
ខណៈដែលលោក ហ៊ុន ម៉ាណែត ត្រូវបានគេដឹងថាជាអនាគតនាយករដ្ឋមន្ត្រីកម្ពុជាបន្តពីឪពុករបស់លោកនោះ រូបថតមួយសន្លឹកដែលបង្ហាញមេបញ្ជាការកងទ័ពជើងគោករូបនេះ កាន់ទង់ជាតិវៀតណាមនៅក្នុងពិធីកងទ័ពមួយនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គម។ រូបថតនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនជឿថាជារូបថតត្រឹមត្រូវពិតប្រាកដ ហើយចែករំលែកបន្តយ៉ាងច្រើន។ ទោះជាយ៉ាងណា ការផ្ទៀងផ្ទាត់របស់យើង រកឃើញថា រូបថតនេះត្រូវបានកាត់តតែប៉ុណ្ណោះ។
SOCIAL MEDIAL CLAIM
រូបថតមួយសន្លឹកដែលបង្ហាញលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបញ្ជាការកងទ័ពជើងគោកកម្ពុជា កាន់ទង់ជាតិវៀតណាមនៅក្នុងពិធីមួយរបស់កងទ័ពនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមកាលពីប៉ុន្មានឆ្នាំកន្លងមកហើយ ហើយបានលេចឡើងលើបណ្ដាញសង្គមជាថ្មីនៅកាលពីសប្ដាហ៍មុននេះ។
រូបថតមួយសន្លឹកនេះ ត្រូវបានបង្ហោះជាមួយសំណេរសរសេររៀបរាប់ក្នុងន័យថា មេបញ្ជាការកងទ័ពជើងគោកកម្ពុជារូបនេះ កាន់ទង់ជាតិវៀតណាមនៅលើទឹកដីខ្លួនឯង ដែលជាការលើកតម្កើងឥទ្ធិពលវៀតណាមនៅកម្ពុជា។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតលើបណ្ដាញសង្គមកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ ដែលមានសំណេររៀបរាប់ថា «ខ្ញុំអត់យល់ ហេតុអ្វីខ្មែរយើងអ្នកធំៗចូលចិត្តលើកតម្កើងទង់ជាតិយួននៅលើទឹកដីរបស់ខ្លួនឯងម៉្លេះ ចំណែកយួនគេមិនដែលលើកតម្កើងទង់ជាតិកម្ពុជាទឹកដីរបស់គេសោះ»។

រូបថតមួយសន្លឹកនេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកមួយទៀតកាលពី ៣ឆ្នាំមុន ជាមួយការអះអាងថា វៀតណាមបានចាប់ខ្លួនលោក ហ៊ុន ម៉ាណែត និងលោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយសារតែវៀតណាមខឹងចំពោះការរៀបចំសមយុទ្ធយោធារបស់កម្ពុជាជាមួយកងទ័ពចិន។
រូបថតដែលមានសំណេរបែបនេះ ទទួលបានការចែករំលែករហូតដល់ជាង ១៥០០ដង ខណៈដែលមានការបញ្ចេញមតិយោបល់ជាច្រើន និងប្រតិកម្មចម្រុះពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុកផងដែរ។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការអះអាងមួយនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ដែលមានសំណេររៀបរាប់ថា «ក្ដៅៗ៖ យួនខឹងកម្ពុជាធ្វើសមយុទ្ធជាមួយចិន ឥឡូវយួនចាប់ ហ៊ុន ម៉ាណែត និង ទា [ទៀ] បាញ់ បាត់ហើយ? អ៊ីចឹងបានជា ហ៊ុន សែន ប្រឹងបំពុលសង្គមរឿងកូរ៉ូណាម៉្លេះ»។

រូបថតដូចគ្នានេះ ក៏ត្រូវបានបង្ហោះលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលរូបថត និងខ្លឹមសារសំណេរទាំងស្រុងតាមរយៈតំណភ្ជាប់មាននៅទីនេះ(archived) ឬតំណភ្ជាប់មួយទៀតមាននៅទីនេះ(archived) និងតំណភ្ជាប់មួយទៀតនៅទីនេះ(archived)។
FACT CHECK
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើរូបថតមួយសន្លឹកនេះតាមរយៈការដំណើរការ Google Reverse Image Search និងពាក្យគន្លឹះមួយចំនួន ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
រូបថតដែលបង្ហាញលោក ហ៊ុន ម៉ាណែត លីទង់ជាតិធំមួយ និងធ្វើដំណើរនៅមុខកងទ័ពនោះ ត្រូវបានរកឃើញនៅក្នុងប្លក់ស្ពតមួយឈ្មោះ Royal Cambodia Army ដែលបានផ្សព្វផ្សាយរូបថតនេះ និងរូបថតជាច្រើនទៀតនៃពិធីប្រារព្ធខួប ២០ឆ្នាំនៃថ្ងៃកំណើតកងទ័ពជើងគោកកម្ពុជា។
រូបថតមួយសន្លឹកដែលបង្ហោះនៅក្នុងប្លក់ស្ពតមួយនេះ បង្ហាញឱ្យឃើញលោក ហ៊ុន ម៉ាណែត លីទង់ជាតិកម្ពុជានៅលើស្មារបស់លោក និងដើរនៅក្នុងក្បួនកងទ័ពនៃពិធីប្រារព្ធខួប ២០ឆ្នាំនៃថ្ងៃកំណើតកងទ័ពជើងគោក។

ខាងក្រោមនេះ គឺជាការប្រៀបធៀបរវាងរូបថតដែលត្រូវបានកាត់ត និងរូបថតច្បាប់ដើមដែលត្រូវបានរកឃើញនៅលើប្លក់ស្ពតមួយ។

វេបសាយរបស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា ពិធីប្រារព្ធខួប ២០ឆ្នាំនៃថ្ងៃកំណើតបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវបានរៀបចំធ្វើឡើងនៅឯទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅជាយរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩កន្លងមក។ សូមមើលអត្ថបទទាំងស្រុងនៅទីនេះ(archived)។
គេហទំព័ររបស់អង្គភាពព័ត៌មាននៃទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្ហាញរូបថតជាច្រើននៃពិធីរំលឹកខួប ២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងនោះមានរូបថតមួយសន្លឹកដែលបង្ហាញទិដ្ឋភាពមួយជ្រុងទៀតនៃលោក ហ៊ុន ម៉ាណែត លីទង់ជាតិកម្ពុជានៅលើស្មា និងធ្វើដំណើរនៅមុខវេទិកាអធិបតីដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរសម្លឹងមើលទៅលើក្បួនកងទ័ព។

ខាងក្រោមនេះ គឺជាវីដេអូនៃពិធីប្រារព្ធខួប ២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលត្រូវបានផ្សព្វផ្សាយដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅលើបណ្ដាញ YouTube។
CONCLUSION
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ មិនត្រឹមត្រូវនោះឡើយ។ រូបថតនោះ ត្រូវបានកាត់តឱ្យខុសពីរូបថតដើម មុននឹងត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម។ រូបថតច្បាប់ដើម បង្ហាញឱ្យឃើញលោក ហ៊ុន ម៉ាណែត លីទង់ជាតិកម្ពុជានៅលើស្មា និងធ្វើដំណើរក្នុងពិធីប្រារព្ធខួប ២០ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកកាលពីដើមឆ្នាំ២០១៩កន្លងមក។

Title:រូបថតលោក ហ៊ុន ម៉ាណែត កាន់ទង់ជាតិវៀតណាម គឺជារូបថតកាត់តតែប៉ុណ្ណោះ
Written By: Jay UdomResult: Altered