ព័ត៌មាន​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​ហ្វាំងឡង់​ ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​អន្លើ

International Partly False

​សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​កាល​ពី​សប្ដាហ៍​មុន ដែល​និយាយ​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​បរទេស ហើយ​ព័ត៌មាន​នេះ ក៏​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​ផង​ដែរ ដែល​នាំ​ឱ្យ​មាន​ការ​ចែក​រំលែក​បន្ត និង​ទទួល​បាន​មតិ​រិះគន់​ជាច្រើន​ផង​ដែរ។ ទោះជាយ៉ាងណា បន្ទាប់​ពី​ពិនិត្យ​មើល​សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​អន្តរជាតិ​នានា យើង​រក​ឃើញ​ថា សេចក្ដី​រាយការណ៍​របស់​សារព័ត៌មាន​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​ទាំង​ស្រុង​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

សារព័ត៌មាន​ក្នុង​ស្រុក​មួយ បាន​ធ្វើ​សេចក្ដី​រាយការណ៍​ព័ត៌មាន​ជា​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ការ​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នៅ​ឯ​បរទេស ហើយ​វីដេអូ​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​ថ្មីៗ​នេះ។

អ្នក​អាន​សេចក្ដី​រាយការណ៍​ព័ត៌មាន​នេះ បាន​រៀប​រាប់​ថា បុរស​ម្នាក់​ដែល​ជា​ម្ចាស់​រថយន្ត​ Tesla ម៉ូឌែល S ស៊េរី​ឆ្នាំ​២០១៣​មួយ​គ្រឿង បាន​សម្រេច​ចិត្ត​បំផ្ទុះ​រថយន្ត​របស់​ខ្លួន​ចោល បន្ទាប់​ពី​ក្រុមហ៊ុន​ Tesla បាន​ជូន​ដំណឹង​ឱ្យ​ដំណឹង​អាគុយ​ដែល​ចំណាយ​រហូត​ដល់​ ២២,៦០០​ដុល្លារ​ឯណោះ។

បន្ទាប់​ពី​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ទំព័រ​បណ្ដាញ​សង្គម​របស់​ខ្លួន វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ត្រូវ​បាន​ចែក​រំលែកជាច្រើន និង​ចូលទស្សនា​រហូត​ដល់​រាប់​ពាន់​ដង។

ទោះជាយ៉ាងណា វីដេអូ​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នេះ ពុំ​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់​លាក់​នោះ​ឡើយ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ចោទ​សួរ​អំពី​ព័ត៌មាន​ជាក់​លាក់​ជាង​នេះ។

Facebook Post | Archived Link

អ្នក​ប្រើ​​ប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បញ្ចេញ​មតិ​ទៅ​នឹង​ព័ត៌មាន​នេះ ដោយ​បាន​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​នេះ។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​ផ្សាយ​នៃ​វីដេអូ​នេះ​តាម​រយៈ​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ព័ត៌មាន​មួយ​នេះ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោងព្រាត​ដោយ​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ។ ជា​លទ្ធផល យើង​បាន​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

តើ​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ណា?

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន Business Cambodia បាន​និយាយ​ថា ករណី​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ហ្វ្រាំងឡង់។

ប៉ុន្តែ សេចក្ដី​រាយការណ៍​​ព័ត៌មាន​របស់​សារព័ត៌មាន Daily Mail របស់​អង់គ្លេស បាន​និយាយ​ថា ករណី​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេសហ្វាំងឡង់។ សារព័ត៌មាន​មួយ​នេះ បាន​ឱ្យ​ដឹង​ទៀត​ថា បុរស​ជន​ជាតិ​ហ្វាំងឡង់ លោក Tuomas Katainen ដែល​ជា​ម្ចាស់​រថយន្ត Tesla មួយ​គ្រឿង​នោះ គឺ​ជា​ពលរដ្ឋ​រស់​នៅ​ទីក្រុង Jyväskylä ដែល​ស្ថិត​នៅ​ភាគ​ខាង​លិច​នៃ​ប្រទេស​ហ្វាំងឡង់។

តើ​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ណា?

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន សារព័ត៌មាន Business Cambodia ពុំ​បាន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ហេតុការណ៍​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នេះ​ឡើយ ដែល​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ចោទ​សួរ​អំពី​ចំណុច​ត្រង់​នេះ។

សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​សារព័ត៌មាន Business Insider កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក​ បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​ហ្វាំងឡង់​ម្នាក់​ឈ្មោះ Tuomas Katainen បាន​សម្រេច​ចិត្ត​បំផ្ទុះ​រថយន្ត​របស់​ខ្លួន​ កាល​ពី​ចុង​ឆ្នាំ​២០២១​កន្លង​មក​នេះ ហើយ​វីដេអូ​នៃ​ការ​បំផ្ទុះ​រថយន្ត​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​ YouTube នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២១។ សូម​ចុច​មើល​វីដេអូ​តាម​រយៈ​តំណ​ភ្ជាប់នៅ​ទីនេះ

តើរថយន្ត Tesla ដែល​ត្រូវ​បាន​គេ​បំផ្ទុះ​ចោល​នោះ ជា​រថយន្ត​ម៉ូឌែល​អ្វី​? និង​ផលិត​ឡើង​នៅ​ក្នុង​ឆ្នាំ​ណា?

នៅ​ក្នុង​សេចក្ដី​រាយការណ៍​ព័ត៌មាន​របស់​ខ្លួន សារព័ត៌មាន Business Cambodia បាន​និយាយ​ថា រថយន្ត​ Tesla ដែល​ត្រូវ​បាន​គេ​យក​ទៅ​បំផ្ទុះ​ចោល​នោះ គឺ​ជា​រថយន្ត​ Tesla ម៉ូឌែល S ស៊េរី​ឆ្នាំ​២០២៣។

ប៉ុន្តែ សារព័ត៌មាន​អន្តរជាតិ​នានា សុទ្ធ​តែ​ចុះ​ផ្សាយ​ថា រថយន្ត Tesla ដែល​ត្រូវ​បាន​គេ​​​បំផ្ទុះចោល​នោះ គឺ​ជា​រថយន្ត Tesla ម៉ូឌែល S ស៊េរី​ឆ្នាំ​២០១៣ ផលិត​ដោយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នៅ​ក្នុង​ឆ្នាំ​២០១២​កន្លង​មក។ ដូច្នេះ វា​មិន​មែន​ជា​រថយន្ត​ស៊េរី​ឆ្នាំ​២០២៣ ដូច​ដែល​សារព័ត៌មាន Business Cambodia ចុះ​ផ្សាយ​បន្ត​នោះ​ឡើយ។

Business Insider | Archived Link

តើ​លោក Tuomas Katainen ទិញ​រថយន្ត Tesla មួយ​គ្រឿង​នេះ​មួយ​ទឹក​មែន​ឬទេ?

នៅ​ក្នុង​សេចក្ដី​រាយការណ៍​របស់​ខ្លួន សារព័ត៌មាន Business Cambodia បាន​ផ្សាយ​ថា លោក Tuomas Katainen បាន​ទិញ​រថយន្ត​មួយ​គ្រឿង​នេះ ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ទឹក។

ប៉ុន្តែ សេចក្ដី​រាយការណ៍​ព័ត៌មានដោយ​សារព័ត៌មាន SNA បាន​ឱ្យ​ដឹង​ថា លោក Tuomas Katainen បាន​ប្រើ​ប្រាស់​រថយន្ត​មួយ​គ្រឿង​នេះអស់​រយៈ​ពេល​ ៨​ឆ្នាំ​មក​ហើយ ដែល​មាន​ន័យ​ថា គាត់​មិន​មែន​ទើប​តែ​ទិញ​រថយន្ត​នេះ​ក្នុង​ស្ថានភាព​មួយ​ទឹក​បន្ត​ពី​អ្នក​ប្រើ​ប្រាស់​ដទៃ​ទៀត​នោះ​ឡើយ។

ព័ត៌មាន​ត្រង់​ចំណុច​នេះ ក៏​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយសារព័ត៌មាន TGRT HABER ផង​ដែរ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក។ សូម​ចុច​មើល​តាម​តំណ​ភ្ជាប់​នៅ​ទីនេះ ឬ​តំណ​ភ្ជាប់​ត្រូវ​បាន​រក្សា​ទុក​នៅ​ទីនេះ។

SNA NEWS | Archived Link

វីដេអូ​នៃ​ការ​បំផ្ទុះ​រថយន្ត​ Tesla មួយ​គ្រឿង​នេះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​ឆាណែល YouTube មួយ​ឈ្មោះ​ថា Pommijätkät កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០២១​កន្លង​មក​នេះ។ សូម​ទស្សនា​វីដេអូ​ទាំង​ស្រុង​​តាម​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ។

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា សេចក្ដី​រាយការណ៍​ព័ត៌មាន​ធ្វើ​ឡើង​ដោយ​សារព័ត៌មាន Business Cambodia ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ពុំ​ត្រឹម​ត្រូវ​មួយ​ចំនួន។ សេចក្ដី​រាយការណ៍​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​អន្តរជាតិ​នានា បាន​ឱ្យ​ដឹង​ថា បុរស​ជន​ជាតិ​ហ្វាំងឡង់ លោក Tuomas Katainen បាន​សម្រេច​ចិត្ត​បំផ្ទុះ​រថយន្ត​ Tesla របស់​លោក ម៉ូឌែល S ស៊េរី​ឆ្នាំ​២០១៣ ដែល​លោក​បាន​ប្រើ​អស់​រយៈ​ពេល ៨​ឆ្នាំ​មក​ហើយ​នោះ ហើយ​ហេតុការណ៍​បំផ្ទុះ​រថយន្ត​នេះ បាន​កើត​ឡោះង​កាល​ពី​ចុង​ឆ្នាំ​២០២១​កន្លង​មក ​នៅ​ប្រទេស​ហ្វាំងឡង់។

Avatar

Title:ព័ត៌មាន​អំពី​ការ​បំផ្ទុះ​រថយន្ត Tesla មួយ​គ្រឿង​នៅ​ហ្វាំងឡង់​ ត្រូវ​បាន​រាយការណ៍​ខុស​ដោយ​អន្លើ

Fact Check By: Jay Udom 

Result: Partly False

Leave a Reply

Your email address will not be published. Required fields are marked *