រូបថតទីក្រុង Venice ត្រូវបានកាត់តឱ្យមានរូបរាងជាបេះដូង
រូបថតមួយសន្លឹកដែលបង្ហាញពីទិដ្ឋភាពទីក្រុងមួយថតពីលើផ្ទៃអាកាសមានសណ្ឋានជាបេះដូង ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមកាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះជាមួយសំណេររៀបរាប់ថា វាជាទីក្រុង Venice របស់អ៊ីតាលី។ រូបថតមួយសន្លឹកនេះទទួលបានការចែករំលែកយ៉ាងច្រើននៅលើបណ្ដាញសង្គម ហើយក៏បានធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជឿថា ជាការពិតផងដែរ។ ទោះជាយ៉ាងណា តាមរយៈ Google Reverse Image Search យើងរកឃើញថា វាជារូបថតកាត់តតែប៉ុណ្ណោះ។
ការអះអាងលើបណ្ដាញសង្គម
រូបថតមួយសន្លឹកដែលបង្ហាញសំណង់លំនៅឋានព័ទ្ធទៅដោយទឹកមានរូបរាងដូចបេះដូងនោះ ត្រូវបានគេបង្ហោះលើបណ្ដាញសង្គមជាមួយសំណេររៀបរាប់ថា វាគឺជាទីក្រុង Venice ដែលជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញនៅក្នុងប្រទេសអ៊ីតាលី។
រូបថតមួយសន្លឹកនេះ ទទួលបានការចែករំលែកបន្តដល់ទៅជិត ៣ពាន់ដង និងមានការបញ្ចេញមតិយោបល់យ៉ាងច្រើន ដែលបង្ហាញឱុ្យឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនយល់ថាជាទិដ្ឋភាពពិតប្រាកដនៃទីក្រុង Venice។
ខាងក្រោមនេះ គឺជារូបភាពផ្ដាមចេញពីការបង្ហោះរូបថតដោយទំព័រហ្វេសប៊ុក Italia - Italy ដែលសរសេររៀបរាប់ក្នុងន័យថា Venice ត្រូវបានគេស្គាល់ថាជាទីក្រុងប្រកបដោយផ្លូវទឹកជាច្រើន ប៉ុន្តែ ក៏ល្បីល្បាញដោយសារស្ពានស្រស់ស្អាត ការជិះទូកលេងកម្សាន្ត និងពិធីបុណ្យកានីវ៉ាល់នៅតាមដងផ្លូវ។
រូបថតដដែលនេះ ក៏ត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមដោយអ្នកប្រើប្រាស់បណ្ដាញសង្គមដទៃទៀតផងដែរ។ សូមមើលនៅទីនេះ (archived) ឬនៅទីនេះ (archived)។
ការត្រួតពិនិត្យការពិត
Fact Crescendo Cambodia បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ទៅលើការអះអាងខាងលើនេះតាមរយៈការដំណើរការ Google Reverse Image Search ដែលនាំឱ្យយើងរកឃើញការពិតដូចខាងក្រោមនេះ។
យើងបានរកឃើញរូបថតជាច្រើនដែលបង្ហាញទិដ្ឋាភាពពីលំហអាកាសនៃទីក្រុង Venice ហើយត្រូវបានបង្ហោះនៅលើបណ្ដាញអ៊ីនធើណិត។
រូបថតមួយសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គមដោយទំព័រហ្វេសប៊ុកឈ្មោះ World កាលពី ២ឆ្នាំកន្លងមក បានបង្ហាញទិដ្ឋភាពទីក្រុង Venice ពុំមានទម្រង់ជាបេះដូងដូចការបង្ហោះខាងលើនោះឡើយ។
នៅក្នុងគេហទំព័រ Alamy ដែលជាគេហទំព័រសោទស្សន៍ដ៏ធំមួយ យើងក៏បានរកឃើញរូបថតពីលើអាកាសនៃទីក្រុង Venice ផងដែរ ដែលបង្ហាញឱ្យឃើញថា ទីក្រុងមួយនេះពុំមានរូបរាងជាបេះដូងដូចក្នុងរូបថតដែលត្រូវបានរៀបរាប់ខាងលើនោះទេ។
សូមមើលការប្រៀបធៀបរវាងរូបថតកាត់ត និងរូបថតនៃទិដ្ឋភាពពីលើលំហអាកាសជាក់ស្ដែងនៃទីក្រុង Venice ដែលយើងបានរកឃើញនៅក្នុងវេបសាយធំៗមួយចំនួន។
ករណីដូចគ្នាខាងលើ ក៏ត្រូវបានត្រួតពិនិត្យការពិត និងផ្ទៀងផ្ទាត់ដោយគេហទំព័រ Factly ផងដែរកាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២កន្លងទៅ ដោយបានបង្ហាញថា ទិដ្ឋភាពទីក្រុង Venice ដែលមានរូបរាងទម្រង់ជាបេះដូង គឺជារូបថតកាត់ត មិនដូចការអះអាងរបស់អ្នកប្រើប្រាស់នោះទេ។ សូមអានព័ត៌មានលម្អិតនៅទីនេះ។
សន្និដ្ឋាន
Fact Crescendo Cambodia រកឃើញថា រូបថតដូចដែលត្រូវបានរៀបរាប់ខាងលើនេះ គឺត្រូវបានកាត់តមុននឹងបង្ហោះនៅលើបណ្ដាញសង្គម។ ទិដ្ឋភាពជាក់ស្ដែងនៃទីក្រុង Venice មិនមានទម្រង់ និងសណ្ឋានលក្ខណៈដូចទៅនឹងបេះដូងនោះឡើយ។
Title: រូបថតទីក្រុង Venice ត្រូវបានកាត់តឱ្យមានរូបរាងជាបេះដូង
Written By: Kakada SimResult: Altered