវែង ០.៦០​សង់ទីម៉ែត្រ និង​មាន​ទម្ងន់​សរុប ២.៦​គីឡូក្រាម។ [archived]

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ដដែល​នេះ អ្នក​ជំនាញ​បុរាណវិទ្យា លោក អ៊ឹម សុខរិទ្ធី បាន​កត់​សម្គាល់​ទៅ​ក្បាច់​ចម្លាក់​ដ៏​ចម្លែក​នៅ​លើ​ដាវ​នោះ ដែល​លោក​អះអាង​ថា មិន​ធ្លាប់​ជួប​ពី​មុន​មក​ទេ ប៉ុន្តែ លោក​បាន​ក្រើន​រំលឹក​ពី​ល្បិច​បោក​ប្រាស់​របស់​មនុស្ស​មួយ​ចំនួន​ដែល​រក​ស៊ី​ជួយ​ដូរ​វត្ថុ​សិល្បៈ​បែប​ចម្លង។ [archived]

នៅ​ក្នុង​ដំណើរ​ស្វែង​រក​ព័ត៌មាន​ និង​រូបថត​ព្រះខ័នរាជ្យ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឹណិត យើង​បាន​រក​ឃើញ​រូបថត​ព្រះខ័ន​រាជ្យ​លក្ខណៈ​ស​ខ្មៅ ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា «ព្រះ​ខ័នរាជ្យ»​ចុះ​ផ្សាយ​នៅ​ក្នុង​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វប្បធម៌​ខ្មែរ​ហៅ​ថា «យសោធរ»។

បើ​ប្រៀប​ធៀប​រូបរាង និង​លក្ខណៈ​ចម្លាក់​រវាង​ដាវ​ដែល​គេ​ប្រទះ​ឃើញ​នៅ​ខេត្ត​ព្រះវិហារ និង​ព្រះ​ខ័នរាជ្យ​ដែល​ផ្សព្វផ្សាយ​នៅ​ក្នុង​យសោធរ យើង​បាន​រក​ឃើញ​ថា មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង។

អត្ថបទ​«ព្រះ​ខ័នរាជ្យ»​និពន្ធ​ដោយ​លោក ស៊ីយ៉ុន សុភារិទ្ធ ដែល​ផ្សព្វផ្សាយ​នៅ​លើ​វេបសាយ​«យសោធរ» បាន​ឱ្យ​ដឹង​ថា ព្រះ​ខ័ន​រាជ្យ មិន​ត្រឹម​តែ​ជា​គ្រឿង​មួយ​ក្នុង​ចំណោម​គ្រឿង​ទាំងប្រាំ​សម្រាប់​អភិសេក​ព្រះ​មហាក្សត្រ​មួយ​អង្គ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ជា​គ្រឿង​រណ្ដាប់​សម្រាប់​គោរព​បូជា​ផង​ដែរ។

ដោយ​បាន​ដក​ស្រង់​ខ្លឹមសារ​ចេញ​ពី​សំណេរ​របស់​អ្នក​ឧកញ៉ា​វាំង​ជួន​ចុះ​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី​បារាំង​កាល​ពី ១០០​ឆ្នាំ​មុន អ្នកស្រាវ​ជ្រាវ​រូប​នេះ បាន​សង្ខេប​មក​ថា ព្រះ​ខ័ន​រាជ្យ​គឺ​ជា​ដាវ​មាន​ជីវិត ដែល​តំណាង​ឱ្យ​អាទិទេព​សំខាន់​ទាំង៣​នៅ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា ឬ​ហៅ​ថា «ត្រីមូរតិ» ពោល​គឺ​ព្រះ​សិវៈ (ព្រះ​ឥសូរ) ព្រះ​វិស្ណុ (ព្រះ​នរាយណ៍) និង​ព្រះ​ព្រហ្ម។

ផ្អែក​តាម​អត្ថបទ​ស្រាវ​ជ្រាវ​នេះ ព្រះ​សិវៈ​ស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​ព្រះ​ខ័ន​រាជ្យ ហើយ​ផ្នែក​កណ្ដាល​តំណាង​ឱ្យ​ព្រះ​វិស្ណុ ខណៈ​ផ្នែក​ខាង​ក្រោម ឬ​គល់​ដាវ តំណាងឱ្យ​ព្រះ​ព្រហ្ម។ ព្រះ​ខ័ន និង​ស្រោម​ព្រះ​ខ័ន គឺ​ជា​និម្មិត​រូប​នៃ​ការ​រួម​ភេទ ដែល​បង្កើត​មនុស្ស​ជាតិ។ អត្ថបទ​ទាំងស្រុង [archived]

លោក ស៊ីយ៉ុន សុភារិទ្ធ ដែល​ជា​ម្ចាស់​អត្ថបទ​ស្រាវ​ជ្រាវ​នេះ និង​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​​បច្ចេកទេស​វប្បធម៌ បាន​ពន្យល់​បន្ថែម​អំពី​អត្ថន័យ​នៃ​ដាវ ឬ​ព្រះ​ខ័ន​នៅ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា​ខ្មែរ​តាំង​ពី​សម័យ​បុរាណ​មក។

Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia បាន​រក​ឃើញ​ថា ការ​អះអាង​ដូច​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។ ដាវ​ដែល​កសិករ​ម្នាក់​ប្រទះ​ឃើញ​នៅ​ខេត្ត​ព្រះវិហារ មិន​មែន​ជា​ព្រះ​ខ័ន​រាជ្យ​នោះ​ឡើយ។ អ្នក​ជំនាញ​ផ្នែក​បុរាណវត្ថុ​នៅ​សារមន្ទីរ​ជាតិ បាន​បញ្ជាក់​ថា ដាវ​នោះ​គ្រាន់​តែ​ជា​ដាវ​ផលិត​ឡើង​ថ្មី និង​មាន​លក់​នៅ​លើ​ទីផ្សារ។

Avatar

Title:មន្ត្រី​បញ្ជាក់​ថា ដាវ​ដែល​កសិករ​នៅ​ខេត្ត​ព្រះវិហារ​ប្រទះ​ឃើញ​នោះ មាន​លក់​លើ​ទីផ្សារ​ទួលទំពូង

Written By: Jay Udom

Result: False