រូបភាព​ស​ខ្មៅ​ជិត​២០​សន្លឹក​ដែល​បង្ហាញ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​ត្រី​ធំ​ចម្លែកៗ ត្រូវ​បាន​គេ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​យ៉ាង​ព្រោត​ព្រាត​ជាមួយ​ការ​អះអាង​ថា ត្រី​ចម្លែកៗ​ទាំង​នោះ គឺ​ជា​សត្វរស់នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៥០​ឆ្នាំ​មុន។ ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​ដល់​ទៅ​រាប់​ពាន់​ដង​កាល​ពី​ខែ​មុន។ ទោះជាយ៉ាងណា ការ​ផ្ទៀង​ផ្ទាត់​របស់​យើង រក​ឃើញ​ថា ការ​អះអាង​នេះ​មិន​ត្រឹម​ត្រូវ​នោះ​ឡើយ។

ការ​អះ​អាង​លើ​បណ្ដាញ​សង្គម

រូបថត ១៩​សន្លឹក​ដែល​បង្ហាញ​ត្រី​ធំ​ចម្លែកៗ​ដែល​ត្រូវ​មនុស្ស​មួយ​ក្រុម​ចាប់​បាន​នោះ ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ដោយ​មាន​ការ​អះ​អាង​ថា ត្រី​ទាំង​នោះ គឺ​ជា​ប្រភេទ​សត្វ​ទឹក​ចម្លែកៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី ១៤០​ឆ្នាំ​មុន ហើយ​វា​បាន​ផុត​ពូជ​អស់​ទៅ​ហើយ។

រូបថត​ជាមួយ​នឹង​ការ​អះអាង​បែប​នេះ ត្រូវ​បាន​ចែក​រំលែក​បន្ត​រហូត​ដល់​ទៅ​ជាង ១​ម៉ឺន​ដង​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​និយាយ​ភាសា​ខ្មែរ ហើយ​ក៏​មាន​ការ​បញ្ចេញ​មតិ​ចោទ​សួរ​ពី​ភាព​ត្រឹម​ត្រូវ​នៃ​ការ​អះ​អាង​ និង​រូបថត​នេះ​ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មេសា ដែល​រៀបរាប់​ថា «កាល ១៤០​ឆ្នាំ​មុន មាន​សត្វ​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​យើង តែ​បច្ចុប្បន្ន​នេះ​បាន​ផុត​ពូជ​ហើយ។ តើ​កាល​ជំនាន់​ដើម​មាន​អ្វី​ខ្លះ​កើត​ឡើង?»។

Facebook Post | Archived Link

រូបភាព​ជាមួយ​ការ​អះអាង​បែប​នេះ ក៏​ត្រូវ​បាន​ផ្សព្វផ្សាយ​ព្រោង​ព្រាត​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ផ្សេង​ទៀត។ សូម​មើល​ខ្លឹមសារ​ទាំង​ស្រុង​តាម​រយៈ​តំណ​ភ្ជាប់​នៅ​ទីនេះ (archived), (archived), (archived)។

រូបភាព​ទាំង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ជាមួយ​សំណេរ​រៀបរាប់​ជា​ភាសា​អង់គ្លេស​ផង​ដែរ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ការ​អះ​អាង​ជា​ភាសា​ខ្មែរ​ខាង​លើ​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ចេញ​ពី​ការ​អះ​អាង​ជា​ភាសា​អង់គ្លេសថា «Crocodile tooth fish were found 150 years ago along the Mekong River, but they are all extinct. The Mekong River is in East Asia and is the world’s twelfth longest river over 3000 miles»។

Facebook Post | Archived Link

ខាង​ក្រោម​នេះ គឺ​ជាការ​បង្ហោះ​រូបភាព និង​ការ​អះអាង​ជា​ភាសា​ឡាវ ដែល​រៀបរាប់​ថា គេ​កម្រ​ឃើញ​រូបថត​នេះ​ណាស់ ប៉ុន្តែ យើង​មាន​សំណាង​បាន​រក​ឃើញ​រូបថត​ទាំង​នេះ។

Facebook Post | Archived Link

រូបភាព​ត្រី​ធំ​ៗ​ចម្លែក​ទាំង​នេះ ក៏​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម Twitter ផង​ដែរ​កាល​ពី​ខែ​មេសា​កន្លង​មក​នេះ ជាមួយ​ការ​អះ​អាង​ដូច​គ្នា។ អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ ក៏​បាន​ចោទ​សួរ​អំពី​ភាព​ត្រឹម​ត្រូវ​នៃ​រូបភាព​នេះ​ផង​ដែរ។

Twitter Tweet | Archived Link

ការ​ត្រួត​ពិនិត្យ​ការ​ពិត

Fact Crescendo Cambodia បាន​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ទៅ​លើ​រូបភាព​ទាំង​នេះ​តាម​រយៈ​ការ​ដំណើរការ Google Reverse Image Search ដែល​នាំ​ឱ្យ​យើង​រក​ឃើញ​ការ​ពិត​ដូច​ខាង​ក្រោម​នេះ។

រូបភាព​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​បង្ហោះ​នៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម Midjourney Official ដោយ​អ្នកប្រើប្រាស់​ហ្វេសប៊ុក​ឈ្មោះ ธตรัฐ ไตรณรงค์ កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​មេសា ឆ្នាំ​២០២៣។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​ផ្ដាម​ពី​សំណេរ​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​រូប​នេះ បាន​រៀបរាប់​ជា​ភាសា​អង់គ្លេស​ថា «Cause of Extinction, Mekong River between the border of Thailand and Laos …»។

Facebook Post | Archived Link

Fact Crescendo Cambodia មិន​អាច​បញ្ជាក់​បាន​ថា គ្រុប Midjourney Official គឺ​ជា​ក្រុម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រុមហ៊ុន Midjourney ផ្លូវការ​ឬ​យ៉ាង​ណា​នោះ​ឡើយ។

Fact Crescendo Cambodia ក៏​បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក ธตรัฐ ไตรณรงค์ ផង​ដែរ ដើម្បី​បញ្ជាក់​ថា រូបភាព​ទាំង​នេះ គឺ​ជា​រូបភាព​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ​ឬ​ក៏​យ៉ាង​ណា ប៉ុន្តែ មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។

ទោះជាយ៉ាងណា យើង​បាន​រក​ឃើញ​រូបភាព​ជាច្រើន​ដែល​កែច្នៃ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត (AI) ត្រូវ​បាន​បង្ហោះ និង​ចែក​រំលែក​នៅ​ក្នុង​គ្រុប Midjourney Official មួយ​នេះ ក្នុង​នោះ​មាន​ទាំង​រូបភាព​មេដឹកនាំ​មហា​អំណាច​ពិភព​លោក តារា​សម្ដែង​អន្តរជាតិ​ល្បីៗ និង​រូបភាព​ប្លែកៗ​ជាច្រើន​ទៀត។

ខាង​ក្រោម​នេះ គឺ​ជា​រូបភាព​កែច្នៃ​ដោយ​បច្ចេកវិទ្យា​បញ្ញា​សិប្ប​និម្មិត (AI) ដែល​បង្ហាញ​ព្រះ​មហាក្សត្រីយានី​អង់គ្លេស Elizabeth ទីពីរ លេង​ឧបករណ៍​តន្ត្រី ហើយ​ត្រូវ​បាន​ចែក​រំលែក​នៅ​ក្នុង​គ្រុប​បណ្ដាញ​សង្គម Midjourney Official កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២៣។

Facebook Post | Archived Link

សន្និដ្ឋាន

Fact Crescendo Cambodia រក​ឃើញ​ថា ការ​អះអាង​ទៅ​លើ​រូបភាព​ដូច​ដែល​ត្រូវ​បាន​រៀបរាប់​ខាង​លើ​នេះ មិន​ត្រឹម​ត្រូវនោះ​ឡើយ។ រូបភាព​ត្រី​ធំ​ចម្លែកៗ​ទាំង​នេះ មិន​មែន​ជា​ត្រី​ធំៗ​នៅ​តាម​ដង​ទន្លេ​មេគង្គ​កាល​ពី​ ១៥០​ឆ្នាំ​មុន​នោះ​ឡើយ។ រូបភាព​ត្រី​ចម្លែកៗ​ទាំង​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត (AI)​តែ​ប៉ុណ្ណោះ។

Avatar

Title:រូបភាព​ត្រី​ចម្លែក​​នៅ​ទន្លេ​មេគង្គ​ពី​អតីត​កាល​​​គ្រាន់​តែ​ជា​រូបភាព​​បង្កើត​ឡើង​ដោយ AI ​ប៉ុណ្ណោះ

Fact Check By: Jay Udom

Result: Misleading