រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​ពី​ទិដ្ឋភាព​ទីក្រុង​មួយ​ថត​ពី​លើ​ផ្ទៃ​អាកាស​មាន​សណ្ឋាន​ជា​បេះ​ដូង​ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ថ្មីៗ​នេះ​ជាមួយ​សំណេរ​រៀបរាប់​ថា វា​ជា​ទីក្រុង Venice របស់​អ៊ីតាលី។ រូបថត​មួយ​សន្លឹក​នេះ​ទទួល​បាន​ការ​ចែក​រំលែក​យ៉ាងច្រើន​នៅ​លើ​បណ្ដាញ​សង្គម ហើយ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​ជឿ​ថា ជា​ការពិត​ផង​ដែរ។ ទោះជាយ៉ាងណា តាម​រយៈ Google Reverse Image Search យើង​រក​ឃើញ​ថា វា​ជា​រូបថត​​កាត់​ត​​តែ​ប៉ុណ្ណោះ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត​មួយ​សន្លឹក​ដែល​បង្ហាញ​​សំណង់​លំនៅឋាន​ព័ទ្ធ​ទៅ​ដោយ​ទឹក​មាន​រូប​រាង​ដូច​បេះដូងនោះ ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ថា វា​គឺ​ជា​ទីក្រុង​ Venice ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​នៅ​ក្នុង​​ប្រទេស​អ៊ីតាលី។

រូបថត​មួយ​សន្លឹក​នេះ ទទួល​បាន​ការ​ចែក​រំលែក​បន្ត​ដល់​ទៅ​ជិត ៣​ពាន់​ដង និង​មាន​ការ​បញ្ចេញ​មតិ​យោបល់​យ៉ាង​ច្រើន ដែល​បង្ហាញ​ឱុ្យ​ឃើញ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន​យល់​ថា​ជា​ទិដ្ឋភាព​ពិត​ប្រាកដ​នៃ​ទីក្រុង​ Venice។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​បង្ហោះ​រូបថត​ដោយ​ទំព័រ​ហ្វេសប៊ុក Italia - Italy ដែល​សរសេរ​រៀបរាប់​ក្នុង​ន័យ​ថា Venice ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ទីក្រុង​ប្រកប​ដោយ​ផ្លូវ​ទឹក​ជាច្រើន​ ប៉ុន្តែ ក៏ល្បី​ល្បាញ​ដោយសារ​ស្ពាន​ស្រស់​ស្អាត ការ​ជិះ​ទូក​លេង​កម្សាន្ត និងពិធី​បុណ្យ​កានីវ៉ាល់នៅ​តាម​ដង​ផ្លូវ។

Facebook Post | Archived Link

រូបថត​ដដែល​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដទៃ​ទៀត​ផង​ដែរ។ សូម​មើល​នៅ​ទីនេះ (archived) ឬ​នៅ​ទីនេះ (archived)។

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​ការ​អះ​អាង​ខាង​លើ​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

យើង​បាន​រក​ឃើញ​រូបថត​ជាច្រើន​ដែល​បង្ហាញ​ទិដ្ឋាភាព​ពី​លំហ​អាកាស​នៃ​ទីក្រុង Venice ហើយ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​អ៊ីនធើណិត។

រូបថត​មួយ​សន្លឹក​ដែល​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ទំព័រ​ហ្វេសប៊ុក​ឈ្មោះ​ World កាល​ពី​ ២​ឆ្នាំ​កន្លង​មក​ ​បាន​បង្ហាញ​ទិដ្ឋភាពទីក្រុង ​Venice ពុំមាន​ទម្រង់​ជា​បេះដូងដូច​ការ​បង្ហោះខាង​លើ​​នោះ​ឡើយ​។

Facebook Post | Archived Link

នៅ​ក្នុង​គេហទំព័រ Alamy ដែល​ជា​គេហទំព័រសោទស្សន៍​ដ៏​ធំ​មួយ យើង​ក៏​បាន​រក​​ឃើញ​រូបថត​ពី​លើ​អាកាស​នៃ​ទីក្រុង​ Venice ផង​ដែរ ដែល​​បង្ហាញ​ឱ្យ​ឃើញថា ទីក្រុង​មួយ​នេះ​ពុំ​មាន​​រូប​រាង​ជា​បេះ​ដូង​​​ដូច​ក្នុង​រូបថត​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នោះ​ទេ។​

Alamy Link | Archived Link

សូម​មើល​ការ​ប្រៀប​ធៀប​រវាង​រូបថត​កាត់​ត និង​រូបថត​នៃ​ទិដ្ឋភាព​ពី​លើ​លំហ​អាកាស​ជាក់​ស្ដែង​នៃ​ទីក្រុង​ Venice ដែល​យើង​បាន​រក​ឃើញ​នៅ​ក្នុង​វេបសាយ​ធំៗ​មួយ​ចំនួន។

ករណី​ដូច​គ្នា​ខាង​លើ​ ក៏​ត្រូវបាន​ត្រួត​ពិនិត្យ​ការពិត​ និង​ផ្ទៀង​ផ្ទាត់​ដោយ​គេហទំព័រ​ Factly ផង​ដែរ​កាល​ពី​ថ្ងៃទី​០៥​ ខែ​កក្កដា​ ឆ្នាំ​២០២២​កន្លង​ទៅ​ ដោយ​បាន​បង្ហាញ​ថា​ ទិដ្ឋភាព​ទីក្រុង ​Venice ដែល​មាន​រូប​រាង​ទម្រង់​ជា​បេះដូង គឺ​ជា​រូប​ថត​កាត់​ត​ មិន​ដូច​ការ​​អះ​អាង​របស់​អ្នកប្រើ​ប្រាស់​នោះ​ទេ។​ សូម​អាន​ព័ត៌មាន​លម្អិត​នៅ​ទី​នេះ​។​

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា រូបថត​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ គឺ​ត្រូវ​បាន​កាត់​ត​មុន​នឹង​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​។ ទិដ្ឋភាព​ជាក់​ស្ដែង​នៃ​ទីក្រុង​ Venice មិន​មាន​ទម្រង់​ និង​សណ្ឋានលក្ខណៈ​ដូច​ទៅ​នឹង​បេះ​ដូង​​នោះ​ឡើយ។

Avatar

Title: រូបថត​ទីក្រុង​ Venice ​ត្រូវ​បាន​កាត់​ត​ឱ្យ​មាន​រូបរាង​ជា​បេះដូង​

Written By: Kakada Sim

Result: Altered